ភ្នំពេញ៖ អ្នកនាង មាស សុខសោភា ឬមានឈ្មោះហៅក្រៅថា «ស្រីអូន» និងមានដើមកំណើតចេញពីខេត្តកំពង់ស្ពឺ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាព និងកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់យុវវ័យ។ បច្ចុប្បន្នតារាស្រីរូបស្អាតម្នាក់នេះ កំពុងជ្រកកោនសាងភាពថ្កុំថ្កើនទៅថ្ងៃអនាគតឱ្យខ្លួនឯង និងក្រុមគ្រួសារ នៅក្រោមដំបូលរបស់ផលិតកម្មថោន ថែមទាំងមានបងប្រុសម្នាក់ឈ្មោះ មាស សុខរតនៈ ជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្មថោនទៀតផង ក្រោយពីនាងបានប្តូរផលិតកម្មច្រៀងជាច្រើនកន្លែងផ្សេងៗគ្នា។

រយៈពេលកន្លងមកជាច្រើនឆ្នាំ ដោយបានឆ្លងកាត់ឧបសគ្គនៅក្នុងជីវិតយ៉ាងច្រើនរាប់មិនអស់ បានធ្វើឱ្យអ្នកនាង មាស សុខសោភា អាចកែប្រែខ្លួនពីក្មេងស្រីជនបទ មានរូបសម្ផស្សមិនស្អាតម្នាក់ ទៅជាតារាស្រីម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បាញល្បី គឺជាកំពូល Super Star ដ៏អស្ចារ្យនៅក្នុងប្រទេស និងទទួលបានប្រាក់តម្លៃខ្លួនរាប់ពាន់ដុល្លារក្នុងមួយកម្មវិធីៗ។​ ទាំងនេះសុទ្ធតែបានមកពី ការខិតខំប្រឹងប្រែងរបស់ខ្លួន ពីមនុស្សស្រីសាមញ្ញៗ ម្នាក់រហូតក្លាយជាកំពូលតារាដែលស្ថិតនៅក្នុងដួងចិត្តទស្សនិកជនមិនតិចនាក់នោះទេ។

ថ្មីនេះ ក៏មានផេកហ្វេសប៊ុកដ៏ល្បីមួយនៅក្នុងប្រទេសដែលមានឈ្មោះថា Troll & Support Pop Singer ដោយរួមមានអ្នកគាំទ្រប្រមាណជាជាង២ម៉ឺននាក់នៅទូទាំងប្រទេស បានសរសេរឲ្យដឹងថា៖ «ពីក្មេងស្រីកំព្រាជនបទដែលមានរូបសម្រស់មិនស្អាតម្នាក់ ពីក្មេងស្រីដែលប្រលងចម្រៀងជោគជ័យ ខាងសម្លេងតែដោយសាររូបសម្រស់មិនអំណោយផល ក៏គេមិនអាចទទួលយកនោះនិងរឿងរ៉ាវលំបាករាប់មិនអស់របស់គាត់មុនចូលសិល្បៈផ្សេងៗទៀត ហើយវាក៏បានធ្វើឲ្យគាត់ស៊ូជំនះពុះពារគ្រប់បែបយ៉ាងរហូតល្បីឈ្មោះពាសពេញប្រទេស និងក្លាយជាidolរបស់អ្នកគ្រប់ៗគ្នាផងដែរ ស្រឡាញ់គាត់អត់ចាស់?»។

ជាការពិតណាស់ តាមប្រវត្តិដែលយើងអាចដឹងកន្លងមកនេះ អ្នកនាង មាស សុខសោភា គឺជាកូនកំព្រាឪពុក រស់នៅជាមួយម្តាយ បងប្រុស និងប្អូនប្រុសរបស់ខ្លួន។ ក្នុងឆ្នាំ២០០០ មានការប្រឡងចម្រៀង នៅស្ថានីយទូរទស្សន៍មួយ នាងបានចូលប្រឡង ហើយមានសម្លេងល្អ តែអន់រូបសម្រស់ខ្លាំងពេក ទើបនាងប្រឡងមិនជាប់ ព្រោះគេយកទាំងពីរ។ ក្រោយមកទៀត ដោយសារការខិតខំប្រឹងប្រែងរបស់នាងដោយប្រើទេពកោសល្យ មកពីធម្មជាតិអំណោយផលផង នាងក៏បានវិវត្តន៍ខ្លួនក្លាយជាកំពូលតារាចម្រៀងស្រីមួយដួងដ៏អស្ចារ្យ និងរឹតតែទទួលបានការគាំទ្រលើសលប់ បន្ទាប់ពីប្រកាសថា នាងនឹងឈប់បកស្រាយចម្រៀងដែលចម្លងមកពីបរទេស ហើយសន្យាថានឹងច្រៀងបទ Original Song វិញ។

ពិតជាគួរឱ្យសរសើរណាស់ សមដូចជាមួយនឹងពាក្យចាស់ថា ធ្វើមនុស្សកុំឱ្យមើលងាយមនុស្ស ថ្ងៃមុន និងថ្ងៃនេះយើងសុទ្ធតែអាចផ្លាស់ប្តូរជីវិតខ្លួនឯងបាន ព្រោះរូបសម្បត្តិអាចកែខៃតាមក្រោយបាន ប៉ុន្តែសមត្ថភាពគ្មាននរណាអាចមកដណ្តើមពីយើងបានទេ។ មានការខំប្រឹងប្រែង ទើបទទួលបាននូវជោគជ័យពិតប្រាកដ។ ធ្វើជាមនុស្សរបស់មហាជនពិតជាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែនៅតែមានមនុស្សអាចធ្វើបាន ហើយអាចឈានទៅរកចំណុចដែលខ្លួនចង់បាន ជាក់ស្តែងដូចជា មាស សុខសោភា ជាគំរូនាងតស៊ូជំនះពុះពារគ្រប់បែបយ៉ាង រហូតល្បីឈ្មោះពាសពេញប្រទេស និងក្លាយជាidolរបស់អ្នកគ្រប់ៗគ្នាផងដែរ៕

ចុះប្រិយមិត្តស្រឡាញ់អ្នកនាង មាស សុខសោភា ដែរឬទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា