ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងអំពើហិង្សាដ៏ធ្ងន់ធ្ងរ ដែលតារាសម្តែងស្រីស៊ិចស៊ី ពេជ្រ អាវីហ្សា ត្រូវអតីតសង្សារ ជាប្អូនថ្លៃឩកញ៉ា ទ្រី ភាព លោក គៀង ហេង វាយយ៉ាងចាស់ដៃរួចមក បានធ្វើឲ្យ តារាសម្តែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍អាណិតអាសូរជាពន់ពេក ហើយថែមទាំង ជួយឈឺឆ្អាល បញ្ហារបស់កញ្ញា ពេជ្រ អាវីហ្សា លើសតារាផ្សេងទៀត។

ចាប់តាំងពី ថ្ងៃបុណ្យអុំទូក រហូតដល់ពេលនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយ រូបថត និងសារជាច្រើន ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលកញ្ញា ពេជ្រ អាវីហ្សា បានឆ្លើយឆ្លងជាមួយនាង ជាមួយនឹងភាពឈឺចាប់យ៉ាងក្រៃលែង។

ប៉ុន្តែរូបថតខ្ទេចមុខខ្ទេចមាត់ របស់កញ្ញា ពេជ្រ អាវីហ្សា មិនត្រូវបានមហាជន មានការអាណិតអាសូរទាំងអស់គ្នានោះទេ ដែលមានអ្នកខ្លះ បានប្រើសម្តីវាយប្រហារធ្ងន់ៗ និងថែមទាំងនិយាយថា មកពីកញ្ញា ពេជ្រ អាវីហ្សា ចង់បានគូស្នេហ៍អ្នកមានទ្រព្យពេក ទើបត្រូវឈឺសាច់បែបនេះ។ 

ដោយការទើសចិត្ត នឹងពាក្យសម្តីរបស់មនុស្សមួយចំនួន ដែលរិះគន់ ទៅលើ កញ្ញា ពេជ្រ អាវីហ្សាពេក  អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសរសេរសារមួយ កាលពី យប់មិញ ដែលមានអត្ថន័យថា "hmm ដូចស្មុគស្មាញណាស់ អ្វីៗស្ថិតលើការសន្និដ្ឋានតាមខ្យល់ តែសាម៉ីខ្លួន បៀមទុក្ខរហូតជិតឆ្កួតខ្លួនឯង ព្រោះតែភាពអាម៉ាស់ សូមកុំវិនិច្ឆ័យអាក្រក់លើមនុស្សតូចទាបអី គ្នារងគ្រោះច្រើនហើយ ពេលខ្លះគ្នាសុំតែសេរីភាពវិញទេ។ កើតមកជាស្ត្រីអ្នកសិល្បៈ ពិបាកសព្វបែបយ៉ាង ពិបាកចិត្តមិនហ៊ានបរិយាយ ខ្លាចព័ត៌មានចេញផ្សាយ ជាពិសេស Website ហើយអ្នកចាំវាយប្រហារតាមព័ត៌មាន គឺចងមុង ក្រាលកន្ទេល រៀបចំភួយ ខ្នើយ ដេកចាំតែរិះគន់ដោយគ្មានវិចារណញ្ញាណ បើគ្នាមានបញ្ហាបែកបាក់ជីវិតផ្ទាល់ខ្លួនសោះ ក៏មហាជនដាក់ទោសដោយដកការងារមិនឲ្យគ្នាធ្វើ បើចូលរួមកម្មវិធីធំៗ ត្រូវបានគេសម្លក់សម្លឹងមើលលើមើលក្រោម ពេបជ្រាយហាក់ដូចគេមិនដល់ខ្លួន ឬខ្លាចគេយកប្តីខ្លួន ចុះគេមិនខ្លាចប្តីខ្លួនមកយកគេទេឬ ? យកប្តីអ្នកក្រគ្រួសារតិះដៀល យកប្តីអ្នកមានមហាជនវាយប្រហារ គិតទៅ គ្នាចាំតែខុស សំខាន់ ក្រឬមានក៏អំពើហិង្សាស្ថិតក្នុងខ្លួនមនុស្សគ្រប់ឋានៈ"

យ៉ាងណាមិញ ទោះបី កញ្ញា ពេជ្រ អាវីហ្សា ត្រូវអតីតសង្សារ លោក គៀង ហេង បានវាយឡើងសុះសាច់ក៏ដោយ ក៏រូបនាង មិនបានដាក់ពាក្យបណ្តឹង ទៅលើរូបលោកដែរ  ដោយអះអាងថា ពេលនេះ រូបនាង មានរបួសធ្ងន់ធ្ងរ ហើយណាមួយ ក្រុមគ្រួសាររបស់នាង ក្រីក្រ ទោះជាប្តឹង ក៏មិនអាចឈ្នះគេដែរ នេះបើតាមប្រភពព័ត៌មានក្នុងស្រុកមួយបានបញ្ជាក់៕ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]