ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា នេះ ​តារាចម្រៀង​សន វិ​ជ្ជ​បុត្រ ​បាន​ផ្ទុះ​ជម្លោះ​ពី​សំណាក់​អ្នក​ភូមិ​នៅ​ខេត្តព្រៃវែង​ ព្រោះ​អ្នក​នៅ​តំបន់​នោះ​មិន​ឱ្យ​​យក​​សាកសព​លោក​យាយ​បង្កើត​ទៅ​បញ្ចុះ​តាម​គម្រោង​ ។

លោក​វិ​ជ្ជ​បុត្រ ​បាន​ប្រាប់​ឱ្យ​​ដឹង​​ថា ​សព​លោកយាយ​របស់​លោក​ឈ្មោះ​ឡុ​ង សាត ព្រះជន្ម​​៨៦​ឆ្នាំ​ បាន​ទទួលមរ​ណភាព​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ​​ដោយ​រោគា​ ។​ មុន​នឹង​​ចែក​ឋាន​ លោកយាយ​បាន​ផ្តាំ​ឱ្យ​​កូនចៅ​បូជា​សព​របស់​​យាយ ​និង​សុំ​បញ្ចុះ​ក្នុង​វត្ត​ថ្មី ដែល​​ស្ថិត​ក្នុង​ភូមិ​ជ្រួល​ថ្មី ឃុំ​វិ​រៈ​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ ​​នៅ​ជិត​ផ្ទះ​​ដើម្បី​បញ្ចុះ​ ។​

យ៉ាងណា​ក៏​ដោយ នៅ​ពេល​គ្រួសារ​សព​ទទួល​បានការ​អនុញ្ញាត​ពី​គណៈ​ក​ម្មា​ការ​វត្ត​ និង​ពី​គណៈ​ស្រុក​ឱ្យ​​ប្រគល់​ដី​មួយ​កន្លែង​នៅ​ក្នុង​វត្ត​ឲ្យ​បញ្ចុះ​សព ត្រូវបាន​ផ្ទះ​​ការ​តវ៉ា​ពី​សំណាក់​អ្នក​ភូមិ​តែ​ម្តង ចាប់​​តាំងពី​ព្រឹក​​ព្រលឹម​ថ្ងៃ​ទី​១២ វិច្ឆិកា នេះ ​។

​លោក​បន្ត​ទៀត​​ថា​អ្នក​ភូមិ​បាន​ប្រកាន់​ជំហរ​មិន​ឲ្យ​បញ្ចុះសព​នៅ​ត្រង់​កន្លែង​ ដែល​បាន​សុំ​នោះ​ទេ​ ដោយ​លើក​ហេតុផល​ថា​ ទីធ្លា​វត្ត​មាន​សភាព​តូច​ចង្អៀត​ និង​មិន​អាច​ឲ្យ​គ្រួសារ​សព​ណាមួយ​សុំ​ដី​វត្ត​ ធ្វើ​ជា​កន្លែង​បញ្ចុះ​បាន​ឡើយ​ ។​ នេះ​ជា​រឿង​​មិន​គួរ​ឱ្យ​​កើត ​ដោយសារ​តែ​នៅ​ក្នុង​វត្ត មាន​គេ​សុំ​ដី​ធ្វើ​ចេ​តី​យជា​ច្រើន​រួច​មក​ហើយ​ ។

លោក​សៅ​ ហឿ​ន ​មេ​ភូមិ​ជ្រួល​ថ្មី​ បាន​ឱ្យដឹង​ដែរ​ថា ​ហេតុផល​ដែល​ប្រជាជន​​មិន​យល់ព្រម ​គឺ​ដោយសារ​តែ​មក​ពី​គ្រួសារ​តារា​ចម្រៀង​សន វិ​ជ្ជ​បុត្រ ​(​គ្រួសារ​សព​)​ ប្រកាន់​ជំហរ​យក​សព​បញ្ចុះ​ធ្វើ​ជា​ម៉ុង​ ហើយ​ទីធ្លា​វត្ត​ មិន​ធ្លាប់​មាន​ម៉ុង​ដែល​អាច​ធ្វើ​ឱ្យ​​ខូច​សោភ័ណ​​ភាព​​វត្ត ​។

​លោក​បញ្ជាក់​បន្ត​ថា បើ​គាត់​សុំ​ធ្វើ​ជា​ចេ​តី​យ​ គឺ​គ្មាន​បញ្ហា​នោះ​ទេ​ តែ​គាត់​បែរជា​មក​ចង់​បញ្ចុះ​​ធ្វើ​ជា​ម៉ុង ​ទើប​យើង​សម្រេច​ថា​ ឱ្យ​​គាត់​ទៅ​រក​កន្លែង​ផ្សេង ​ព្រោះ​យើង​អត់​ចង់​ឃើញ​ម៉ុង ​មាន​សណ្ឋាន​បែប​ចិន​-វៀតណាម​ នៅ​តំបន់​វត្ត​នេះ​ទេ ​។ ​បើ​ទីធ្លា​វត្តមាន​គ្រួសារ​មួយ​ណា ​សុំ​ធ្វើ​ម៉ុង​បាន​នោះ ​អ្នក​ស្លាប់​ផ្សេង​ៗ​ទៀត​ ក៏​គេ​មាន​សិ​ទ្ធិ​ធ្វើ​តាម​ដែរ​ ហើយ​នោះ​វា​នឹង​ប្រែជា​ម៉ុង​ចិន-​វៀតណាម​បាត់​ទៅ​ហើយ​ ឯ​វត្ត​ខ្មែរ ​គឺ​បាត់ឈ្មោះ​ ។

​ម្ល៉ោះហើយ​ ទើប​ផ្ទុះ​ការ​តវ៉ា​ហើយ​សម្រេច​ថា ​ទីធ្លា​ក្នុង​វត្ត​នោះ ​គឺ​មិនឱ្យ​​គ្រួសារ​ណា​ទាំងអស់​ធ្វើ​ម៉ុង ​ដើម្បី​កុំ​ឱ្យ​​ចង្អៀត​វត្ត ​។ ​លោក​ថា​ មុន​នេះ​បន្តិច​ ភាព​តវ៉ា​ត្រូវ​បាន​បិទ​បញ្ចប់​ពី​គ្រួសារ​សព​បាន​សម្រេចចិត្ត​ស្វែងរក​ទីធ្លា​វត្ត​ផ្សេង​ ដើម្បី​បញ្ចុះសព​លោកយាយ​ឡុ​ង សាត ​។

គួរ​រំលឹក​ដែរ​ថា​ លោក​សន វិ​ជ្ជ​បុត្រ ​ក្រៅពី​ជា​តារាចំរៀង ​លោក​តែងតែ​លេចធ្លោ​ជាមួយ​សកម្មភាព​មនុស្សធម៌​ ដែល​រមែងតែងតែ​ខិត​រក​ជំនួយ​គ្រប់​ទិស​ទី​ជាមួយ​ដល់​ជន​ក្រីក្រ​សាងសង់​សាលារៀន​ជាដើម​ ទើប​រូប​លោក​ត្រូវ​បាន​អ្នក​ក្នុង​សង្គម​សិល្បៈ​សរសើរ​ពី​ទឹកចិត្ត​ដ៏​​ជ្រះ​ថ្លានេះ​ ។ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សន វិ​ជ្ជ​បុត្រ​