ភ្នំពេញ៖ កាលពីរាត្រីម្សិលមិញនេះ ទំព័រផ្លូវការរបស់ផលិតកម្មមាតុចក្រហ្វីលម៍ បានបញ្ចេញបទចម្រៀងថ្មីមួយបទ ដែលគ្រាន់តែស្តាប់ក៏ធ្វើឲ្យព្រឺរន្ធត់ ស្រៀវឆ្អឹងខ្នងខ្ញាកៗ ចម្លែកខុសពីបទនានាកន្លងមក។ មិនតែប៉ុណ្ណោះ អ្នកខ្លះថែមទាំងបាន Share និងសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា គេគេងមិនលក់អស់ពេញមួយយប់ ដោយសារតែស្តាប់បទចម្រៀង ដែលមានន័យអន្ទងវិញ្ញាណមួយនេះ។

ការពិតទៅបទចម្រៀងនេះមានចំណងជើងថា «វិកលចរិត» ដែលជាបទចម្រៀងនៅក្នុងខ្សែភាពយន្តភ័យរន្ធត់របស់ខ្មែររឿង «វិកលចរិត» និយាយពីមនុស្សវិកលចរិតម្នាក់ ដែលបានក្លាយជាឃាតកររោគចិត្ត ដោយសារតែរឿងរ៉ាវនៅក្នុងអតីតកាលដ៏សែនជូរចត់ ហើយគេតែងតែសម្លាប់គ្រប់គ្នាដែលហៅគេថា អាឆ្កួត ឬអាវិកលចរិត!

ម្ចាស់បទ "Baby I'm Sorry” លោក Jimmy Kiss បញ្ជាក់ថា លោកសែនរំភើបរីករាយដែលខ្ញុំមានឱកាសច្រៀងចម្រៀងដាក់នៅក្នុងខ្សែភាពយន្ត។ ដំបូងឡើយ នៅពេលម្ចាស់ផលិតកម្មទាក់ទងលោកឲ្យច្រៀង លោកហាក់អល់អែកបន្តិច តែនៅពេលដឹងថា បទ «វិកលចរិត» ជាបទ Original Song មិនចម្លងគេ និងមានអត្ថន័យព្រឺព្រួចចម្លែកខុសពីបទនានាកន្លងមកផងនោះ លោកក៏យល់ព្រមទទួលច្រៀងដោយរីករាយ។

លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រហ្វីលម៍ បានឲ្យដឹងថា លោកពេញចិត្តទឹកដមសំឡេង របស់លោក Jimmy Kiss ដែលអាចស្រែកបានខ្ពស់ និងពូកែថ្ងួចថ្ងូរត្រូវនឹងចង្វាក់សាច់រឿង និងបទភ្លេង។ លោកបន្ថែមថា បទចម្រៀងមួយបទរបស់ Jimmy Kiss នេះ នឹងធ្វើឲ្យខ្សែភាពយន្តរបស់លោក កាន់តែព្រឺរន្ធត់មួយកម្រិតទៀត។

សូមបញ្ជាក់ថា បទ «វិកលចរិត» ជាបទចម្រៀងនិពន្ធថ្មីសម្រាប់បញ្ចូលនៅក្នុងខ្សែភាពយន្ត«វិកលចរិត»។ បទនេះ និពន្ធបទភ្លេងដោយ លោក យ៉ង ពៅ ដឹកនាំបទភ្លេងដោយលោក ចន ស្គីទ័រ និពន្ធទំនុកច្រៀងដោយលោក សួង ម៉ាក់ និង ច្រៀងដោយលោក សារុណ កល្យាណ ហៅ Jimmy Kiss ។

តោះ! ទៅស្តាប់ បទចម្រៀង «វិកលចរិត» ដែលល្បីថា ពីរោះ ព្រឺរន្ធត់ ស្រៀវឆ្អឹងខ្នង ទាំងអស់គ្នា!

រូបភាព លោក ហ៊ុយ យ៉ាឡេង
រូបភាព លោក Jimmy Kiss

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]