សព្វថ្ងៃនេះ មនុស្សយើង បានបង្កើតប្រភេទអាហារជាច្រើនមុខ ថ្មីៗ និងប្លែកៗជាច្រើន។ ស្របពេលជាមួយគ្នាដែរនោះ មនុស្សយើងក៏ចូលចិត្តទទួលទានអាហារទាំងនោះដែរ ដើម្បីទទួលបានអារម្មណ៍ប្លែក និងសាកល្បងរសជាតិថ្មីៗផងដែរ។

ជាក់ស្តែង “ម្ជូរ” គឺជាអាហារសម្រន់មួយបែប ដែលមានភាពពេញនិយមយ៉ាងខ្លាំងក្លា ទាំងក្មេង ទាំងចាស់ ជាពិសេសគឺ មិនថាស្រី មិនថាប្រុស នោះទេ។ ការទទួលទាន ម្ជូរសព្វថ្ងៃនេះបានសឹងតែក្លាយទៅជាទម្លាប់ របស់មនុស្សយើងទៅហើយ ជាពិសេស វាជាចំណង់ចំណូលចិត្ត ដែលមិនអាចខ្វះបាន របស់មនុស្សទៀតផង។

សព្វថ្ងៃ មិនត្រឹមតែមានជម្រើសផ្លែឈើច្រើនមុខប៉ុណ្ណោះទេ សូម្បីតែអំបិលក៏មានច្រើនបែប ច្រើនទម្រង់ណាស់ដែរ ព្រោះបើមានជម្រើសច្រើន អ្នកទិញក៏ចូលចិត្តទទួលទានដែរ។ ប៉ុន្តែ ផ្ទុយទៅវិញថ្ងៃនេះ យើងនឹងនាំលោកអ្នកមកជួបជាមួយកន្លែងលក់ម្ជូរ មួយកន្លែង ដែលមានភាពប្លែកខុសពីកន្លែងដទៃៗទៀត ទាំងរបៀបទិញ ទាំងរសជាតិផងដែរ។ មិនជឿមែនទេ? តាមដានទាំងអស់គ្នាមក! 

ជាការពិតណាស់ នៅជិតសាលាភាសាបារាំង អារីយ៉ង់ មានតូបលក់ម្ជូរមួយកន្លែងដែលមានឈ្មោះថា “ប៊ូហ្វេម្ជូរក្រឡុក” ។ នៅទីនោះ គេមានតម្រូវឲ្យអ្នកទិញជ្រើសរើសទំហំចាន រួចជ្រើសរើសប្រភេទផ្លែឈើ (ប្រភេទម្ជូរ) ដែលអ្នកចូលចិត្តដោយខ្លួនឯង ដាក់ចូលចានរួច ជាចុងក្រោយអ្នកលក់ នឹងលាយច្របល់គ្រឿង ជូនលោកអ្នក ជាការស្រេច។

ក្រុមការងារ Khmerload ក៏បានទៅជួបសំភាសន៍ជាមួយនឹង ម្ចាស់តូបលក់ម្ជូរ ដ៏ប្លែកនេះផងដែរ។ ជាពិសេស មិននឹកស្មានថា អ្នកកម្លោះមុខស្រស់ជានិស្សិតរៀនក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ផ្នែកឱសថសាស្រ្ត ឆ្នាំទី ៤ ម្នាក់នេះ គឺជាម្ចាស់ហាងលក់ម្ជូរនេះទាល់តែសោះ! ចង់ជ្រាបច្បាស់យ៉ាងណានោះ សូមប្រិយមិត្តមកជួបជាមួយនឹង លោក “ម៉េងហ៊ុយ” ដែលជាម្ចាស់អាជីវកម្មនេះទាំងអស់គ្នា។ 

ម៉េងហ៊ុយ បានរៀបរាប់ថា ៖ “ម្ជូរប៊ូហ្វេយើង បើនិយាយសម្រាប់អ្នកដែលគាត់ចង់មកទិញញ៉ាំ គឺអាចជ្រើសរើសបាន មានពី ១០ ទៅ ២០ មុខជាង។ ហើយសម្រាប់ចានគឺ មានជាចានតូច និងចានធំ។ សម្រាប់ចានតូច ៥០០០ រៀល និងចានធំ ១០០០០ រៀល។ អ្នកដែលចង់ញ៉ាំ គឺគាត់អាចចាប់មួយមុខណា ដែលគាត់ចូលចិត្ត ឬគ្រប់មុខក៏បាន ហើយចុងក្រោយគឺ យើងយកមកលាយគ្រឿងក្រឡុកជូនពួកគាត់វិញ។ ក្នុងករណីដែលគាត់ចាប់មិនពេញ ក៏ខ្ញុំមិនគិតតម្លៃពេញដែរ គឺគិតតាមបរិមាណជាក់ស្តែង។ ជាក់ស្តែង ខ្ញុំធ្លាប់បានឃើញនៅថៃ គេមានលក់បែបនេះច្រើនដែរ ហើយយើងគឺមិនទាន់សូវមានទេ។ មានដែរ ក៏ប៉ុន្តែមួយ មួយ តាមកន្លែង។ ហេតុនេះ ទើបខ្ញុំសម្រេចយកការបើកលក់នេះ ព្រោះតែវារាងប្លែកពីគេ”។

និស្សិត មានគំនិតអាជីវកម្មរូបនេះ ក៏បានបន្តថា ៖ “បើនិយាយទៅ ខ្ញុំទើបតែបើកលក់បានប្រហែលជា ២០ ថ្ងៃទេ។ តាំងពីបើកលក់មក គឺមានអ្នកទិញមកគាំទ្រច្រើនគួរសមដែរ ប៉ុន្តែដោយសារពួកគាត់មិនស្គាល់ ណាមួយទើបតែបើកថ្មី អ្នកដែលមកភាគច្រើន គាត់ក៏មកតាមគ្នា និងតាមរយៈការផុស ក្នុង Facebook ដែរ។ អ្នកដែលមកទិញ គឺមានទាំងសិស្សទាំង អ្នកធ្វើការ និងអ្នកដែលជិះកាត់តាមផ្លូវនេះ នៅពេលដែលគាត់ឃើញប្លែក គាត់ក៏ចូលមកសាកចឹងដែរ។ ហេតុនេះ អ្នកដែលមិនទាន់បានមកសាក សូមមកសាកល្បងរសជាតិ នៅម្ជូរប៊ូហ្វេទាំងអស់គ្នា! ជាពិសេស សូមអរគុណអ្នកទិញ និងដែលអ្នកគាំទ្រម្ជូរប៊ូហ្វេយើងកន្លងមកផងដែរ”។

សម្រាប់ម៉ោងបើកលក់ គឺនៅប្រហែលជាម៉ោង ៩ កន្លះ ឬម៉ោង ១០ ព្រឹក រួចបន្តដល់ម៉ោង ៨ យប់ ដែលមានដាក់លក់ជារៀងរាល់ថ្ងៃ។ រីឯទីតាំងវិញគឺ នៅទល់មុខសណ្ឋាគារ អេលីត នៅកែងផ្លូវត្រសក់ផ្អែម និងផ្លូវកែវជា (នៅជិតសាលាភាសាបារាំង អារីយ៉ង់)។ 

ទន្ទឹមនឹងនោះដែរ ក្រុមការងារ Khmerload ក៏បានសាកសួរពីចំណាប់អារម្មណ៍ របស់កម្លោះមុខស្រស់ម្នាក់ឈ្មោះ “ស៊ីថុន” ដែលកំពុងទិញម្ជូរ នៅទីនោះផងដែរថា ៖ “ខ្ញុំចូលចិត្តមកទិញម្ជូរទីនេះ ក៏ព្រោះតែទីមួយ ដោយសារតែ គ្រឿងម្ជូរគឺខ្ញុំចូលចិត្ត! ទីពីរ គឺដោយសារតែទីនេះប្លែក មានច្រើនមុខ ជ្រើសរើសបានតាមចិត្ត។ សូម្បីតែគ្រឿងក្រឡុក ក៏ឆ្ងាញ់ដែរ ព្រោះធ្លាប់ភ្លក់ ហើយក៏បានមកសាកផ្ទាល់ថ្ងៃនេះតែម្តង។ ទីបី គឺដោយសារតែជាមិត្តភក្តិនឹងគ្នាផងដែរ។ សម្រាប់តម្លៃវិញ ក៏សមរម្យដែរ ពីព្រោះឆ្ងាញ់! ជាចុងក្រោយចង់ផ្តែផ្តាំថា អ្នកញ៉ាំមិនមែនគិត ដោយសារតែវាប្លែកនោះទេ វាមិនសំខាន់ទេ សំខាន់គឺមកភ្លក់ ទើបដឹងថាវាឆ្ងាញ់កម្រិតណា!”

សរុបមក មិនត្រឹមតែមានភាពប្លែក ខុសពីតូបលក់ម្ជូរដទៃៗនោះទេ គឺថែមទាំងមានរសជាតិឆ្ងាញ់ថែមទៀត បើយោងតាមអតិថិជនរបស់ ប៊ូហ្វេម្ជូរក្រឡុកនេះ។ ជាងនេះទៅទៀត ក៏សូមសរសើរ កូនខ្មែរ ដែលមានគំនិតច្នៃប្រឌិតកែច្នៃ បានជាភាពប្លែកភ្នែក ប្លែកមាត់បែបនេះ។

ស្រក់ទឹកមាត់ហើយមែនទេ? តោះទៅសាកល្បងភ្លក់ទាំងអស់គ្នា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]