ភ្នំពេញ៖ ដូនតាខ្មែរយើងកាលពីសម័យបុព្វកាល បានបន្សល់ទុកនូវកេរ្តិ៍ដំណែលជាច្រើនសន្ធឹកសន្ធាប់រាប់មិនអស់  សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយថែរក្សាការពារ។ នៅក្នុងនោះអំបុកគឺជាអាហារមួយប្រភេទ ដែលបុព្វបុរសរបស់យើងបានកែច្នៃធ្វើឡើង  ជាពិសេសទុកសម្រាប់ថ្វាយជាដង្វាយដែលមិនអាចខ្វះបាន ជូនទៅដល់ដួងព្រះចន្ទ្រានៅលើមេឃ នារាត្រីថ្ងៃពេញបូរណ៌មី១៥កើត ក៏ដូចជាបង្ហាញថា កម្ពុជាយើងមានផលិតផលកសិកម្មយ៉ាងល្អប្រណិតមួយបែបនៅក្នុងស្រុក មិនចាញ់ប្រទេសជិតខាងឡើយ។

ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវបុណ្យអុំទូក ជនជាតិខ្មែរយើងមិនភ្លេចទេ គឺអំបុក ជាអាហារដ៏សំខាន់ សម្រាប់ចូលរួមអបអរនៅក្នុងពិធីកម្មវិធីបុណ្យនេះ ហើយមូលហេតុសំខាន់ដែលគេតែតែងដាក់អំបុកថ្វាយព្រះច័ន្ទនារាត្រីខែពេញបូរណ៌មីព្រោះ តាមជំនឿចាស់ៗពីបុរាណ ក៏ដូចជាតាមទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរ ដែលបានកត់ត្រាទុក។ ចំណែកឯពេលដែលសែនថ្វាយព្រះច័ន្ទរួច ដូនតាខ្មែរយើងក៏មានពិធីសម្រក់ទៀនផ្សងទឹកភ្លៀងផងដែរ នៅថ្ងៃអកអំបុករាត្រីព្រះច័ន្ទពេញវង្សផងដែរ។

តាមស្តាប់ការរៀបរាប់ពីលោកតា ឆឺយ ជាអ្នកភូមិម្នាក់ ដែលរស់នៅក្នុងខណ្ឌ ដង្កោរ ក្បែររាជធានីភ្នំពេញយើងនេះ និងមានមុខរបរជាអ្នកយកអំបុកពីខេត្តព្រៃវែងមកលក់បន្តផងនោះ លោកតាបានប្រាប់ឱ្យដឹងពីរបៀបនៃការធ្វើអំបុកត្រួសៗយ៉ាងដូច្នេះថា មុននឹងបានក្លាយមកជាអំបុកយកមកទទួលទាននេះ វាពិតជាមានភាពលំបាកណាស់ សម្រាប់ប្រជាកសិករខ្មែរយើង អ្នកដែលតែងតែប្រកបរបរនេះបន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់ ហើយជាធម្មតានៅក្នុងគ្រួសារនីមួយៗនៅខេត្តព្រៃវែង ឬស្វាយរៀងតែងធ្វើអំបុកជារៀងរាល់ឆ្នាំ ព្រោះថាវាបានក្លាយទៅជាអាជីពមួយប្រចាំសម្រាប់គ្រួសាររបស់ពួកគាត់ទៅហើយ។

ក្រឡេកមកមើលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកតាបានឱ្យដឹងថា ប្រជាកសិករទើបតែមានភាពធូរស្បើយបន្តិចពីការប្រកបមុខរបរនេះ ដោយសារតែឥឡូវមានប្រើម៉ាស៊ីនជាជំនួយនៅក្នុងការធ្វើអំបុកដើម្បីយកមកលក់នៅក្នុងទីផ្សារហើយ។ ជាធម្មតាកូនចៅរបស់គាត់ដែលជាអ្នកធ្វើអំបុកលក់នៅខេត្តព្រៃវែងបានប្រាប់ផងដែរថា ក្នុងមួយថ្ងៃពួកគាត់បុកអំបុកបានប្រមាណជា៧០០ទៅ៨០០កំប៉ុង ដោយត្រូវប្រើពលកម្មអ្នកផលិត៣-៤នាក់។

កាលពីដើមខ្មែរយើងធ្វើអំបុកដោយប្រើត្បាល់ និងអង្រែបុកដោយដៃផ្ទាល់ ទម្រាំតែបានអំបុកមួយកំប៉ុងៗត្រូវចំណាយពេលវេលាយូរ និងត្រូវការកម្លាំងពលកម្មមនុស្សជាច្រើននាក់។ ប៉ុន្តែតមកសម័យក្រោយៗ យើងក៏បែកគំនិតច្នៃធ្វើជាត្បាល់ជាន់វិញ ដោយមានប្រដាប់ទៅដោយឧបករណ៍ធ្វើពីឈើខ្លឹមៗតំឡើងប្រើការបានយ៉ាងល្អតាមតម្រូវការ ដើម្បីជួយសម្រាលការងារនេះឱ្យកាន់តែប្រសើរឡើង។

យើងងាកមកមើលពីរបៀបធ្វើអំបុកបន្តិច លោកតាក៏បានប្រាប់ដូច្នេះថា កាលណាយើងចាប់ធ្វើអំបុកត្រូវត្រៀមសម្ភារៈ ជាពិសេសស្រូវដែលនឹងត្រូវយកមកធ្វើឱ្យបានរួចរាល់គឺ៖

«ស្រូវដែលយកមកធ្វើជាអំបុកត្រូវហាលឱ្យបានស្ងួតល្អ ជាគ្រាប់ស្រូវស្រលូនៗល្អ ដែលភាគច្រើនគេនិយមយកស្រូវផ្ការំដួល ផ្កាម្លិះ ព្រោះស្រូវនេះជាប្រភេទស្រូវស្រាល ងាយដាំ ងាយប្រមូលផលទាន់រដូវបុណ្យអុំទូក។ ពិសេសស្រូវប្រភេទនេះវាស្អិត ទន់ និងមានក្លិនឈ្ងុយក្រអូបប្រហើរ ធ្វើអំបុកមានរសជាតិឆ្ងាញ់ពិសា។

បន្ទាប់មកគេយកស្រូវទៅលីងនៅក្នុងឆ្នាំងដី ឬខ្ទះស្អាតមួយ ដោយប្រើកម្តៅភ្លើងតិចៗល្មម។ មូលហេតុដែលនាំឱ្យភាគច្រើន គេតែងយកទៅលីងនៅក្នុងឆ្នាំងដីពីព្រោះថា កាលណាស្រូវត្រូវនឹងកម្តៅនាំឱ្យវាផ្ទុះ ដូច្នេះបើដាក់នៅក្នុងខ្ទះដែលមានជម្រៅរាក់ នឹងនាំឱ្យគ្រាប់ស្រូវផ្ទុះខ្ទាតចេញក្រៅអស់ ជួនកាលក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកលីងផងដែរ។ ប៉ុន្តែបច្ចុប្បន្នដោយសាររបស់ប្រើប្រាស់កាន់តែទំនើបទៅៗ អ្នកស្រុកបានប្តូរមកប្រើខ្ទះឆាមួយបែបថ្មីមួយទៀតវិញ ដែលរឹតតែស្រួលក្នុងការលីង មិនខ្ទាត ថែមទាំងធ្វើឱ្យគ្រាប់ស្រូវឆាប់ឆ្អិនជាងមុន។ ក្រោយមកគេចាក់ស្រូវទាំងនោះទាំងនៅក្តៅចូលទៅក្នុងត្បាល់ ឬម៉ាស៊ីន ដើម្បីបុកកំទេចវាឱ្យសំប៉ែតៗងាយជ្រុះសំបកស្រូវចេញ (ដូចរូបតំណាងខាងក្រោម)។ ចុងក្រោយគេក៏យកវាមកអុំ រែង យកកំទេចសំបកស្រូវ អង្កាមចេញ សម្រិតសម្រាំងយកតែល្អ។ ពេលនេះបើបានទទួលទានក្តៅៗទើបនឹងលើកចេញមករសជាតិរឹតតែឆ្ងាញ់ថែមទៀត»។

រូបភាពតំណាង

ហើយបើតាមទម្លាប់ ជនជាតិខ្មែរយើងតែងទទួលទានអំបុកលាយជាមួយគ្រឿងផ្សំនានា ដើម្បីបង្កើនរសជាតិ ដូចជា ទទួលទានលាយជាមួយ ចេកណាំវ៉ា ឬចេកអំបូងទុំ និងទឹកដូង ដែលជាអាហារដ៏ពេញនិយមជាងគេមិនសូវដែលខាននោះទេ។ តទៅនេះយើងទៅមើលការទទួលទានអំបុកដើម្បីឱ្យមានរសជាតិកាន់តែឆ្ងាញ់បន្តិចមើល តើមានអ្វីខ្លះទៅ?

១. អំបុកផ្សំជាមួយចេកទុំ៖ ភាគចេកណាំវ៉ាត្រូវបានអ្នកស្រុករាប់អានជាងចេកអំបូង ឬចេកផ្សេងៗទៀត។ អ្នកខ្លះចូលចិត្តប្រើចេកទុំជោរ ឬទុំល្មម ឯខ្លះទៀត ចូលចិត្តទទួលទានដោយច្របាច់ចេកនឹងអំបុកចូលគ្នាឡើងស្អិតតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

២. អំបុកលាយជាមួយទឹកដូង៖ គេច្រើនកោសយកទាំងសាច់ខ្ចី និងទឹកដូង មកលាយច្របលចូលគ្នា ថែមទាំងមានរោយស្ករសចូលតាមក្រោយបន្តិចផង ដើម្បីបង្កើនរសជាតិផ្អែមកាន់តែឆ្ងាញ់។

៣. អំបុក និងត្រីឆ្លូញ៖ រាប់ចាត់ទុកថា បើបានត្រីឆ្លូញមកទទួលទានជាមួយអំបុកកាន់តែវិសេសវិសាលណាស់សម្រាប់អ្នករស់នៅតាមស្រែចម្ការជនបទ ព្រោះវាមានរសជាតិឆ្ងាញ់ពិសា ប្លែកមាត់ ជាងការទទួលទានជាមួយចេក ឬទឹកដូង។

៤. អំបុកលាយជាមួយទឹកដោះគោ៖ អាចជាគ្រឿងផ្សំដែលកម្រមានអ្នកទទួលទានបន្តិច ប៉ុន្តែអាចនិយាយបានថា រសជាតិរបស់វាមិនអន់ប៉ុន្មានទេ គឺពេលដែលដាក់ទំពារចូលក្នុងមាត់មានរសជាតិផ្អែម និងមានជាតិទឹកដោះគោពេញៗមាត់។ សាកល្បងទៅមើលអ្នកអាចនឹងចាប់ចិត្តជាមួយរសជាតិថ្មីនេះក៏អាចថាបានដែរ។

៥. អំបុកលីងជាមួយសាច់ជ្រូកចិញ្រ្ចាំ៖ នេះគឺការកែច្នៃបែបថ្មីមួយទៀត របស់អ្នកដែលនិយមចូលចិត្តអាហារបែបមានការច្នៃប្រឌិត។ ជាដំបូងយើងយកអំបុកយកមកលីងមិនបាច់ដាក់គ្រឿងទេ គ្រាន់តែលីងវាឲ្យស្រួយឈ្ងុយបានហើយ បន្ទាប់មកដួសវាចេញដាក់ចានផ្សេង។ ក្រោយមកយើងឆាសាច់ជ្រូកម្តងដាក់គ្រឿងធម្មតា ក្រោយពីឆារួច ចាក់អំបុកដែលលីងហើយចូលគ្នា ឆាវាឱ្យសព្វចូលជាតិបានល្អជាការស្រេច និងកុំភ្លេចដាក់បង្គាក្រៀមផងហើយសាច់ជ្រូកត្រូវចិញ្រ្ចាំឱ្យម៉ត់ខ្លាំងមែនទែន។ តែប៉ុណ្ណេះអ្នកក៏អាចមានអំបុកមួយចានយ៉ាងឆ្ងាញ់ និងប្រកបដោយអនាម័យល្អ។

៦. អំបុកចៀន៖ អ្នកពិតជាធ្លាប់បានឃើញមិនខាននៅតាមរទេះរុញមួយចំនួន ដែលគេរុញលក់នៅតាមផ្លូវសាធារណៈនានា នៅក្នុងប្រទេសយើង។ នេះក៏ជាការច្នៃប្រឌិតអំបុកមួយមុខដែរ ដោយជាដំបូងគេយកចេកណាំវ៉ាមកប្រឡាក់អំបិលឱ្យវាជោរទឹកតិចៗ រួចយកមកប្រឡាក់ជាមួយអំបុកជាក្រោយ ទើបដាក់ចូលទៅក្នុងខ្លាញ់បំពងឱ្យឡើងស្រួយ និងឡើងពណ៌ក្រហមគួរឱ្យឆ្ងាញ់ណាស់៕

ចុះលោកអ្នកបានភ្លក្សហើយឬនៅ? 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]