នាពេលបច្ចុប្បន្ននេះ នារីៗដែលមានចិញ្ចើមស្តើងៗ តែងចូលចិត្តទៅប៉ាក់ផ្លុំ បណ្តុះ ចិញ្ចើម ឲ្យឃើញក្រាស់ល្អ។ ប៉ុន្តែក៏មានវិធីធម្មជាតិមួយចំនួនផងដែរ ចំណាយថវិកាតិច និងថែមទាំងទទួលបាន ប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ ចុះវិធីធម្មជាតិទាំងនោះ មានអ្វីខ្លះ តោះតាមដានអានទាំងអស់គ្នា៖

១) ប្រេងល្ហុង៖ វាជាប្រេងមួយ ដែលអាចមានប្រសិទ្ធភាពខ្ពស់ ក្នុងការបណ្តុះឲ្យរោមចិញ្ចើមក្រាស់ល្អ។ ក្នុងនោះ វាបានផ្ទុក នូវជាតិប្រូតេអ៊ីន វីតាមីន ជាតិអាស៊ីត និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាសារធាតុចិញ្ចឹម របស់ឬសរោម និងជួយឲ្យរោមចិញ្ចើមលូតលាស់បានល្អ។  

វិធីអនុវត្ត៖ យកសំឡី ជ្រលក់ប្រេងល្ហុង និងលាបជុំវិញចិញ្ចើមទាំងសងខាង។ ក្រោយមក អ្នកម៉ាស្សាត្រង់ចិញ្ចើម ដោយថ្នមៗ រយៈពេល ២ ទៅ៣ នាទី រួចទុកចោល ៣០នាទី រឺទុកពេញមួយយប់ក៏បានដែរ។ ជាចុងក្រោយ អ្នកគ្រាន់តែលាងជាមួយនឹងទឹកក្តៅឩណ្ឌៗជាការស្រេច។ ព្យាយាមអនុវត្តវិធីនេះ ឲ្យបានម្តងជារៀងរាល់ថ្ងៃ រយៈពេល ២ ទៅ៣សប្តាហ៍ រហូតទាល់តែអ្នកសម្គាល់ឃើញ ពីភាពប្រសើរឡើង។ ប៉ុន្តែចំណាំ ប្រសិនបើវាធ្វើឲ្យក្រហាយ អ្នកគួរតែបញ្ឈប់ជាបន្ទាន់។

២) ប្រេងដូង៖ សប្បាយរីករាយ នឹងរោមចិញ្ចើមក្រាស់ល្អ ជាមួយនឹងការប្រើប្រាស់នៃប្រេងដូង។ ជាតិប្រូតេអ៊ីន ដូចជា វីតាមីនE ជាតិដែក នៅក្នុងប្រេងដូង វានឹងជួយឲ្យរោមចិញ្ចើមក្រាស់គួរជាទីបេតី ហើយវាក៏ជួយឲ្យរោមចិញ្ចើម កាន់តែខ្មៅល្អផងដែរ។

វិធីអនុវត្ត៖ បន្តក់ប្រេងដូងក្តៅឩណ្ឌៗ ២ ទៅ៣តំណក់ ដាក់លើម្រាមដៃរបស់អ្នក និងលាបវានៅលើចិញ្ចើម។ ម៉ាស្សាថ្នម រយៈពេល ២ ទៅ៣នាទី ដើម្បីធ្វើចលនា ឈាមដើរបានស្រួល។ បន្ទាប់មក ត្រូវទុកពេញមួយយប់ ចាំពេលព្រឹក អ្នកលាងវាចេញជាការស្រេច។  

៣) ប្រេងអូលីវ៖ សម្រាប់ប្រេងអូលីវ ក៏ល្អផងដែរ សម្រាប់បណ្តុះចិញ្ចើមរបស់អ្នក ព្រោះថា វាសម្បូរទៅដោយ វីតាមីនE ប្រេងអូលីវ អាចជួយឲ្យរោមចិញ្ចើមរបស់អ្នក លូតលាស់បានលឿន និងក្រាស់ល្អ។

វិធីអនុវត្ត៖ ម៉ាស្សាចិញ្ចើមរបស់អ្នក ជាមួយនឹងប្រេងអូលីវក្តៅឩណ្ឌៗ រយៈពេល៥នាទី មុនចូលគេង ហើយទុកវាចោលពេញមួយយប់ និងចុងក្រោយលាងវាចេញ ជាមួយ នឹងទឹកក្តៅឩណ្ឌៗនៅព្រឹកបន្ទាប់។ ក្នុងនោះដែរ អ្នកក៏អាចលាយបញ្ចូលប្រេងអូលីវ ១ភាគ២ នៃស្លាបព្រាកាហ្វេ ជាមួយនឹងទឹកឃ្មុំ ២ ៣តំណក់។ បន្ទាប់មក លាបលើចិញ្ចើមរបស់អ្នក និងម៉ាស្សាវា ២ ទៅ ៣នាទី ទុកវាចោល រយៈពេល៣០នាទី ចាំលាងទឹកក្តៅឩណ្ឌៗជាការស្រេច។ 

៤) ទឹកខ្ទឹមបារាំង៖ ទឹកខ្ទឹមបារាំង ក៏អាចធ្វើឲ្យ រោមចិញ្ចើមដុះលូតលាស់លឿនផងដែរ ព្រោះថា វាមានជាតិស្ពាន់ធ័រ ដែលជួយធ្វើឲ្យប្រសើរឡើង ក្នុងការផលិតសរសៃទឹកប្រូតេអ៊ីន។

វិធីអនុវត្ត៖ កិនខ្ទឹមបារាំង ឲ្យក្លាយជាទឹក រួចយកទឹកខ្ទឹមបារាំង មកម៉ាស្សាជុំវិញបរិវេណចិញ្ចើម រយៈពេល៥នាទី។ ទុកវាឲ្យស្ងួតដោយខ្លួនឯង ចាំលាងចេញជាមួយ នឹង ទឹកលាងសម្អាតមានក្លិនស្រាលៗ ឬក៏ទឹកត្រជាក់ក៏បាន។ 

៥) ស៊ុតលឿង៖ រោមចិញ្ចើម គឺត្រូវបានបង្កើតឡើង នៃប្រូតេអ៊ីនម្យ៉ាងឈ្មោះ Keratin ហើយស៊ុត ក៏ជាប្រភពនៃប្រូតេអ៊ីនដ៏ល្អបំផុតផងដែរ ដែលវាជួយបណ្តុះរោមចិញ្ចើមរបស់អ្នក ឲ្យមានសុខភាពល្អ និងធ្វើឲ្យរោមចិញ្ចើមក្រាស់ខ្លាំង។

វិធីអនុវត្ត៖ បំបែកស៊ុតមួយគ្រាប់ ដោយយកតែផ្នែកលឿងតែប៉ុណ្ណោះ បន្ទាប់មក យកសំឡី ទៅជ្រលក់ស៊ុតលឿង មកលាបលើចិញ្ចើមរបស់អ្នក។ ទុកចោល១៥ ទៅ២០ នាទី ចាំលាងជាមួយនឹងទឹកត្រជាក់ចេញ។  

៦) Petroleum Jelly  Petroleum Jelly ជាសារធាតុម្យ៉ាងទន់ៗ និងខាប់អន្ធិល ដូចជាចាហ៊ួយ អាចជួយឲ្យមានសំណើមលើចិញ្ចើមរបស់អ្នក ហើយក៏ជួយរោមចិញ្ចើមដុះវែង និងច្រើនថែមទៀតផង។

វិធីអនុវត្ត៖ យក Petroleum Jelly មកលាបលើចិញ្ចើម និងទុកវាចោលមួយយប់ តែអ្នកកុំលាបច្រើនពេក ព្រោះអាចប្រឡាក់ជាប់ខ្នើយរបស់អ្នកបាន។ កត់ចំណាំ៖ ចំពោះ Petroleum Jelly  វាបានផ្ទុកនូវជាតិប្រេងខ្ពស់ ប្រសិនបើអ្នកមានបញ្ហាមុន គឺមិនអនុញ្ញាតឲ្យប្រើប្រាស់នោះទេ។ 

៧) ក្រូចឆ្មារ៖ ក្រូចឆ្មារ សម្បូរទៅដោយជាតិវីតាមីនB វីតាមីន C ជាតិអាស៊ីត Folic និងសារធាតុចិញ្ចឹមធម្មជាតិជាច្រើនទៀត ហើយសារធាតុទាំងនោះហើយ អាចជួយឲ្យរោមចិញ្ចើមរបស់អ្នកដុះលូតលាស់បានល្អ និងលឿនផងដែរ។ ប៉ុន្តែប្រសិនបើមានភាពក្តៅក្រហល់ក្រហាយ នៅពេលអ្នកអនុវត្តនោះ គួរតែបញ្ឈប់ជាបន្ទាន់។

វិធីអនុវត្ត៖ យកក្រូចឆ្មារមួយចំណិត មកត្រដុសចិញ្ចើមរបស់អ្នក និងទុកចោលរយៈពេល២០នាទី ចាំលាងជាមួយនឹងទឹកក្តៅឩណ្ឌៗចេញ។  

៨) ទឹកដោះគោ៖ ទឹកដោះគោ ផ្ទុកទៅដោយ ប្រូតេអ៊ីនសំខាន់ពីរមុខ ដែលត្រូវបានគេស្គាល់ជាប្រូតេអ៊ីន Casein និង Whey ដែលវាជាគន្លឹះ និងជួយបណ្តុះនូវរោមចិញ្ចើមរបស់អ្នកបានយ៉ាងល្អ។ ព្យាយាមអនុវត្តជាប្រចាំថ្ងៃ ដើម្បីទទូលបានលទ្ធផលគួរជាទីគាប់ចិត្ត។

វិធីអនុវត្ត៖ យកដុំសំឡី ទៅជ្រលក់ទឹកដោះគោ មកលាប និងម៉ាស្សា លើចិញ្ចើមរបស់អ្នកថ្នមៗ និងទុកចោលរយៈពេល១៥នាទី ចាំលាងទឹកចេញ៕

នេះជាវិធីងាយស្រួល និងសាមញ្ញៗ ដែលលោកអ្នកអាចរកផលិតផលទាំងអស់នេះ តាមទីផ្សារ រឺនៅក្នុងផ្ទះរបស់អ្នកបាន ដើម្បីជួយធ្វើឲ្យរោមចិញ្ចើមរបស់អ្នកដុះក្រាស់ល្អ៕

ប្រភព៖ top10homeremedies.com  & food.ndtv.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]