ភ្នំពេញ៖ តារាចម្រៀង Original Song ម្ចាស់បទ «រាំញីកែងជើង» ដ៏ល្បីល្បាញ កាលពីឆ្នាំ២០១៥ កន្លងទៅ លោក ងួន ចាន់ដេវីត ឬដែលមានឈ្មោះនៅក្នុងសង្គមសិល្បៈថា ជី ដេវីត (G-devith) បច្ចុប្បន្នយើងសង្កេតឃើញថា លោកកំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យទូទាំងប្រទេស ជាពិសេសបទចម្រៀងដែលជី ដេវីត ផលិតឡើងសុទ្ធសឹងតែជាបទថ្មី ញាក់កន្រ្តាក់អារម្មណ៍។

ចាប់តាំងពីបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈចម្រៀង លោក ជី ដេវីត ក៏ត្រូវបានអ្នកគាំទ្រស្គាល់ថា គឺដៃគូច្រៀងដ៏សាកសម ជាមួយនឹងតារាចម្រៀងស្រី ជើងចាស់មានបទពិសោធន៍ច្រើនឆ្នាំ គឺអ្នកនាង ពេជ្រ សោភា និងថែមទាំងមាន ការបង្ហើបឱ្យដឹងទៀតផងដែរតាមរយៈ បទចម្រៀងដែល ជី ដេវីត និពន្ធផ្ទាល់មានចំណងជើងថា «ជីវិតខ្ញុំ» គឺបានរំឭកទៅដល់អ្នកនាងពេជ្រ សោភាថា គឺជាម្ចាស់ក្សត្រីគ្រាប់ពេជ្រតន្រ្តី មកជួយស្រោចស្រង់ជីវិត របស់លោកឱ្យចូលសិល្បៈតន្រ្តីរហូតមកដល់សព្វថ្ងៃ។

ស្របជាមួយគ្នានេះដែរ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ជី ដេវីត ថ្មីៗនេះ ក៏បានផុសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករំឭកទៅដល់អតីតកាលដ៏កម្សត់ជូរចត់របស់ខ្លួន មុនចូលសិល្បៈថា «កាលពីមុនគ្មានញាតិមិត្តណាគេចង់រាប់អាន ព្រោះតែគ្រួសារខ្ញុំក្រគេគិតមិនល្អ គេដៀលសុទ្ធតែអាតិរច្ឆាន គេប្រដៅកូនគេថាកូនកុំធ្វើតម្រាប់តាមវា ចាស់ទៅហ្អែងហ្នឹងរស់វេទនា បើហ្អែងនៅរឹងចង់សេពគប់វា.......Nothing impossible Never lose hope»។

ពាក្យប៉ុន្មានឃ្លាខាងលើនេះ បានបង្ហាញភ្ជាប់មកជាមួយនឹងរូបថតមួយសន្លឹកបង្ហាញពីនាឡិកា ចិញ្ចៀនយ៉ាងច្រើននៅលើដៃ របស់លោកផ្ទាល់ ដែលនេះគឺអាចឱ្យដឹងបានថា ជីវិតលោកបច្ចុប្បន្នមិនដូចពីពេលមុនទៀតទេ បើប្រៀបធៀបគ្នាគឺខុសឆ្ងាយដូចមេឃហើយ និងដី។ ជាការពិតគេថា មនុស្សកុំឱ្យមើលងាយមនុស្ស ជួនកាលពាក្យជេរប្រមាថរបស់អ្នកដទៃគឺជាឱសថទិព្វ សម្រាប់ធ្វើឱ្យដំណើរជីវិតមានភាពផ្លាស់ប្តូរក្នុងមួយពព្រិចភ្នែក ដោយនឹកស្មានមិនដល់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត