ចិន៖ កាលពីសប្តាហ៍មុននេះ សាលាវិជ្ជាជីវៈមួយកន្លែង នៅក្រៅក្រុង Chengu ខេត្តស៊ីឈួន ប្រទេសចិន បានចាត់វិធានការ លើសិស្សដែលនាំយកឧបករណ៍អេឡិចត្រូនិច ឬសម្ភារនិយមចូលក្នុងបរិវេនសាលា ដោយខាងសាលាបានធ្វើការរឹបអូស យកមកវាយកម្ទេចចោលនឹងពូថៅ បន្ទាប់ពីមើលឃើញថា ឧបករណ៍ទាំងអស់នោះ វាពិតជាការរំខានយ៉ាងខ្លាំង ដល់សិស្សនិស្សិត រួមទាំងមុខមាត់របស់សាលាផងដែរ។

យោងតាមសារព័ត៌មាន សៀងហៃ ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៨ វិច្ឆិកា ២០១៦ នេះថា សកម្មភាពវាយកម្ទេចនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិវេនទីតាំងហាត់កីឡា ក្នុងមហាវិទ្យាល័យរបស់សាលា ស្ថិតក្នុងតំបន់ Pi County (ឬ Pixian) ខេត្តស៊ីឈួន។ ខណៈមានសិស្សនិស្សិតជាច្រើន បាននាំគ្នាឈរមើលក្រុមមន្រ្តីរបស់សាលា ធ្វើសកម្មភាពវាយកម្ទេចនេះ ជុំវិញទីតាំងកើតហេតុ ទាំងទឹកមុខក្រៀមក្រំផងដែរ។

សម្ភារដែលខាងសាលាបានរឹបអូសមកនោះ រួមមាន ឧបករណ៍ម៉ាស៊ីនផ្លុំសម្ងួតសក់ ឆ្នាំងដាំបាយ កំសៀវទឹក និងឧបរណ៍ជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងត្រូវបានរឹបអូសយកចេញពី បន្ទប់ស្នាក់នៅរបស់និស្សិត។

ដោយឡែកយោងតាមកាសែតចិន ក៏បានឲ្យដឹងដែរថា និស្សិតជាច្រើនពិតជាមិនសប្បាយចិត្តនោះឡើយ ពេលដែលបានឃើញនូវទិដ្ឋភាព វាយកម្ទេចសម្ភារប្រើប្រាស់របស់ពួកគេ។ ដោយនិស្សិតជឿជាក់ថា ខាងសាលាបានរំលោភបំពានសិទ្ធិ លើទ្រព្យសម្បត្តិឯកជនរបស់ពួកគេ។

ក្នុងនោះដែរ អ្នកជំនាញផ្នែកច្បាប់ម្នាក់ បានលើកឡើងដែរថា តាមច្បាប់ទាក់ទងទៅនឹងស្ថានភាព ដែលបានកើតឡើងនេះ តាមបទប្បញ្ញត្តិច្បាប់កម្មសិទ្ធិឯកជន សាលានិងសិស្សគឺមានសិទ្ធិស្មើគ្នា មានន័យថា មន្រ្តីរបស់សាលា មិនត្រូវបានអនុញ្ញាតឲ្យមានការរំលោភបំពាន ឬប៉ះពាល់ លើកម្មសិទ្ធិឬអចលនទ្រព្យ របស់សិស្សនោះឡើយ។

ទោះបីជាយ៉ាងណាក្តី តាមរយៈការលើកឡើងខាងសាលាវិញ បានពន្យល់ប្រាប់ថា ភាគច្រើនរបស់របរដែលវាយកម្ទេចចោលនេះ គឺត្រូវបានរឹបអូសពីនិស្សិត ដែលពួកគេបានបញ្ចប់ការសិក្សារួចរាល់ ហើយពួកគេក៏បានចាកចេញពីសាលាផងដែរ។ លើសពីនេះទៅទៀតនោះ ខាងសាលាក៏បានធ្វើការសង្កត់ធ្ងន់ថា មូលហេតុសំខាន់ដែលខាងសាលា ហ៊ានធ្វើបែបនេះគឺដើម្បីអប់រំនិស្សិត ឲ្យបញ្ឈប់ការប្រើប្រាស់ ឬនាំយករបស់ទាំងអស់នេះមកទៀត ដើម្បីសុវត្ថិភាពក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេផងដែរ។

គួរឲ្យដឹងដែរថា សាកលវិទ្យាល័យជាច្រើន នៅទូទាំងប្រទេសចិន បានធ្វើការហាមប្រាម មិនឲ្យសិស្សប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដែលមានតង់ស្យុងខ្ពស់ ដូចជាឆ្នាំងដាំបាយ ឬម៉ាស៊ីនកំដៅជាដើម ក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេឡើយ ជាហេតុធ្វើឲ្យសិស្សកាន់តែពិបាក នៅពេលរដូវរងារចូលមកដល់ផងដែរ។

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះដែរ អ្នកនិយមលេងបណ្តាញសង្គមមួយចំនួន ក៏បានបញ្ចេញមតិរបស់ខ្លួនដែរថា៖

«សិស្សប្រព្រឹត្តខុសនូវវិន័យរបស់សាលា ប៉ុន្តែខាងសាលាក៏បានល្មើសនឹងច្បាប់ បានចែងដែរ»

«បើសិស្សរៀនចប់ចេញអស់ហើយ ចុះហេតុអ្វីខាងសាលា ម៉េចមិនប្រគល់សម្ភារទាំងអស់នោះទៅឲ្យសិស្សវិញទៅ?»

ចុះសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]