ភ្នំពេញ៖ ក្រុមហ៊ុន សាណូហ្វីកម្ពុជាបន្តរៀបចំ និងអញ្ជើញអ្នកឯកទេស ដើម្បីពិភាក្សាអំពីរបៀបទប់ស្កាត់នឹង ជំងឺស្ទះសរសៃឈាម ដែលប៉ះពាល់ដល់ ​អ្នកជំងឺទឹកនោមផ្អែមប្រភេទ-២ ទៅកាន់ក្រុមអ្នកថែទាំសុខភាព និងក្រុមគ្រូពេទ្យជំនាញប្រមាណជាង១០០នាក់នៅឯសណ្ឋាគារភ្នំពេញ។

នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) បាន បញ្ជាក់នៅក្នុងសិក្ខាសាលានោះថា៖ “ក្រុមហ៊ុន សាណូហ្វីដែលជាក្រុមហ៊ុនឪសថឈានមុខគេលើពិភព ដែលតែងតែយល់ចិត្តទុកដាក់ លើអ្នកជំងឺជាចំបង។

លើសពីនេះទៅទៀតក្រុមហ៊ុនសាណូហ្វីមានគំរោង នឹងបន្តសកម្មភាពរបស់ខ្លួនលើការអប់រំ ចំនេះដឹងទាក់ទងនឹងវិទ្យាសាស្រ្ត នឹងសុខភាពហើយជំងឺដែលយើងផ្តោតសំខាន់នោះគឺជំងឺមិនឆ្លង នឹង ជំងឺរុំារៃផងដែរ ជាហេតុផលដែលនាំអោយយើងបានរៀបចំព្រឺត្តិការណ៏នាថ្ងៃនេះឡើង ។

លោកវេជ្ជបណ្ឌិត ទូច ឃុន ឯកទេសជំងឺទឹកនោមផ្អែម នៅមជ្ឃមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ បានពន្យល់ថាជំងឺស្ទះសរសៃឈាមលើអ្នកជំងឺទឹកនោមផ្អែម គឺជាការត្បៀតសរសៃឈាមនៃអវៈយវៈខាងលើ ជាពិសេសផ្នែកករបស់មនុស្ស និងផ្នែកអវៈយវៈ ខាងក្រោម ។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា អ្នកជំងឺទឹកនោមផ្អែម កើតឡើងច្រើនបំផុតទៅ លើមនុស្សវ័យចំណាស់ ចាប់ពី អាយុ ៥៥ឆ្នាំឡើងទៅ ហើយក៏ជាអ្នកដែលងាយរងគ្រោះ និង មាន បញ្ហាស្ទះសរសៃឈាមច្រើនជាងគេផងដែរ។

បើយោងតាមអង្គការសុខភាពពិភពលោក(WHO) ជារៀងរាល់ ១០នាទី មានមនុស្សម្នាក់នៅទូទាំង ពិភពលោកបានបាត់បង់ជីវិត ដោយសារជំងឺទឹកនោមផ្អែមនេះ។ ចំណែកឯការស្ទង់មតិSTEPS ដែលធ្វើឡើង ដោយក្រសួងសុខាភិបាលនៅឆ្នាំ២០១០ ក៏បង្ហាញ ឲ្យឃើញដែរថា ការរាតត្បាត នៃជំងឺសម្ពាធឈាមខ្ពស់ មានប្រមាណ ២,៣% នៅតំបន់ជនបទ និង ៥,៦% នៅទីប្រជុំជន។ ក្រុមមនុស្សដែលមានអាយុ ចន្លោះ ៦៥ និង ៦៩ឆ្នាំ ជាក្រុមមនុស្ស ដែលរងការប៉ះពាល់ខ្លាំងជាងគេ ដែលមានអាត្រាកើតជំងឺ៦%។ ហើយតួលេខទាំងនេះ កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកជំនាញផ្នែកជំងឺបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត លី គាត បានប្រាប់ថា ប្រជាជនជាទូទៅមិនបានទៅពិនិត្យសុខភាពឲ្យបានត្រឹមត្រូវគ្រប់ៗគ្នានោះទេ ព្រោះទិន្នន័យបានបញ្ជាក់ ថា ក្នុងចំណោម អ្នកជំងឺលើសសម្ពាធឈាម ៤៥,៥% មានតែ ២៨,៦% ដែលបានធ្វើរោគវិនិច្ឆ័យ រីឯ អ្នកជំងឺទឹកនោមផ្អែម សរុប៥០,៣% មានតែ២៣,៩% ដែលបានទៅធ្វើរោគវិនិច្ឆ័យបាន ទៀងទាត់។

លោកវេជ្ជបណ្ឌិត ស៊ុម សេដ្ឋា គ្រូពេទ្យឯកទេសផ្នែកជំងឺទឹកនោមផ្អែម នៅមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ជំងឺទឹកនោមផ្អែមអាចជាកត្តាហានិភ័យទៅតាមអាយុ ប្រវត្តិគ្រួសារ ជំងឺលើស សម្ពាធឈាម កត្តាអាហារូបត្ថម្ភ ទម្លាប់រស់នៅ និងការលើសទម្ងន់។ ជំងឺទឹកនោមផ្អែមអាចគ្មានអាការៈទាំងស្រុង ឬមានអាការៈតិចតួច ព្រោះកំរិតគ្លុយកូស ឬជាតិស្ករ នៅក្នុងឈាមខ្ពស់ពេក ប៉ុន្តែប្រសិនបើមិនបានទទួលការព្យាបាលជំងឺនេះនឹងអាចធ្ងន់ធ្ងរឡើង ដូចជាជំងឺនោមច្រើន ការស្រេចទឹកជាប្រចាំ ការនោមច្រើននៅពេលយប់ ការឃ្លានអាហារជាប្រចាំ ភាពល្វើយជាប្រចាំ កំរិតគ្លុយកូសខ្ពស់នៅក្នុងឈាម កម្រិតជាតិស្ករខ្ពស់ក្នុងទឹកនោម ការធ្វើទុក្ខ ការងាយឆ្លងជំងឺ និងការស្រកទម្ងន់។

លោកវេជ្ជបណ្ឌិតបានប្រកាសឲ្យមនុស្សពីវ័យ ៥០ឆ្នាំឡើងទៅ គួរទៅធ្វើការពិនិត្យសុខភាពយ៉ាងតិចម្តង ឬពីរដងក្នុងមួយឆ្នាំ ដើម្បីតាមដានសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម នឹង ក៏បានដាស់តឿន អ្នកជំងឺទាំងពីរក្រុមនេះ និងអ្នកដែលគ្មានជំងឺឲ្យការពារ និងថែរក្សាសុខភាព ឲ្យមានស្ថេរភាពពីជំងឺទឹកនោមផ្អែម និងសម្ពាធឈាម ដោយមិនមែនតាមតែ ការព្យាបាលខាងវេជ្ជសាស្រ្តតែម្យ៉ាងទេ គឺថែមទាំងត្រូវយកចិត្តទុកដាក់លើសុខភាព ដោយធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់ កាត់បន្ថយការជក់បារី កាត់បន្ថយការសេពគ្រឿងស្រវឹង និងកាត់បន្ថយអាហារដែលមានជាតិប្រៃ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]