ស៊ីរី៖ ក្មេងៗនៅប្រទេសស៊ីរីជាច្រើននាក់ បានតស៊ូមករៀននៅក្នុងរូងថ្ម បើទោះបីជាពេលនេះមានសង្គ្រាមបង្ហូរឈាម និងការសម្លាប់រង្គាល ពេញផ្ទៃប្រទេសយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីរ័រ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នេះគឺជាសាលារៀនមួយ ដែលមិនដូចសាលារៀនផ្សេងៗទៀត វាជាកន្លែងដែលកុមារជាច្រើនអង្គុយរៀននៅលើកំរាលព្រំ ក្នុងរូងថ្មមួយនេះ ខណៈមានការសម្លាប់រង្គាលនៅជុំវិញពួកគេ។

រូបភាពទាំងនេះ បានបង្ហាញពីជនរងគ្រោះស៊ីរី ដែលគ្មានកំហុស កំពុងស្ថិតនៅក្នុងសង្គ្រាមស៊ីវិល ប៉ុន្តែពួកគេត្រូវតែតស៊ូ ទៅសិក្សាដើម្បីទទួលបានការអប់រំ។ ក្រុមក្មេងៗដែលកំពុងប្រមូលផ្តុំគ្នានោះ គឺស្ថិតនៅភាគខាងជើងខេត្ត អ៊ីដលីប (Idlib) ប្រទេសស៊ីរី។ 

ប្រភពបន្តថា រូបភាពទាំងនេះ ត្រូវបានថតកាលពីប៉ុន្មានថ្ងៃមុន គឺបន្ទាប់ពីសាលារៀនចំនួន៣ខ្នង ដែលនៅក្បែរភូមិ Hass របស់ទីក្រុងអ៊ីដលីប ត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែក។ ហេតុការណ៍នោះបណ្តាលឲ្យក្មេងចំនួន២២នាក់ និងគ្រូចំនួន៦នាក់ ត្រូវបានស្លាប់ ហើយរងរបួសចំនួន៧៥នាក់។

គួរបញ្ជាក់ថា សាលារៀនដែលស្ថិតក្នុងរូងថ្មនេះ ត្រូវបានបង្កើតឡើងដោយអតីតគ្រូបង្រៀនម្នាក់ គឺលោក Ahmad និងភរិយារបស់គាត់ បន្ទាប់ពីពួកគេត្រូវបង្ខំចិត្តរត់ចេញពីទីក្រុង Hama រួចមក។

លោក Ahmad បាននិយាយថា “ពួកយើងបានចាប់ផ្តើមបង្រៀនក្មេងៗដែលនៅជិតនេះ ហើយក្រោយមកបានពង្រីកបន្ថែម ដោយបច្ចុប្បន្នយើងមានសិស្សជិត១២០នាក់ហើយ”។ លោកបន្តថា “រូងថ្មនេះតូចពេក មិនអាចបង្រៀនសិស្សទាំងអស់បាននោះទេ ដូច្នេះយើងត្រូវបែងចែកពេលវេលាឲ្យសិស្សក្មេងៗរៀនស្រះ និងព្យញ្ជនៈមុន ហើយក្រោយមកទើបបង្រៀនមេរៀនដល់សិស្សធំៗ”។ 

លោក Ahmad បានបញ្ជាក់ថា “ប៉ុន្តែសូម្បីនៅទីនេះ សុវត្តិភាពក៏មិនអាចត្រូវបានធានា១០០ភាគរយ ក្រោមការគំរាមកំហែងជាប្រចាំ ពីការទម្លាក់គ្រាប់បែកបានដែរ។ ហើយសាលារៀនក្នុងរូងភ្នំនេះ ក៏ប្រឈមនឹងបញ្ហាពីធម្មជាតិផងដែរ ដោយតម្រូវឲ្យលោកបោះបង់ទីនេះចោល កាលពីរដូវរងារឆ្នាំមុន ដោយសារតែវាលិចទឹក”។

“យើងមានបំណងចង់បញ្ឈប់គម្រោងទាំងមូល ប៉ុន្តែក្មេងៗបានទទូចមិនឲ្យបញ្ឈប់ ដូច្នេះយើងក៏បន្តង្រៀនទៀត ដោយផ្លាស់ប្តូរទៅបង្រៀននៅក្រោមតង់វិញ ចាំរហូតដល់ទឹកស្រកស្ងួតអស់ទើបត្រឡប់ទៅក្នុងរូងថ្មវិញ”។ លោក Ahmad បានថ្លែង ខណៈបញ្ហាប្រឈមជាច្រើនទៀតដូចជា កង្វះខាតសៀវភៅសិក្សា សម្លៀកបំពាក់ កាតាប និងសម្ភារៈសិក្សាជាដើម៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]