ភ្នំពេញ ៖ ដោយសារ តូចចិត្ដគ្មានលុយ គ្រប់សម្រាប់រៀបការ យុវជនអាយុ២២ឆ្នាំ ម្នាក់តូចចិត្ដ ទៅលោតទឹក ស្ពានជ្រោយចង្វា ប៉ុន្ដែមិនស្លាប់ ដោយសារ សមត្ថកិច្ចសង្គ្រោះ ទាន់ពេលវេលា កាលពីវេលាម៉ោង៨ និង១០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ ។

នគរបាលយាមស្ពានបានឱ្យដឹងថា យុវជនលោតទឹកស្ពាន ជ្រោយចង្វា ដែល មិនស្លាប់មានឈ្មោះ ទី ណូរ៉ា ហៅដេវ អាយុ២២ឆ្នាំ មុខរបរជា កម្មករហាង នំប៉័ងបាយ័នខាងកើតស្ពាន ជ្រោយចង្វា មានស្រុកកំណើតនៅឃុំ ព្រះពន្លា ស្រុក កំពង់រោទ៍ ខេត្ដស្វាយរៀង ។

សមត្ថកិច្ចនគរបាលយាមស្ពានជ្រោយ ចង្វា បានឱ្យដឹងថា យុវជនឈ្មោះទី ណូរ៉ា ហៅដេវ មានសង្សារឈ្មោះ ស្រី អូន អាយុ ១៩ឆ្នាំ ជាកម្មការិនីរោងចក្រ៧ជាន់ ផ្លូវ វ៉េងស្រេង មានស្រុកកំណើតនៅខេត្ដកំពត។ រវាងឪពុក ម្ដាយទាំងសងខាង បានជួបស្គាល់ គ្នារួចហើយ ដោយកំណត់ពេលរៀបការ យុវជនទី ណូរ៉ា និងសង្សារឈ្មោះ ស្រីអូន ប៉ុន្ដែខាងស្រី ពីដំបូងតម្រូវឱ្យខាងប្រុសផ្ដល់ ប្រាក់២៣០០ដុល្លារ សម្រាប់រៀបចំមង្គល ការអ្នកទាំងពីរ ។ ក្រោយមកដោយមានការ យោគយល់ ខាងស្រី បានចុះមកនៅត្រឹម ២១០០ដុល្លារ ព្រោះយល់ថា ខាងប្រុស ក៏មានការខ្វះខាត ដែរ ដូច្នេះត្រូវសម្របសម្រួលគ្នា ព្រោះក្មេងៗ បានស្រឡាញ់គ្នាទៅហើយ ។

ប្រភពបានឱ្យដឹងទៀតថា ក្នុងទឹកប្រាក់ កំណត់២១០០ដុល្លារ គឺម្ដាយរបស់យុវជន ទី ណូរ៉ា មានលទ្ធភាពជួយ កូនតែ១៥០០ដុល្លារប៉ុណ្ណោះ ហើយនៅសល់ ៦០០ដុល្លារទៀត ទុកឱ្យកូនប្រុសរកដោយខ្លួនឯង ។ ប៉ុន្ដែ ប្រហែលដោយសារពុំមានលទ្ធភាពរកបាន ប្រាក់ ៦០០ដុល្លារបន្ថែម ទើបយុវជនទី ណូរ៉ា ពិបាកចិត្ដ ហើយខឹងសង្សាររហូតដល់ គិតខ្លីទៅលោតទឹកសម្លាប់ខ្លួន ។ តែជាសំណាងល្អ ដោយសារសមត្ថកិច្ច នគរបាលយាមនៅគោលដៅស្ពានជ្រោយចង្វា ជួយសង្គ្រោះទាន់ពេលវេលា ទើបយុវជនរូបនេះ រួចផុតពីសេចក្ដីស្លាប់៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]