អាល្លឺម៉ង់៖ សារព័ត៌មានរបស់អង់គ្លេស Independent បានផ្សាយកាលពីថ្ងៃទី០២ ខែវិច្ឆិកានេះថា ប្រទេសអាល្លឺម៉ង់បានធ្វើការបង្ហាញរថភ្លើងដឹកអ្នកដំណើរ ដំបូងគេបំផុតរបស់ពិភពលោក ដែលមិនបញ្ចេញផ្សែងបំពុលដល់បរិស្ថាន ដែលដើរដោយចំហាយទឹក។

រថភ្លើងនេះមានឈ្មោះថា Coradia iLint វាបញ្ចេញតែចំហាយទឹកតែប៉ុណ្ណោះទៅក្នុងបរិយាកាស ហើយវានឹងចូលមកជំនួស រថភ្លើងដើរដោយម៉ាស៊ីនម៉ាសូត ចំនួន ៤,០០០គ្រឿង នៅក្នុងទូទាំងប្រទេសអាល្លឺម៉ង់។

ប្រភពព័ត៌មានបានបន្តថា បច្ចុប្បន្នរដ្ឋ Lower Saxony របស់ប្រទេសអាល្លឺម៉ង់ បានបញ្ជាទិញរថភ្លើងប្រភេទនេះចំនួន ១៤គ្រឿងរួចហើយ ពីក្រុមហ៊ុនរបស់បារាំងឈ្មោះ Alstom ហើយរថភ្លើងជាច្រើនគ្រឿងទៀត ទំនងជានឹងបានឃើញនៅទូទាំងប្រទេស ប្រសិនបើដំណើរការរថភ្លើងដែលមិនបំពុលបរិស្ថាន ដើរដោយចំហាយទឹកនេះ ទទួលបានជោគជ័យ។ 

ការធ្វើតេស្តសាកល្បងដំណើរការរថភ្លើងនេះ នឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០១៦នេះ មុនពេលបើកឲ្យប្រើប្រាស់ជាសាធារណៈ នៅខែធ្នួ ឆ្នាំ២០១៧ខាងមុខ។

រថភ្លើងនេះត្រូវបានបង្ហាញជាលើកដំបូង នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម InnoTrans ក្នុងទីក្រុងប៊ែកឡាំង កាលពីខែសីហាកន្លងទៅ។ វាត្រូវបានគេកំណត់ថា ជារថភ្លើងដើរដោយថាមពលចំហាយទឹកដំបូងបំផុតនៅពេលបច្ចុប្បន្ននេះ។

ប្រភពព័ត៌មានបន្តថា រថភ្លើងនេះត្រូវបានបំពាក់ដោយអាគុយប្រភេទ lithium ion ដ៏ធំ ហើយវាទទួលបានថាមពលពីធុងផ្ទុកអ៊ីដ្រូសែន ដែលភ្ជាប់នៅលើដំបូលរថភ្លើង។ វាអាចធ្វើដំណើរបានចម្ងាយជាង ៨០០គីឡូម៉ែត្រក្នុង១ថ្ងៃ ក្នុងល្បឿន១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសំឡេងតែមួយគត់ ដែលវាផ្តល់ឲ្យគឺមកពីកង់ និងការកកិតរបស់ទូរថភ្លើងជាមួយខ្យល់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ថាមពលចំហាយទឹកនេះ ដំណើរការឡើងនៅពេលដែរអ៊ីដ្រូសែន ត្រូវបានដុតជាមួយនឹងអុកស៊ីសែន ដើម្បីផលិតថាមពលក្នុងបរិមាណដ៏ធំ នៃចំហាយទឹកតែមួយមុខប៉ុណ្ណោះ៕ 

ប្រភព៖ Independent

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]