លោកសាស្រ្តាចារ្យ Stephen Hawking បានបង្ហាញពីការទស្សន៍ទាយនាពេលអនាគតរបស់លោក  ចំពោះការរីកចម្រើននៃបច្ចេកវិទ្យា រួមទាំងក្មេងជំនាន់ក្រោយនឹងប្រយុទ្ធ ដើម្បីសង្គ្រោះភពផែនដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីរ័រ (Mirror)ថ្ងៃទី០១ ខែវិច្ឆិកា ២០១៦ នេះ។

កំពូលអ្នកវិទ្យាសាស្រ្តវ័យ ៧៤ឆ្នាំរូបនេះ បាននិយាយថា ក្មេងៗជំនាន់ក្រោយរបស់យើង មានរឿងជាច្រើនដែលត្រូវសម្លឹងមើលទៅមុខ ជាមួយនឹងការរកឃើញថ្មីៗ ប៉ុន្តែពួកគេក៏នឹងត្រូវប្រយុទ្ធ ដើម្បីសង្គ្រោះភពផែនដីផងដែរ។ 

អ្នកវិទ្យាសាស្រ្តមានឥទ្ធិពលបំផុតរបស់ពិភពលោក រូបនេះ បានឲ្យដឹងទៀតថា “”មានក្មេងៗច្រើនណាស់នៅទីនេះ ដូច្នេះខ្ញុំចង់ប្រាប់ពួកគេពីរឿងដែលនឹងកើតឡើងនាអនាគត នៅពេលដែលពួកគេចាស់ទៅ។ ពួកគេមានរឿងជាច្រើនដែលត្រូវសម្លឹងមើលទៅមុខ ដូចជាការអភិវឌ្ឍមនុស្សយន្ត   រថយន្តគ្មានមនុស្សបើក   កុំព្យូទ័រដែលនឹងឈ្នះគ្រប់ការប្រកួតដែលអ្នកលេង។  ប៉ុន្តែពួកគេនឹងត្រូវប្រយុទ្ធប្រឆាំងជាមួយ បម្រែបម្រួលអាកាសធាតុ ដើម្បីសង្គ្រោះភពផែនដី។

ថ្លែងនៅក្នុងកម្មវិធី Daily Mirror's Pride of Britain Awards បន្ទាប់ពីទទួលបានពានរង្វាន់ស្នាដៃមួយជីវិត លោក Stephen Hawking បានបន្ថែមថា ក្មេងជំនាន់ក្រោយ នឹងប្រឈមមុខជាមួយបញ្ហាជាច្រើន ដែលត្រូវប្រកួតប្រជែង ដូចជា បម្រែបម្រួលអាកាសធាតុ និងឥទ្ធិពលរបស់វាចំពោះភពផែនដី។

លោក Stephen Hawking ក៏បានបង្ហាញពីមហិច្ឆតារបស់លោកផងដែរ ដោយលាកមានបំណងចង់ធ្វើដំណើរទៅកាន់ទីអវកាស ហើយលោកនៅតែសង្ឃឹមថា ថ្ងៃណាមួយលោកនឹងអាចធ្វើបាន៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]