ភីអិនអិន បាននឹងកំពុងនាំយកខ្សែភាពយន្តភាគថៃល្បីៗជាច្រើន មកចាក់ផ្សាយនៅម៉ោង៦:០០-៧:០០ល្ងាច ដោយសារតែការគាំទ្រមានការកើនឡើង សម្រាប់ភាពយន្តភាគថៃល្បីៗនៅកម្ពុជា។ 

បច្ចុប្បន្ននេះ ខ្សែភាពយន្តភាគថៃដែលចាក់ផ្សាយនៅម៉ោង ៩:០០-១០:០០យប់កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។ ឆាប់ៗនេះ ភីអិនអិននឹងបន្ថែមម៉ោងចាក់ផ្សាយខ្សែភាពយន្តភាគថៃដែលល្អៗជាច្រើននៅម៉ោង ៦:០០-៧:០០ល្ងាចដូចគ្នា។ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន រៀបចំការផ្សាយខ្សែភាពយន្តភាគថៃនៅម៉ោង៦:០០ល្ងាច គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការភាពយន្តភាគថៃនៅកម្ពុជា ដែលមានអ្នក ទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ និងក្នុង Page Drama Fan Club របស់ភីអិនអិន។

កញ្ញាទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានមានប្រសាសន៍ថា « ខ្សែភាពយន្តភាគថៃ ក្នុងចន្លោះម៉ោង ៩:០០-១០:០០យប់ កំពុងតែមានការពេញនិយមខ្លាំង ហើយឥឡូវនេះពួកយើង នឹងធ្វើការបន្ថែមនូវការចាក់ផ្សាយខ្សែភាពយន្តថៃ ដែលល្អបំផុតជាច្រើននៅម៉ោង ៦:០០ល្ងាចផងដែរ»។ 

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នឹងចាប់ផ្តើមចាក់ផ្សាយខ្សែភាពយន្តភាគថៃ ដែលទទួលបានការគាំទ្រខ្លាំង នៅប្រទេសថៃ មកចាក់ផ្សាយនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកានេះតទៅ។ ខ្សែភាពយន្តភាគថៃ ដ៏ល្បីដំបូងគេបង្អស់ ដែលនឹងត្រូវចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់ពុធ វេលាម៉ោង ៦:០០ល្ងាច គឺរឿង«ចម្លាក់មានវិញ្ញាណ»។ 

«ចម្លាក់មានវិញ្ញាណ» គឺជាខ្សែភាពយន្តនិយាយ អំពីការស្លាប់យ៉ាងអាថ៍កំបាំងមួយដែលបានកើតឡើងទៅ លើប្អូនស្រីរបស់Sunthi ហើយក៏ដូចជាករណីស្លាប់ប៉ារបស់ Amaraដែរ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង Sunthi និង Amara ក៏បានរកឃើញរូបចម្លាក់ធ្វើពីក្រមួន ដែលមានរូបរាងដូចទៅនឹងមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបានស្លាប់ទៅហើយនោះ។ អ្នកទាំងពីរក៏បានស៊ើបអង្កេតពីហេតុការណ៍នៅពី ក្រោយការស្លាប់ក្រុមគ្រួសាររបស់ពួកគេ។

ឯរឿងទីពីរ «មានសំបុកតែរងា» កំពុងចាក់ផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ វេលាម៉ោង ៦ល្ងាច នឹងពង្រីកការចាក់ផ្សាយនៅ រៀងរាល់ថ្ងៃព្រហស្បត្តិ ដល់អាទិត្យ វេលាម៉ោងដដែល ចាប់ពីថ្ងៃទី ១០ វិចិ្ឆកា នេះដែរ ។ ប្រធានគ្រប់គ្រងកម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិនកញ្ញា ទូច បុប្ផាបន្ថែមថា « សម្រាប់ម៉ោងថ្មី គឹយើងធ្វើការជ្រើសរើសរឿងភាគថៃដែលល្អៗ ដែលមានបែបផែនរសជាតិថ្មីមួយបែបទៀត ដោយតម្រូវតាម ស្ត្រីមេផ្ទះ និងសិស្សានុសិស្ស។ ហើយពួកយើងសង្ឃឹមយ៉ាងមុតមាំថាទស្សនិកជននៅតាមគេហដ្ឋាន ពិតជាពេញចិត្តនឹងគាំទ្រ ចំពោះខ្សែភាពយន្តនេះ » បច្ចុប្បន្ននេះភីអិនអិន កំពុងតែទទួលបានការគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីការចាក់ផ្សាយខ្សែភាពយន្តភាគថៃនៅម៉ោង ៩:០០-១០:០០យប់។

ខ្សែភាពយន្តដែលកំពុងតែល្បីខ្លាំងមានដូចជារឿង «សុភាពបុរសទាំងប្រាំ» និងរឿង «ភរិយាបណ្តូលចិត្ត» ដោយមានការចូលរួមសម្តែង ដោយបុរសសង្ហារទាំងប្រាំដូចជា Grate, Pope, James Ji, Bomb, និងJames Ma។ ដោយឡែកលោក James Jiនិងកញ្ញា Bella ក៏បានគ្រងតំណែងជាតួឯក ក្នុងរឿងភាគថៃ«ភរិយាបណ្តូលចិត្ត» ដែលកំពុងតែចាក់ផ្សាយនៅភីអិនអិនផងដែរ។ លោក James Ji និង កញ្ញា Bella បានធ្វើអោយអ្នកគាំទ្រនៅកម្ពុជាមានការភ្ញាក់ផ្អើល រំភើប ជាមួយការបង្ហាញខ្លូននៅក្នុងកម្មវិធីជួបសំណេះសំណាល«វេទិកាតារាថៃប្រចាំPNN 2016» នៅផ្សារទំនើបអ៊ីអនកាលពីថ្ងៃទី០៩ ខែតុលាកន្លងទៅថ្មីៗនេះ៕

ទស្សនាឈុតខ្លីៗសូមចុច៖ https://www.facebook.com/PNNDramaFanClub/videos/711029765720083/  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]