(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បី ប្រចាំប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធ​កញ្ញា ដែលត្រូវបានគេស្គាល់ថា ជាគណៈកម្មការ ក្នុងកម្មវិធីពិភពលោកល្បីៗជាច្រើនជា «The Voice Cambodia , Cambodian Idol» នៅរយៈកាលចុងឆ្នាំ២០១៦ ឈានចូលរដូវប្រាំង ដើមឆ្នាំ២០១៧នេះ ត្រូវបានអ្នករស់នៅ​ក្នុងមជ្ឈដ្ឋាន អ្នកសិល្បៈទម្លាយឲ្យ​ដឹងថា នាងកំពុងតែទទួលបាន​ការចាប់អារម្មណ៍ខ្ពស់ ជុំវិញរឿងតម្លៃខ្លួន​របស់នាង ដែលហក់ឡើយខ្ពស់ ឈ្នះដាច់លើគូ​ប្រជែងនានា ក្នុងលំដាប់ជាតារាជួរ​មុខ​ដូចគ្នា។

​ជាការពិត បទចម្រៀងភាគច្រើន របស់ ឱក សុគន្ធកញ្ញា មានអ្នកគាំទ្រច្រើនលើស​លប់ ទោះបីពេលនេះ មានតារាចម្រៀងជាច្រើន កំពុងតែតាមដណ្ដើមប្រជាប្រិយភាព ពីនាងយ៉ាងប្រកៀកប្រកិតជាច្រើនក្ដី។ ជាក់ស្ដែងដូចជា នាង ពេជ្រ សោភា ដែលកំពុងតែស្ថិតក្នុង ផលិតកម្មរួមជាមួយ​នាងផ្ទាល់តែម្ដង ប៉ុន្តែតម្លៃខ្លួនវិញ គឺពេជ្រ សោភា តាម សុគន្ធ​កញ្ញា មិនទាន់ទេ ព្រោះតម្លៃខ្លួននាងហក់ឡើងខ្ពស់រហូតតែម្ដង​។

ប្រភពពីអ្នករៀបចំ កម្មវិធីប្រគំតន្រ្តីធំៗក្នុងប្រទេសកម្ពុជា បាននិយាយថា ឱក សុគន្ធកញ្ញា បានឡើងថ្លៃខ្លួន​ដល់ទៅ ១១លាន២សែនរៀល​ (ជិត៣ពាន់ដុល្លារ) ក្នុងមួយកម្មវិធីឯណោះ សម្រាប់កម្មវិធីច្រៀង ក្នុងរាជធានីភ្នំពេញ។ ចំណែកឯកម្មវិធីតាមបណ្ដា​ខេត្តនាន គឺតម្លៃខ្លួនរបស់នាងឡើងដល់ទៅ ១២លានរៀល​(៣ពាន់ដុល្លារ) ឬលើសពីនេះ ទៅតាមខេត្តជិត ឬឆ្ងាយ ខណៈដែលកាលពីឆ្នាំមុន ឱក សុគន្ធកញ្ញា មានតម្លៃខ្លួនត្រឹមតែ១០លានរៀល (២ពាន់៥រយដុល្លារ)ប៉ុណ្ណោះ សម្រាប់កម្មវិធីមង្គលការ ឬ​ការប្រគំតន្ត្រីនានា​។

ថ្វីត្បិតតែតម្លៃខ្លួនឡើងហក់ស្រឺតៗ មិន​នៅឲ្យស្ងៀមមួយកន្លែង សម្រាប់ ឱក សុគន្ធកញ្ញា ក៏មិនអត់ការងារធ្វើដែរ ពោលនាងមានការងារចេញច្រៀងជាប្រចាំ ព្រោះបណ្ដាក្រុមហ៊ុនជាច្រើន ចង់បាននាងទៅចូលរួម ព្រោះ​មានប្រជាប្រិយភាពល្បីល្បាញខ្លាំង អាចទាក់ទាញអ្នកគាំទ្រច្រើនឲ្យចូលរួមទស្សនា​។ ប្រភពពីអ្នកជិតដិត នឹង ឱក សុគន្ធកញ្ញា បាននិយាយថា គ្រាន់តែបុណ្យអ៊ុំទូកឆ្នាំនេះ កញ្ញា ទទួលបានការចេញច្រៀង តាមកម្មវិធីប្រគំតន្ត្រីជាច្រើន ហើយតម្លៃខ្លួនវិញ មិនបាច់និយាយទេ ពោលព្រោះគ្រាន់តែរយៈពេល៣ថ្ងៃនេះ នាងទទួលលុយ មិនក្រោម៦០លានរៀលនោះទេ (ប្រមាណ១ម៉ឺន៥ពាន់ដុល្លារ)។

តម្លៃខ្លួន របស់ ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញ យ៉ាងច្បាស់ក្រឡែតថា បានវ៉ាដាច់គូប្រជែង​តែម្ដង ព្រោះតារាចម្រៀង មាស សុខសោភា ក៏នៅទាបជាងនាងបន្តិចដែរ។ ចំណែកឯអ្នកនាង ពេជ្រ សោភា និងសុគន្ធ និសា វិញ តម្លៃខ្លួនពួកគេ បានត្រឹមតែពាក់កណ្ដាល ឱក សុគន្ធកញ្ញា ប៉ុណ្ណោះ។

តារាចម្រៀងស្រីល្បីមួយរូប បាននិយាយថា តម្លៃមួយយប់១១លាន២សែនរៀល(ជិត៣ពាន់ដុល្លារ) អាចយកបានតែពីម្ចាស់​កម្មវិធីណាមានឋានៈធំ ជាឧកញ៉ា ឬក្រុមហ៊ុនធំៗប៉ុណ្ណោះ ប៉ុន្តែបើច្រៀងក្នុងកម្មវិធីមង្គលការ ត្រឹម៧បទ ហើយយកលុយច្រើនម្ល៉ឹងៗ គឺប្រហែលជាមិនអាចនោះទេ ។ យ៉ាងណាមិញ បើក្រឡេកមើលតម្លៃខ្លួន តារាចម្រៀងស្រុកគេវិញ សម្រាប់តារាចម្រៀង ឱក សុគន្ធកញ្ញា គឺមានតម្លៃខ្ពស់គួរសម​៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ឱក សុគន្ធកញ្ញា ទៅស្តាតពិនិត្យទីតាំងសម្តែង ព្រឹត្តការណ៍កីឡាជាតិ ។ គួររំលឹកផងដែរថា ព្រឹត្តការណ៍កីឡាជាតិ ដ៏ធំសម្បើមដំបូងបង្អស់នៅកម្ពុជា បានចាប់ផ្តើមដំណើរការសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៣:៣០នាទី កន្លងទៅ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។

ទន្ទឹមនឹងនេះផងដែរ មុនថ្ងៃបើកសម្ពោធ គេឃើញមានវត្តមាន អត្តពលិក ក្រុមកីឡាករ កងពលទាហានលោតឆ័ត្រយោង និងសិល្បៈករ សិល្បៈការិនីជាច្រើន បានមកពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីធ្វើការហាត់សម សម្រាប់ពិធីបើកសម្ពោធផងដែរ។

កាលពីថ្ងៃច័ន្ទសប្តាហ៍មុនកន្លងទៅនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា ក៏បានមកកីឡដ្ឋានជាតិអូឡាំពិក​ ដើម្បីពិនិត្យទីតាំងសម្តែង ក្នុងឱកាសពិធីបើកសម្ពោធកីឡាជាតិ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា