ភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ ខ្សែការពារក្រុមជម្រើសជាតិកម្ពុជា កីឡាករ ហុង ផេង បានប្រកាសដំណឹងល្អមួយ ដោយរូបគេបានបញ្ជាក់ថា អាការៈជង្គង់ដែលរបួសកាលពីប៉ុន្មានខែមុននោះ ឥឡូវបានធូស្បើយវិញហើយ ។ នេះបើយោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុក។

ក្នុងនោះខ្សែការពាររបស់ក្លិបបឹងកេតអង្គររូបនេះ​ បានឲ្យដឹងថា អាការៈនៃរបួសបានធូរស្បើយវិញ បន្ទាប់ពីរបូសអស់រយៈពេលជាង ៨សប្តាហ៍កន្លងមក ប៉ុន្តែកីឡាកររូបនេះមិនបានបញ្ជាក់ថា នៅពេលណារូបគេអាចវិលចូលទីលានបាននោះទេ។  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានបងប្អូនអ្នកគាំទ្រមួយចំនួន ជូនពរកីឡាកររូបនេះ ឲ្យឆាប់ជាវិញផងដែរ ដើម្បីវិលត្រលប់មកជួយក្រុមវិញ។

គួររំលឹកផងដែរថា ខ្សែការពាររូបនេះ បានរងរបួសកាលពីអំឡុងខែសីហាមកម្ល៉េះ នៅក្នុងការប្រកួតលីកកំពូលកម្ពុជា ជាមួយនឹងក្រុមណាហ្គាវើល ដែលធ្វើឲ្យរូបគេខកខានមិនបានលេងជាច្រើនប្រកួត ហើយថែមទាំងបាត់បង់ឱកាសប្រកួតនៅក្នុងក្រុមជម្រើសជាតិទៀតផង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កីឡាកររូបនេះក៏មិនទាន់ច្បាស់ជាផ្លូវការដែរថា នឹងមានឈ្មោះទៅប្រកួត AFF Suzuki Cup ឬយ៉ាងណាទេ ខណៈដែលសព្វថ្ងៃនេះ របួសជង្គង់ ក៏បានវិវឌ្ឍន៍ទៅភាពប្រសើរឡើងវិញហើយ៕

ប្រភព៖ Facebook

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ជាមួយនឹងសាររបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលបង្ហោះក្នុងទំព័រហ្វេសបុ៊ករបស់ខ្លួន កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា រូបគេមិនបានបំពេញភារកិច្ចពេញ៩០នាទីទេ ជាមួយក្រុមជម្រើសជាតិ ក្នុងការប្រកួតទល់ជាមួយនឹង ប្រ៊ុយណេ គឺដោយសារតែមានបញ្ហាសុខភាពបន្តិចបន្តួច។

ចាន់ វឌ្ឍនាកា ត្រូវបានប្តូរចេញ ជំនួសវិញដោយកីឡាករផ្សេងទៀតនៅក្នុងតង់ទី២ ដោយលោកគ្រូបង្វឹក Lee Tae Hoon ។ ក្នុងនោះដែរ អ្នកគាំទ្រភាគច្រើន បានគិតថា នេះគឺជាយុទ្ធសាស្រ្តរបស់លោកគ្រូ Lee ដើម្បីទុកជើង វឌ្ឍនាកា នៅប្រកួតក្រោយ ពេលប៉ះ ទីម័រខាងកើត និងផ្សេងទៀតគិតថា ខ្លាច វឌ្ឍនាកា របួសដោយប្រការណាមួយនៅក្នុងការប្រកួត ទើបប្តូរចេញ។ 

គួរបញ្ជាក់ផងដែរថា កីឡាករឆ្នើមរូបនេះ ក៏បានសម្តែងនូវការមិនសប្បាយចិត្តផងដែរ នៅពេលដែលមានបញ្ហាបែបនេះ ប៉ុន្តែមិនថ្វី រូបគេនៅតែជឿជាក់លើក្រុមជម្រើសជាតិរបស់ខ្លួន ទោះបីជាបានប្តូរចេញយ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺក្រុមឈ្នះ។

ចំពោះសារដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះវិញ វឌ្ឍនាកា បានសរសេរថា «សូមអរគុណហើយក៏សូមទោសផងដែរចំពោះអ្នកគាំទ្រកម្ពុជាយើងទាំងអស់ ដែលម្សិលមិញខ្ញុំមិនអាចលេងបានពេញ៩០នាទីដោយសារបញ្ហាសុខភាពបន្តិចបន្តួច សូម្បីខ្ញុំផ្ទាល់ក៏មិនសប្បាយចិត្តនឹងខ្លួនឯងដែរ។ តែមិនសំខាន់ថាខ្ញុំលេងបានប៉ុន្មាននាទីទេ អ្វីដែលសំខាន់ជាងនេះគឺក្រុមឈ្នះ។ កម្ពុជាយើងឈ្នះ២ប្រកួតជាប់គ្នាហើយ ហើយកំពុងត្រៀមសាងប្រវត្តិសាស្ត្រថ្មីក្នុងវគ្គជម្រុះ AFF Suzuki Cup 2016 នេះ។ ខ្ញុំនឹងប្រឹងបន្ថែមទៀតដើម្បីក្រុមសម្រាប់ប្រកួតបន្ទាប់» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]