និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជាចំនួន 80 នាក់បានប្រលងបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកផលិតផលអេឡិកត្រូនិករបស់ Samsung Tech Institute កាលពីថ្ងៃទី05 ខែតុលា កន្លងទៅនេះ។

លោកសាស្ត្រាចារ្យ គឹម វណ្ណី ជាអ្នកសម្របសម្រួល ក្នុងវគ្គបណ្តុះបណ្តាលនេះ បានមានប្រសាសន៍ថា៖ «និស្សិតឆ្នើមចំនួន ០៨ នាក់នឹងត្រូវបានជ្រើសរើសតាមរយៈការប្រលងមួយនេះដើម្បីចុះកម្មសិក្សានៅ មជ្ឈមណ្ឌល ផ្នែកសេវាកម្មរបស់ក្រុមហ៊ុនសាមសុង ដែលពួកគាត់ទាំងអស់អាច មានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ របស់ក្រុមហ៊ុនសាមសុងផងដែរ។»

លោក សុខ ពិសី ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានឲ្យដឹងថា «ការចុះកម្មសិក្សានៅ Samsung Service Center អាចធ្វើឲ្យខ្ញុំនិងនិស្សិតផ្សេងទៀត បានយល់ដឹងកាន់តែច្បាស់ពីផលិតផលអេឡិកត្រូនិកទំនើបៗ របស់សាមសុង ក៏ដូចជាបានរៀនសូត្រជាមួយអ្នកជំនាញ ជាច្រើននាក់នៅទីនោះហើយជាពិសេស ខ្ញុំអាចនឹងមានឱកាស ក្លាយជាបុគ្គលិកនៅក្រុមហ៊ុនសាមសុង ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។» វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2014 ហើយមាននិស្សិត ប្រមាណ200 នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងចំណោមនោះ និស្សិតជាង 10 នាក់ បានទទួលការងារដ៏សមស្របមួយនៅក្រុមហ៊ុនសាមសុងក្នុងទីក្រុងភ្នំពេញ ហើយមាននិស្សិត ជាច្រើននាក់ទៀតដែលបានចេញទៅបម្រើការនៅតាមស្ថាប័នផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅ ប្រទេស។

គួរឲ្យដឹងផងដែរថា វគ្គបណ្តុះបណ្តាលបច្ចេកទេសសាមសុង Tech Institute ជំនាន់ទី3 មានរយៈពេល 4 ខែ គឺចាប់តាំងពី ខែមិថុនា ដល់ ខែតុលា ឆ្នាំ2016។ សិក្ខាកាមត្រូវបាន បង្រៀនទាំងទ្រឹស្តី និងការអនុវត្តន៍ជាមួយសម្ភារៈអេឡិកត្រូនិករបស់សាមសុងដែលរួមមានដូចជា ទូរទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ថេបប្លេត ទូរស័ព្ទដៃ និងម៉ាស៊ីនត្រជាក់ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]