កាហ្សាក់ស្ថាន៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ឲ្យដឹងថា អ្នកអវកាសរបស់អង្គការណាសា លោកស្រី Kate Rubins បានវិលត្រឡប់មកដល់ភពផែនដីវិញហើយ កាលពីថ្ងៃសៅរ៍ ទី២៩ សប្តាហ៍មុននេះ បន្ទាប់ពីបំពេញបេសកកម្មរយៈពេល ១១៥ ថ្ងៃដោយជោគជ័យនៅលើស្ថានីយ៍អវកាសអន្តរជាតិ។

ប្រភពព័ត៌មានបន្តថា សមាជិកនៃក្រុមបេសកកម្ម Expedition 49 ដែលស្ថិតនៅក្នុងយាន Soyuz MS-01 បានចុះចតនៅក្នុងទីក្រុងដាច់ស្រយាល Dzhezkazgan ក្នុងប្រទេសកាហ្សាក់ស្ថាន មុនឈានដល់កណ្តាលរាត្រីថ្ងៃសៅរ៍។

បន្ទាប់ពីនៅលើអាកាសអស់រយៈពេលជាងបីខែ រឿងដំបូងគេដែលលោកស្រី Rubins ធ្វើ គឺទូរស័ព្ទទៅកាន់គ្រួសាររបស់គាត់។ អ្នកអវកាសរូបនេះ ត្រូវបានគេមើលឃើញថា គាត់បានញញឹមយ៉ាងស្រស់ ខណៈកំពុងជជែកគ្នាតាមទូរស័ព្ទ ក្នុងពេលដែលគាត់ត្រូវបានគេសែងចេញពីយានអវកាស យកទៅដាក់ក្នុងតង់ពេទ្យ។

ប្រភពបន្តថាលោកស្រី Rubins ដែលមានសញ្ញបត្រខាងជីវវិទ្យាម៉ូលេគុល បានក្លាយជាមនុស្សទីមួយ ដែលរៀបចំលំដាប់ DNA នៅក្នុងលំហអាកាស ដែលបានរួមចំណែកដល់ការសិក្សាថ្មីៗជាច្រើន នៅលើស្ថានីយ៍អវកាស។

លោកស្រីក៏បានចេញមកខាងក្រៅយានអវកាសក្នុងបេសកកម្ម ដើរក្រៅអវកាសចំនួន ២ផងដែរ  ដែលអំឡុងពេលនោះ លោកស្រី និងអ្នកអវកាសណាសាម្នាក់ទៀតឈ្មោះ Jeff Williams បានតម្លើងខ្សែភ្ជាប់ជាអន្តរជាតិលើកដំបូងផងដែរ។

នៅក្នុងការចុះចតមកផែនដីវិញនេះ ក៏មានអ្នកអវកាសរបស់ NASA ចំនួន២រូបទៀតផងដែរ ដែលស្ថិតនៅក្នុងយាន Soyuz MS-01 គឺភ្នាក់ងាររុករកអវកាសជប៉ុន លោក Takuya Onishi និងអ្នកអវកាសរុស្ស៊ី លោក Anatoly Ivanishin ។

ក្រុមការងារត្រួតពិនិត្យបេសកកម្មរបស់រុស្ស៊ីបានបញ្ជាក់ថា យាន Soyuz MS-01 បានចុះចតដោយសុវត្ថិភាព នៅម៉ោង ១១និង៥៨នាទី ម៉ោងនៅក្នុងប្រទេសលោកខាងកើត  ហើយអ្នកអវកាសទាំង៣ ត្រូវបានក្រុមការងារ បញ្ជូនទៅកាន់អាកាសយានដ្ឋាន ក្រុង Karaganda ដើម្បីធ្វើសន្និសីទកាសែត មុនពេលហោះហើរមកកាន់មូលដ្ឋានរបស់ពួកគេវិញ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]