គ្មានអ្នកណាម្នាក់ ដែលកើតមកមិនចង់រៀនមិនចង់សូត្រនោះទេ ពីព្រោះមានតែការសិក្សាប៉ុណ្ណោះ ដែលអាចផ្តល់ចំណេះដឹង យ៉ាងទូលំទូលាយជូនដល់បុគ្គលម្នាក់ៗបាន។ បើគ្មានចំណេះដឹង មនុស្សយើងម្នាក់ៗមិនអាចស្វែងរកការងារធ្វើបាន មិនអាចទទួលបានប្រាក់ខែខ្ពស់ៗ ជាពិសេសមិនអាចយល់ដឹងពីអ្វីៗដែលកើតឡើង នៅជុំវិញខ្លួនឡើយ។

ថ្នាក់សិក្សាកម្រិតបឋម គឺជាគ្រឹះចម្បងសម្រាប់កុមារៗ ដើម្បីអាចបន្តទៅថ្នាក់ខ្ពស់បាន។ រីឯកម្រិតសិក្សាថ្នាក់វិទ្យាល័យវិញ គឺជាគ្រឹះចំណេះដឹងទូទៅយ៉ាងទូលំទូលាយ ដល់សិស្សានុសិស្ស។ សម្រាប់កម្រិតឧត្តមសិក្សា ជាកម្រិតដែលសិស្សានុសិស្សទាំងអស់ស្រមៃ ចង់សិក្សា ចង់ស្រូបយកនូវចំណេះ "ជំនាញ" មួយផ្សេងទៀត ដែលមានភាពខុសប្លែកគ្នាពីថ្នាក់បឋម និងវិទ្យាល័យ។

ទន្ទឹមនឹងនោះដែរ មានមនុស្សជាច្រើន លើកឡើងថា ការសិក្សាថ្នាក់មហាវិទ្យាល័យ មានភាពខុសគ្នាពីថ្នាក់វិទ្យាល័យច្រើនណាស់។ មានអ្នកខ្លះថាពិបាក អ្នកខ្លះថាល្អជាង ហើយក៏មានអ្នកខ្លះទៀតគិតថាវាមិនជាខុសប្លែកអ្វីទេ។ ដោយហេតុនេះហើយ Khmerload នឹងនាំប្រិយមិត្តមកស្តាប់មតិយោបល់ពីនិស្សិតមួយចំនួន ដែលគាត់ចង់បង្ហាញពីភាពខុសគ្នា នូវជីវិតថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យ ដែលធ្លាប់បានជួបប្រទះ។ តោះទៅតាមដាន ទាំងអស់គ្នា!

មកជួបជាមួយនឹង កញ្ញាមុខស្រស់និស្សិតឆ្នាំទី៤ ម្នាក់ឈ្មោះ “សុជាតា” ដែលបានរៀបរាប់ប្រាប់ក្រុមការងារយើងថា ៖ “បើនិយាយពីកាលរៀនវិទ្យាល័យ យើងមានមិត្តភក្តិច្រើន ក៏ព្រោះតែយើងរៀនសាលារដ្ឋផង សាលារៀនគួរផង ហើយគួបផ្សំជាមួយការដែលយើងរៀនមកយូរហើយ ចឹងយើងក៏មានមិត្តភក្តិច្រើន។ ហេតុនេះ មានន័យថាយើងសប្បាយច្រើនជាង។ ជាពិសេស យើងរៀនថ្នាក់វិទ្យាល័យគឺរៀនអំពី ចំណេះដឹងទូទៅ និយាយរួមគឺមូលដ្ឋានគ្រឹះ ប៉ុន្តែនៅពេលដែលយើង ឈានចូលមករៀនសាកលវិទ្យាល័យវិញ យើងបែរជាស្គាល់មជ្ឈដ្ឋានមួយថ្មី សង្គមថ្មី ស្គាល់មិត្តភក្តិថ្មី ហើយយើងចូលរៀនថ្នាក់សាកល គឺយើងរៀនចំណេះជំនាញ សម្រាប់គោលបំណងរកការងារធ្វើអីជាដើម និងមិនរៀនទូទៅច្រើនដូចពីមុនទៀតទេ។ បើនិយាយពីខ្ញុំ ដែលរៀនតែមួយសាលាសាកលអញ្ចឹង ខ្ញុំមានពេលទំនេរថ្ងៃច្រើន ប៉ុន្តែមិនអង្គុយលេងមិនធ្វើអីសោះនោះទេ គឺខ្ញុំធ្វើកិច្ចការដែលគ្រូដាក់ឲ្យ ធ្វើ assignment ឬ research ផ្សេងៗ មិនដូចជាកាលរៀនថ្នាក់វិទ្យាល័យរៀនច្រើន តែធ្វើកិច្ចការមិនដល់ថ្នាក់មហាវិទ្យាល័យនេះទេ។ ពីមុន (កាលរៀនវិទ្យាល័យ) យើងរៀនក៏រៀន សប្បាយក៏សប្បាយ តែនៅពេលចូលរៀនសាកលវិទ្យាល័យ យើងរៀនមែន ប៉ុន្តែត្រូវគិតជានិច្ច អំពីថ្ងៃអនាគត ថាតើធ្វើយ៉ាងណារកការងារល្អបានធ្វើ ធ្វើម៉េចបានប្រាក់ខែច្រើន។ និយាយរួមគឺត្រូវគិតច្រើនជាងពីមុនឆ្ងាយណាស់”។

រូបភាព៖ កញ្ញា សុជាតា

បែរមកស្រីស្អាតមុខកូនកាត់ចិនវិញឈ្មោះ “សៀវលិញ” ក៏បានលើកឡើងដែរថា ៖ “សម្រាប់ខ្ញុំផ្ទាល់ បើនិយាយទៅលើការសិក្សា ការរៀននៅថ្នាក់វិទ្យាល័យ ចាយលុយអស់ច្រើន ប៉ុន្តែបានផលតិច រីឯរៀននៅសាកល ចាយលុយតិច បានផលច្រើន។ កាលរៀននៅវិទ្យាល័យ ចំណាយពេលអស់ច្រើនពេក គឺរៀនគួរមួយព្រឹក ហើយត្រូវរៀនគួរមួយល្ងាចទៀត។ ចឹងមានន័យថា មួយថ្ងៃគឺ ពីព្រឹកទល់ល្ងាចគឺរវល់។ ហើយធាតុពិត មិនសូវជាបានប្រយោជន៍អីណាស់ណាទេ ពីព្រោះខ្ញុំគិតថារៀនមូលដ្ឋានគ្រឹះហ្នឹង វាច្រើនពេក ហើយក៏ខ្ញុំយល់ថាមិនជាមានប្រយោជន៍ណាស់ណាអីសម្រាប់ខ្ញុំទេ។ បែរមកជីវិតសាកលវិញ គឺត្រូវការរៀនមួយថ្ងៃតែ ៣ ម៉ោង ប៉ុន្តែសម្រាប់ខ្ញុំវាមានប្រយោជន៍ជាង។ ដូចឧទាហរណ៍ថា អ្នករៀនវិទ្យសាស្រ្តកុំព្យូទ័រចឹង អាចនិយាយបានថាស្រដៀងនឹង Maintenance ទៅលើកុំព្យូទ័រដែរ ដែលរៀនចប់ course តែមួយ តែអាចរកការងារធ្វើបានទៅហើយ មិនចាំបាច់រៀនច្រើនដូចនៅវិទ្យាល័យ រៀនមក ១២ ឆ្នាំ ចេញមកអត់ការងារធ្វើនោះទេ។ សូម្បីតែអ្នកធ្លាក់ទី ១២ អាចចាប់ជំនាញ Maintenance មួយក៏អាចមានការងារធ្វើដែរ។ ហេតុនេះហើយ បានជាខ្ញុំគិតថារៀនវិទ្យាល័យ ចាយលុយច្រើនបានផលតិច រីឯរៀនសាកល ចាយលុយតិចបានផលច្រើន។”

ងាកមក កញ្ញាញញឹមស្រស់ម្នាក់ឈ្មោះ “ឡាលីន” បានបញ្ចេញមតិផ្ទាល់ខ្លួនមួយចំនួនផងដែរថា ៖ “ខ្ញុំគិតថារៀន highschool វាមានលក្ខណៈស្រួលជាងរៀន university ពីព្រោះតែថ្នាក់សាកល មានការងារ កិច្ចការផ្សេងៗធ្វើច្រើន។ ហើយមួយវិញទៀត ដូចដឹងស្រាប់ទៅហើយ យើងគឺក្លាយជាមនុស្សធំម្នាក់ ចឹងសូម្បីតែសម្ពាធក៏មានច្រើនដែរ មិនដូចជាកាលដែលយើងរៀនពីមុនៗនោះទេ។ សម្ពាធមិនមានអ្វីច្រើន ក្រៅពីកិច្ចការងារសាលាច្រើន ត្រូវប្រឹងជាងមុន និងត្រូវគិតពីថ្ងៃអនាគតក៏ច្រើនសន្ធឹកទៀត ដូចជាការងារជាដើម។ មិត្តភក្តិ ក៏មិនមានជាអ្វីខុសគ្នាដែរ ព្រោះតែដំបូងៗប្រាកដជាមិនស្គាល់គ្នាហើយ ជាពិសេសអារម្មណ៍ប្លែក ក៏មានតែពេលដំបូងៗហ្នឹងឯង។ ទាល់តែរៀនយូរៗទៅ ក៏គង់តែស្គាល់គ្នា ហើយក៏ល្អៗដូចមិត្តភក្តិយើងពីមុន ដូចពីកាលរៀនវិទ្យាល័យយ៉ាងអញ្ចឹង។”

សរុបមក ការសិក្សាថ្នាក់វិទ្យាល័យ និងការសិក្សាថ្នាក់មហាវិទ្យាល័យ មានភាពខុសគ្នា ទៅតាមគំនិតយោបល់របស់មនុស្សផ្សេងៗគ្នា។ ម្យ៉ាងវិញទៀត ទោះបីជាមានភាពខុសគ្នាយ៉ាងណាក៏ដោយ ក៏កម្រិតថ្នាក់សិក្សាទាំង ២ នេះជាប្រភពចំណេះដឹងយ៉ាងសំខាន់ មិនអាចខ្វះបានសម្រាប់សិស្សានុសិស្ស គ្រប់ៗរូប៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]