ភ្នំពេញ៖ ព្រឹត្តការណ៍កីឡាជាតិ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការកម្មវិធីជាផ្លូវការហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រសែភ្នែកអ្នកទស្សនារាប់មឺុននាក់ កាលពីល្ងាចថ្ងៃទី២៨ ខែតុលាកន្លងទៅនេះ ។

ក្នុងនោះដែរ ម្ចាស់មេដាយមាសអាស៊ានហ្គេម ឆ្នាំ២០១៤ កីឡាការិនី តៃក្វាន់ដូ ស៊ន សៀវមីុ បានចូលរួមជាកិត្តិយស និងជាអ្នកអុជភ្លើងគប់ ផងដែរនៅក្នុងកម្មវិធី ។

គួរបញ្ជាក់ផងដែរថា ការកាន់ភ្លើងគប់ និងការអុជភ្លើងគប់នេះ គឺជាប្រពៃណីទំនៀមទំលាប់មួយដែលមានតាំងពីយូរលង់ណាស់មកហើយ ដែលកើតចេញដំបូងពីព្រឹត្តការណ៍អូឡាំពិកមកម្ល៉េះ រហូតមកទល់ពេលបច្ចុប្បន្ននេះ គ្រប់ប្រភេទកម្មវិធីកីឡាទាំងអស់ សុទ្ធតែមានរៀបចំនូវកម្មវិធីនេះ មុននឹងបើកការប្រកួត។ 

ទើបដូច្នេះហើយ កាលពីម្សិលមិញនេះ កីឡាការិនីឆ្នើម ស៊ន សៀវមីុ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង បន្ទាប់ពីកីឡាការិនីរូបនេះ ត្រូវបានជ្រើសរើស និងអ្នកតំណាងឲ្យកម្មវិធីទាំងមូល កាន់និងអុជភ្លើងគប់ ដើម្បីបើកកម្មវិធីជាផ្លូវការ។

ក្នុងនោះ សៀវមីុ បានឲ្យដឹងថា «មហាកិត្តិយសសម្រាប់នាងខ្ញុំ ដែលបានជ្រើសរើសជាអ្នកកាន់ និងដុតភ្លើងគប់ #កីឡាជាតិលើកទី១» ។ ជាមួយនឹងការលើកឡើងរបស់ សៀវមីុ កាលពីម្សិលមិញនេះ ក៏បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការសាទរ និងក្តីមោទនភាពចំពោះកីឡាការិនីរូបនេះទៀតផង។ នេះបើយោងតាមទំព័ររបស់ សៀវមីុ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា ក្នុងដំណើរ កាន់ និងអុជភ្លើងគប់នេះ ក៏បានចូលរួមជាកិត្តិយសពីសំណាក់កីឡាករជើងចាស់ទសវត្សទី ៨០ និង៩០ ផងដែរ និងជាពិសេសទៀតនោះ ក៏មានតំណាងកីឡាករបាល់ទាត់ឆ្នើមប្រចាំក្រុមជម្រើសជាតិកម្ពុជាផងដែរ៕  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ស៊ន សៀវ​ម៉ី ប្រឈម​ការ​វះកាត់​របួស​ចាស់ ។ គួររំលឹកកាលពីខែកញ្ញាកន្លងទៅនេះផងដែរថា ដំណឹង​មួយ​នេះ គេ​ចាត់​ទុក​ថា​ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ថ្មី ខណៈ​ដែល​ស៊ន សៀវ​ម៉ី ក្នុង​ពេល​កន្លង​មក​ហាក់​មិន​បាន​លើក​ឡើង​ពី​បញ្ហា​របួស​ឱ្យ​គេ​បានដឹង​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ​ស្រាប់តែ​នាង​បញ្ជាក់​ថា ជង្គង់​មាន​អាការ​ធ្ងន់ធ្ងរ​ដែល​អាច​ប្រឈម​ការ​វះកាត់ ។ នាង​អះអាង​ថា ដោយសារ​តែ​ការ​ប្រកួត និង​ហ្វឹកហាត់​តេ​ក្វា​ន់​ដូ​ទើប​បណ្ដាល​ឱ្យ​ជង្គង់​របស់​នាង​មាន​របួស ហើយ​បើ​ទោះជា​បាន​ព្យាបាល​ដល់​ក្រៅប្រទេស​ក៏​បាន​ត្រឹមតែ​ទប់​កុំឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​មុន​ប៉ុណ្ណោះ​។ នាង​ថា ជង្គង់​ដែល​បាន​ធ្វើទុក្ខ​ចាប់ផ្ដើម​រើ​ឡើង​វិញ​បន្ទាប់​ពី​នាង​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ខណៈ​ដែល​ក្នុង​ពេល​នេះ ស្ថានភាព​ធ្វើទុក្ខ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​។ នាង​និយាយ​ថា របួស​របស់​នាង​គ្រូពេទ្យ​កូរ៉េ​តម្រូវ​ឱ្យ​នាង​វះកាត់ ប៉ុន្តែ​បើ​នាង​ឆ្លងកាត់​ការ​វះកាត់​គឺ​មិន​អាច​ដូច​ដើម​នោះ​ទេ ក្នុង​ពេល​ដែល​អ្នក​ណា​ក៏​ដឹង​ថា ជង្គង់​របស់​នាង​មាន​សារសំខាន់​បំផុត​សម្រាប់​ការ​ប្រកួត​មួយ​លើក​ៗ ។

នាង​និយាយ​ថា​៖«​ជង្គង់​ហ្នឹង​មាន​របួស​យូរហើយ​ប៉ុន្តែ​ខ្ញុំ​ចេះ​តែ​លេប និង​លាបថ្នាំ​ព្យាបាល ឥឡូវ​វា​ធ្វើទុក្ខ​មែនទែន បើ​ចង់​ជា​ទាល់តែ​វះកាត់ ហើយ​ខ្ញុំ​អត់​ចង់​វះ​ព្រោះ​វា​ប៉ះពាល់​ការ​ប្រកួត​ក្រោយ​ៗ​ទើប​ចេះ​តែ​ទ្រាំ​!»​។ នាង​ថា គ្រូបង្វឹក​ជា​ជនជាតិ​កូរ៉េ​កំពុង​រក​មធ្យោបាយ​បញ្ចៀស​នាង​ពី​ការ​វះកាត់ និង​កំពុង​ឱ្យ​នាង​ធ្វើ​ចលនា និង​ប្រើ​ថ្នាំ​ជាមួយ​គ្រូ​ជំនាញ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កុំឱ្យ​ការ​វះកាត់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ផ្នែក​ជង្គង់​របស់​នាង​។ សៀវ​ម៉ី​បញ្ជាក់​ថា រហូត​ដល់​ខែឧសភា ឆ្នាំ​២០១៧ ទើប​នាង​មានការ​ប្រកួត​ជា​ថ្មី​ម្ដងទៀត អ៊ីចឹង​នាង​មានឱកាស​សម្រាក​ព្យាបាល​ជង្គង់​នៅ​ក្នុង​រយៈពេល​នេះ ។ ជាមួយនឹង​ការ​ធ្វើទុក្ខ​ជំងឺ​ចាស់​នេះ​ហើយ ទើប​នាង​សម្រេចចិត្ត​ពន្យារពេល​ភ្ជាប់ពាក្យ​ដោយ​មិន​ទាន់​កំណត់​នៅឡើយ ។

ការ​ទម្លាយ​របស់​នាង​ធ្វើ​ឱ្យ​មាន​ក្ដី​បារម្ភ​ពី​ស្រទាប់​មហាជន ជា​ពិសេស​ក្នុង​ពេល​ដែល​នាង​ស្រាប់តែ​ទម្លាយ​ឱ្យ​ដឹង​ពី​បញ្ហា​មុខរបួស និង​ឈាន​ដល់​ការ​ពន្យារពេល​ភ្ជាប់ពាក្យ ។ មានការ​លើក​ឡើង​ថា សមត្ថភាព​ប្រកួត​របស់​ស៊ន សៀវ​ម៉ី នឹង​ធ្លាក់​ចុះ​ដោយសារ​តែ​នាង​មិន​ព្រម​វះកាត់​ឱ្យ​ជា​សះ​១០០​ភាគរយ ហើយ​បើ​នាង​សុខចិត្ត​ទទួលយក​ការ​វះកាត់​តើ​នឹង​មានការ​ប៉ះពាល់​ដល់​ការ​ប្រកួត​របស់​នាង ឬ​យ៉ាងណា? ក្នុង​នោះ​ក៏​មានការ​បារម្ភ​ជុំវិញ​ស្នេហា​របស់​នាង​ផង​ដែរ ដោយសារ​តែ​នាង​ទើបនឹង​ប្រកាស​ថា​ភ្ជាប់ពាក្យ​ធ្វើ​ឱ្យ​មាន ការ​ចាប់អារម្មណ៍​ស្រាប់តែ​ត្រូវ​លុប​ចោល​ទៅ​វិញ​កណ្ដាល​ទី បណ្ដាល​ឱ្យ​មានការ​ប៉ាន់​ស្មានថា គូស្នេហ៍​របស់​នាង​ទំនងជា​អន់ចិត្ត ។ យ៉ាងណាមិញ កីឡាការិនី​រូប​នេះ​បាន​អះអាង​ថា ផ្លូវចិត្ត​របស់​នាង​អត់​មាន​បញ្ហា​ជាមួយ​គូស្នេហ៍​នោះ​ទេ ដោយ​គូស្នេហ៍​របស់​នាង​បាន​ទាំង​បើក​ចិត្ត​ទូលាយ​ទទួលយក​ការ​ពន្យារពេល​ភ្ជាប់ពាក្យ​របស់​នាង​នោះ​ផង ។

នាង​និយាយ​ថា​៖ «​ខ្ញុំ​ឥឡូវ​អត់​មាន​គិត​រឿង​ភ្ជាប់ពាក្យ ឬ​រៀប​ការ​អី​ទេ ដោយសារ​តែ​ជង្គង់​របស់ខ្ញុំ​ស្រាប់តែ​ឈឺ​!» ។ នាង​ថា បុរស​ដែល​នាង​ស្រឡាញ់​អត់​មាន​សតិអារម្មណ៍​ដោយសារ​តែ​នាង​លើក​ពាក្យ​ភ្ជាប់ពាក្យ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​អាណិត និង​យល់​ថា នាង​គួរតែ​បាន​សម្រាក​ព្យាបាល​ជង្គង់​ឱ្យ​បាន​ល្អ​សិន ចាំ​គិត​រឿង​អនាគត ។ ស៊ន សៀម​ម៉ី បញ្ជាក់​ថា រវាង នាង និង​បុរស​ឈ្មោះ ណាយ មាន​ទំនាក់ទំនង​គ្នា​មិន​ក្រោម​៣​ឆ្នាំ​ទេ​ក្នុង​នាម​សង្សារ ហើយ​ក៏​ស្គាល់ចិត្ត​បុរស​ម្នាក់​នេះ​ច្បាស់លាស់​ណាស់​ដែរ ទើប​សម្រេចចិត្ត​ពន្យារ​ភ្ជាប់ពាក្យ ដើម្បី​ទុក​ពេល​មើល​ជង្គង់ និង​បន្ត​ការ​ប្រកួត​ដែល​នាង​ស្រឡាញ់​ពេញចិត្ត​នោះ​សិន ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]