Renewable Energy គឺជាថាមពល ដែលបានមកពីធនធានធម្មជាតិ ជាពិសេស វាបានក្លាយជាចំណែកមួយ យ៉ាងសំខាន់របស់ពិភពលោក សព្វថ្ងៃនេះ។ មិនត្រឹមតែ រួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយការគំរាមកំហែងទៅលើការផ្លាស់ប្តូរអាកាសធាតុប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពប្រើប្រាស់ខ្ពស់ទៀតផង។

ថាមពលដែលបានមកពី ធនធានធម្មជាតិ មានច្រើនប្រភេទដូចជា ៖

• ជីវម៉ាស់(Biomass) ៖ ប្រភេទ ថាមពលធនធានធម្មជាតិ ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនោះគឺ ជីវម៉ាស់។ ជាធម្មតា ជីវម៉ាស់ សំដៅលើការប្រើប្រាស់ សរីរាង្គធម្មជាតិ ទៅបំលែងជា ទម្រង់ថាមពលដទៃផ្សេងទៀត ដែលអាចប្រើប្រាស់បាន។

• សូឡា (Solar)  ថាមពលដែលបានមកពីពន្លឺព្រះអាទិត្យ គឺជាថាមពលដែលគេនិយមប្រើបំផុត មានល្បឿនលឿន និងប្រើបានជាច្រើនឧបករណ៍។ គេប្រើកញ្ចក់ ឬ lenses ដើម្បីស្រូបយកកម្តៅ និងពន្លឺព្រះអាទិត្យ រួចបំលែងវាទៅជា អេឡិចត្រុង។

• កម្លាំងខ្យល់ ៖ កម្លាំងខ្យល់ត្រូវបានគេប្រើប្រាស់ រាប់ពាន់ឆ្នាំមកហើយ សម្រាប់រុញក្តោងទូក ជួយឲ្យម៉ាស៊ីនដំណើរការ និងអាចបង្កើតសម្ពាធជួយដល់ការបូមទឹកទៀតផង។ ការប្រើប្រាស់ កម្លាំងខ្យល់ មកបំលែងជាអគ្គិសនី ត្រូវបានគេស្រាវជ្រាវរកឃើញតាំងពីចុងសត្សវត្សទី ១៩ មកម្ល៉េះ។

• កម្លាំងទឹក ៖ ថាមពលដែលបានពីកម្លាំងទឹក ក៏ស្រដៀងទៅនឹងថាមពលបានពីកម្លាំងខ្យល់ដែរ ជាពិសេស គេចាត់ទុកវាជាថាមពល ដែលមានសក្តានុពល ព្រោះតែកម្លាំងទឹកអាចព្យាករណ៍បាន។ ការទាញយកថាមពលពីកម្លាំងទឹកនេះ មានតាំងពីសម័យ Ancient Rome និងសម័យ Middle Ages មកម្ល៉េះ។

• កម្តៅដី ៖ អគ្គិសនី ដែលបានមកពីកម្តៅដី គឺជាប្រភេទថាមពលធនធានធម្មជាតិមួយទៀត ដែលត្រូវបានគេចាត់ទុកថាមាននិរន្តរភាព និងអាចជឿជាក់បាន។ ថាមពល កម្តៅដី មានទំនាក់ទំនងមកពី ម៉ាក់ម៉ា គន្លងក្តៅ និងចលនា hydrothermal ដែលមានក្រោមដី។ 

បន្ទាប់មកនេះ យើងនឹងនាំប្រិយមិត្ត មកស្គាល់បណ្តាប្រទេសកំពូលៗ ដែលប្រើប្រាស់ថាមពលបានពីធនជាតិធម្មជាតិឈានមុខគេវិញម្តង។ ចង់ដឹងទេថាតើ មានប្រទេសណាខ្លះ?

១. ប្រទេស ស៊ុយអែត (Sweden)

នៅក្នុងឆ្នាំ ២០១៥ ប្រទេសស៊ុយអែត បានប្រកាសចេញនូវគោលដៅប្រកបដោយមហិច្ឆតា ថានឹងលុបបំបាត់ការប្រើប្រាស់ផូស៊ីលឥន្ធនៈ ក្នុងប្រទេសឲ្យបាន។ ហើយស្របពេលភ្លាមៗនោះដែរ ប្រទេស៊ុយអែត ក៏បានចាប់ផ្តើមបោះទុនការវិនិយោគ ទៅលើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ សន្សំសំចៃថាមពល និងប្រើយានយន្តដែលកាត់បន្ថយការបំពុលបរិស្ថាន។

២. ប្រទេស កូស្តារីកា (Costa Rica)

ជាលក្ខណៈអំណោយផលដែរ របស់ប្រទេសនេះ មិនមែនត្រឹមតែលក្ខខណ្ឌភូមិសាស្រ្តល្អប៉ុណ្ណោះទេ ថែមទាំងជាប្រទេស ដែលមានការប្តេជ្ញាចិត្តអភិរក្សបរិស្ថានខ្លាំងក្លាទៀតផង។ ប្រទេសតូច តែខ្លឹមមួយនេះ ប្រើប្រាស់ថាមពល ៩៩% ពីវារីអគ្គិសនី ថាមពលកម្តៅដី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលមានជាតិកាបូនទាបផ្សេងៗទៀត។

៣. ប្រទេស នីការ៉ាហ្គ័ (Nicaragua)

គិតមកទល់នឹងខែមិថុនា ឆ្នាំ ២០១៥ ប្រទេសនីការ៉ាហ្គ័ ទទួលបានថាមពលពីធនធានធម្មជាតិបានរហូតដល់ទៅ ៥៤% នៃថាមពលសរុប។ ប្រទេសនេះ នឹងសម្រេចគោលបំណងផលិតថាមពលពីធនធានធម្មជាតិបានដល់ ៩០% នៅក្នុងឆ្នាំ ២០២០ ដែលរួមមានដូចជាថាមពលកម្លាំងខ្យល់ ពន្លឺព្រះអាទិត្យ និងកម្តៅដី។

៤. ប្រទេស ស្កុតឡេន (Scotland)

អស្ចារ្យណាស់! ស្របពេលជាមួយនឹង ការអភិរក្សបរិស្ថានពិភពលោក ប្រទេសស្កុតឡេន ក៏បានប្រើប្រាស់ថាមពល ដែលបានមកពីកម្លាំងខ្យល់ដែរ។ តើអ្នកមានដឹងទេថា នៅក្នុងឆ្នាំ ២០១៥ ថាមពលដែលបានមកពី កម្លាំងខ្យល់ ដែលទទួលបាន អាចផ្គត់ផ្គង់តម្រូវការមនុស្សក្នុងប្រទេសស្កុតឡេននោះ បានរហូតដល់ទៅ ៩៧% ឯណោះ។

៥. ប្រទេស អាល្លឺម៉ង់ (Germany)

ប្រទេស អាល្លឺម៉ង់ជាប្រទេសដែលនាំមុខគេ ក្នុងពិភពលោក ខាងផ្នែកថាមពលពន្លឺព្រះអាទិត្យ ដែលអាចបំពេញតម្រូវការថាមពលពេញមួយថ្ងៃ បានរហូតដល់ ៧៨%។ សម្រាប់ប្រទេស ដែលមានប្រជាជនជាង ៨០ លាននាក់នេះ ពិតជាអាចស្ទុះទៅរកអនាគត ដែលនាំមុខប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ បានយ៉ាងល្អអស្ចារ្យជាក់ជាមិនខាន។

៦. ប្រទេស អ៊ុយរូហ្គាយ (Uruguay)

ការផ្លាស់ប្តូរមកប្រើ ថាមពលធនធានធម្មជាតិឥលូវនេះ មិនមែនជារឿងយឺតពេលទេ។ ជាក់ស្តែង ប្រទេសអ៊ុយរូហ្គាយ បានពឹងផ្អែកថាមពលធនធានធម្មជាតិរហូត ៩៥% ក្នុងរយៈមិនដល់ ១០ ឆ្នាំផង។ ភាពជោគជ័យលើថាមពលកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យ បានមកពីបទបញ្ញត្តិ និងកិច្ចសហការរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលខិតខំប្រឹងប្រែងរួមគ្នា។

៧. ប្រទេស ដាណឺម៉ាក (Denmark)

ប្រទេស ដាណឺម៉ាក ទទួលបានអគ្គិសនីពី ថាមពលកម្លាំងខ្យល់ដល់ទៅ ៤២% ក្នុងឆ្នាំ ២០១៥ និងមិនមែនត្រឹមតែជាបណ្តុំខ្យល់ក្តៅប៉ុណ្ណោះទេ។ វាជាប្រភេទខ្យល់ពីរទិស ហេតុនេះ វាជាចំនួនភាគរយខ្ពស់បំផុត ប្រចាំពិភពលោក។ នៅក្នុងអំឡុងខែកក្កដា ដែលជាខែមានខ្យល់ខ្លាំង ប្រទេសនេះអាចផលិតបានលើសតម្រូវការ រហូតអាចលក់ចេញទៅបណ្តាប្រទេសជិតខាង ៤០% ទៀតផង។ គេជឿថានៅឆ្នាំ ២០៥០ ប្រទេសនេះនឹងដាក់ឲ្យប្រើប្រាស់ ថាមពលផូស៊ីលឥន្ធនៈ ១០០% ដោយមិនគិតថ្លៃ។

៨. ប្រទេស ចិន (China)

ប្រទេសចិនជាប្រទេសដែលបញ្ចេញ ជាតិកាបូនច្រើនជាងគេ ប៉ុន្តែផ្ទុយទៅវិញ វាក៏ជាប្រទេសដែលនាំមុខគេ ខាងប្រើប្រាស់ថាមពលធនធានធម្មជាតិផងដែរ។ ស្តាប់ទៅវាហាក់ដូចជាមិនសមទាល់តែសោះ តែក្នុងឆ្នាំ ២០១៤ ចិនអាចតម្លើងឧបករណ៍ទាញយកថាមពលខ្យល់ និងឧបករណ៍ទាញយកពន្លឺព្រះអាទិត្យបានច្រើនជាងគេ។

៩. ប្រទេស ម៉ារ៉ុក (Morocco)

ដោយសារតែ ប្រទេសម៉ារ៉ុក ជាប្រទេសដែលអាចទទួលបានពន្លឺព្រះអាទិត្យច្រើនជាងគេ ហេតុនេះទើប រោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេលើពិភពលោក បានបើកដំណើរការដំបូង របស់ខ្លួនក្នុងប្រទេសនេះ។ ដោយកិច្ចសហការជាមួយរាងចក្រវារីអគ្គិសនី និងរោងចក្រថាមពលកម្លាំងខ្យល់ ពួកគេនឹងអាចផ្តល់អគ្គិសនីបាន ៥០% នៃតម្រូវការសរុប នៅក្នុងឆ្នាំ ២០២០។

១០. សហរដ្ឋអាមេរិក (US)

នៅក្នុងសហរដ្ឋអាមេរិក ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ត្រូវបានតម្លើងបន្ថែម នៅរៀងរាល់ ២ នាទី ៣០ វិនាទី ក្នុងឆ្នាំ ២០១៤ ដែលនាំឲ្យប្រទេសអាមេរិក ក្លាយជាប្រទេសដែលប្រើប្រព័ន្ធព្រះអាទិត្យច្រើនជាងគេ លំដាប់ទី ៥ ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ថាមពលដែលទទួលបាននៅ មានចំនួនតិចតួចនោះឡើយ គឺត្រឹមតែ ១៣% នៃតម្រូវការសរុបប៉ុណ្ណោះ។

១១. ប្រទេស កេនយ៉ា (Kenya)

នៅឆ្នាំ ២០១៥ ប្រទេសកេនយ៉ា ទទួលបានថាមពលពីកម្តៅដី ៥១% នៃតម្រូវការថាមពលសរុប។ អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ ប្រទេសនេះនឹងវិនិយោគលើថាមពលកម្លាំងខ្យល់ នៅកសិដ្ឋានមួយធំជាងគេ របស់ប្រទេសអាហ្រ្វិក ដើម្បីអាចទទួលបានថាមពល ២០% បន្ថែមទៀតសម្រាប់ផ្គត់ផ្គង់៕ 

ប្រភព៖ Clean Teachina | Universe Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]