ប៉ូឡូញ៖ ពិតជាមិនធម្មតាមែន ដែលស្ត្រីជនជាតិប៉ូឡូញម្នាក់ ធ្លាប់តែទទួលរងផ្ទៃមុខវៀចក្រញ៉ង់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយការវះកាត់ ផ្លាស់ប្តូរកែមុខមាត់ថ្មី ស្អាតសឹងតែមិនគួរឲ្យជឿ។
យោងតាមប្រភព ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ តុលា ឆ្នាំ២០១៦ បានឲ្យដឹងថា ស្រ្តីជនជាតិប៉ូឡូញរូបនេះ មានឈ្មោះថា Joanna បានទទួលការវះកាត់ ផ្លាស់ប្តូរមុខមាត់ថ្មីជាលើកទីពីរ បន្ទាប់ពីរូបនាងកើតមានជំងឺហ្សែនម្យ៉ាង ដែលបង្កឲ្យកើតមានការដុះដុំសាច់ពក ពេញលើផ្ទៃមុខ ជាហេតុធ្វើឲ្យនាង Joanna ពិតជាពិបាកក្នុងការទំពារ លេបអាហារ និងការនិយាយជាដើម។
ប្រភពបន្តថា នាង Joanna ធ្លាប់បានបង្ហាញខ្លួន នៅក្នុងសន្និសីទកាសែតមួយ អស់រយៈពេលជិត ៣ឆ្នាំកន្លងមកហើយ បន្ទាប់ពីការវះកាត់ផ្ទៃមុខជាលើកដំបូង ដោយមើលឃើញថានៅសល់តែចំណុច ថ្ងាស ហើយនិង.ករបស់នាងតែប៉ុណ្ណោះ ដែលមិនទាន់កែខៃឲ្យបានស្អាតបាតជាងនេះ។
លោកវេជ្ជបណ្ឌិត Adam Maciejewski ដែលជាគ្រូពេទ្យវះកាត់ផ្លាស់ប្តូរមុខមាត់ថ្មីឲ្យនាង Joanna ទាំងពីរលើកនេះ បានឲ្យដឹងថា ចំណាយពេលលើប្រតិបត្តិការ ដ៏សែនស្មុគស្មាញនេះ អស់រហូតដល់ទៅ ២៣ម៉ោងឯណោះ ទម្រាំតែទទួលបានជោគជ័យ។ ដោយផ្ទៃមុខរបស់នាង Joanna មានការផ្លាស់ប្តូរប្លែកជាងមុន បានរហូតដល់ទៅ ៨០ភាគរយ ហើយនាង Joanna ក៏អាចសមត្ថភាពឡើងវិញ ក្នុងការទំពារ លេប និងនិយាយបានវិញផងដែរ។
នាង Joanna បានខូចទម្រង់មុខរបស់នាង ដោយសារតែជំងឺមួយប្រភេទហៅថា Neurofibromatosis ឬជំងឺហ្សែនមួយប្រភេទ ដែលបង្កឲ្យមានដុះដុំសាច់ពក នៅតាមបណ្តោយសរសៃប្រសាទ ប៉ុន្តែវាមិនមែនជាជំងឺឆ្លង ឬជំងឺមហារីកនោះឡើយ។
គួរឲ្យដឹងដែរថា លក្ខខណ្ឌនៃជំងឺបែបនេះ អាចបង្កមកពីបញ្ហាឆ្អឹង សម្ពាធនៅលើសរសៃប្រសាទឆ្អឹងខ្នងឈឺចាប់ខ្លាំង ធ្វើឲ្យពិការ និងប៉ះពាល់ផ្នែកចក្ខុវិញ្ញាណ (ភ្នែក) និងការស្តាប់ជាដើម។ ហើយវាក៏មិនមានថ្នាំសម្រាប់ព្យាបាលនោះឡើយ។ មនុស្សភាគច្រើន អាចមានលទ្ធភាពកើតមានជំងឺប្រភេទនេះ បានរហូតដល់ទៅ ៥០ភាគរយ តាមរយៈហ្សែនរបស់ឪពុកម្តាយ មុនពេលដែលពួកគេកើតមកម៉្លេះ។
ដោយឡែក ចំពោះករណីនាង Joanna នេះវិញ ឆ្លងតាមរយៈការអះអាង របស់លោកវេជ្ជបណ្ឌិតជំនាញ Anand បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា សាច់ដុំពកដែលដុះនេះ វានឹងមិនកើតមានឡើងវិញ នៅលើផ្ទៃមុខរបស់នាង Joanna ទៀតនោះទេ។ ដោយសារតែស្បែកមុខថ្មីរបស់នាងគឺបានមកពីហ្សែនខុសគ្នា៕
ប្រភព៖ បរទេស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]