តួកគី៖ ក្រុមវេជ្ជបណ្ឌិត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកុមារាអាយុ៧ឆ្នាំម្នាក់ តែងតែត្អូញត្អែរឈឺចាប់ក្នុងត្រចៀក មិនខ្ចីបាត់អស់រយៈពេលជាង១០ថ្ងៃ ក្រោយមកទើបរកឃើញថា បែរជាមានសត្វដង្កូវជាច្រើនក្បាល រស់នៅក្នុងត្រចៀករបស់គេទៅវិញ។

យោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ឆ្នាំ២០១៦ ម្សិលមិញនេះ បានឲ្យដឹងថា កុមារា Mehmet Elmaz មានអាយុ ៧ឆ្នាំ រស់នៅក្នុងទីក្រុង Adana ភាគខាងត្បូងប្រទេសតួកគី ត្រូវបានឪពុករបស់គេ បញ្ជូនទៅពិនិត្យនិងព្យាបាល នៅឯមន្ទីរពេទ្យ Adana Research and Training Hospital ភ្លាមៗ បន្ទាប់ពីកុមារារូបនេះ មានអាការៈត្អូញត្អែរឈឺចុកចាប់ ក្នុងត្រចៀករបស់គេយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រហូតដល់ថ្នាក់ធ្វើឲ្យរូបគេ មិនអាចគេងបាន។ ជាលទ្ធផល វេជ្ជបណ្ឌិតបែរជារកឃើញថា មានដង្កូវរហូតដល់ទៅ ១៤ក្បាលឯណោះ រស់នៅក្នុងត្រចៀករបស់គេ។

ប្រភពបន្តថា លោកវេជ្ជបណ្ឌិតឯកទេស Cagri Derici បានប្រើប្រាស់ឧបករណ៍ សោតទស្សន៍ (ប្រដាប់ពិនិត្យរន្ធត្រចៀក) ដើម្បីធ្វើការពិនិត្យមើល ក្នុងក្រដាសត្រចៀក របស់កុមារា Mehmet ដោយរកឃើញថាត្រចៀករបស់គេ គឺពិតជាមានបញ្ហាយ៉ាងពិតប្រាកដមែន។ ពោល គឺមានសត្វដង្កូវរស់នៅ ក្នុងត្រចៀករបស់គេជាច្រើនក្បាលឯណោះ ខណៈវេជ្ជបណ្ឌិតរូបនេះ ក៏សឹងតែមិនជឿនូវអ្វីដែលរូបគាត់ បានឃើញនឹងភ្នែកផងដែរ។

លោកវេជ្ជបណ្ឌិត Cagri បានប្រើចន្ទៀសដើម្បីចាប់យកសត្វដង្កូវចេញ ពីត្រចៀករបស់ Mehmet ដែលមានចំនួនដង្កូវ១៣ក្បាល ខណៈដង្កូវមួយក្បាលទៀត គឺជាប់ស្អិតនៅនឹងចន្លោះសាច់ឆ្អឹងនៃត្រចៀក ជាមូលហេតុមិនអាចចាប់យកចេញបាន ដោយតម្រូវឆ្លងកាត់ តាមរយៈការវះកាត់។

ជួបជាមួយនឹងលោក Elmaz ជាឪពុករបស់កុមារា Mehmet បានឲ្យដឹងថា កូនប្រុសរបស់គាត់តែងតែត្អូញត្អូរថា ឈឺចុកចាប់ក្នុងត្រចៀកយ៉ាងខ្លាំង។ លោកបន្តថា «ខ្ញុំបានសួរកូនប្រុសខ្ញុំ នូវអ្វីដែលបានកើតឡើង ហើយគេក៏បានប្រាប់ខ្ញុំថា គេរមាស់ក្នុងត្រចៀកខ្លាំងណាស់ ហាក់បីដូចជាមានអ្វីកំពុងតែរវើកៗ ក្នុងត្រចៀករបស់គេអីចឹង។ លឺដូច្នោះ ខ្ញុំក៏ទាញមើលត្រចៀករបស់គេមើល តែពុំឃើញមានអ្វីប្លែកនោះឡើយ»

លោកបន្ថែមថា «លុះថ្ងៃបន្ទាប់ កូនប្រុសខ្ញុំប្រាប់ខ្ញុំទៀតថា គេពិតជាឈឺចុកចាប់ និងរមាស់ក្នុងត្រចៀករបស់គេ កាន់តែខ្លាំងជាងមុនហើយ ទើបខ្ញុំសម្រេចចិត្ត នាំគេមកមន្ទីរពេទ្យដើម្បីពិនិត្យមើលនេះតែម្តងទៅ។ ខ្ញុំពិតជាអរគុណ ដល់ព្រះជាម្ចាស់យ៉ាងខ្លាំង ដែលភ្លាមៗនោះគ្រូពេទ្យបានរកឃើញ ដង្កូវក្នុងត្រចៀករបស់កូនប្រុសខ្ញុំ និងថែមទាំងមើលថែទាំគេ យ៉ាងយកចិត្តទុកដាក់ផងដែរ»

ដោយឡែក ចំពោះលោកវេជ្ជបណ្ឌិត Derici ក៏បានមានប្រសាសន៍ចុងក្រោយដែរថា ថ្វីត្បិតតែកុមារា Eehmet ត្រូវបានសង្គ្រោះក៏ពិតមែន ប៉ុន្តែខាងមន្ទីរពេទ្យនឹងបន្តការ ស៊ើបអង្កេតស្រាវជ្រាវ រកមើលមូលហេតុដែលបង្កឲ្យមានសត្វដង្កូវនេះនេះ មករស់នៅក្នុងត្រចៀករបស់គេផងដែរ ៕ 

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]