មហាសេដ្ឋីលំដាប់ពិភពលោក Bill Gates បាននិយាយថា កូនទាំង៣នាក់របស់លោក យល់ច្បាស់ពីហេតុផលដែលលោកសន្យាថា នឹងបរិច្ចាគទ្រព្យសម្បត្តិ ជាង៨៥ពាន់លានដុល្លារ សម្រាប់ការងារមនុស្សធម៌ នៅពេលដែលលោកស្លាប់ទៅ។

ដោយបង្ហាញពីជីវិតឯកជន ស្ថាបនិកក្រុមហ៊ុន Microsoft វ័យ៦០ឆ្នាំ រូបនេះ បាននិយាយថា កូនទាំង៣នាក់របស់លោក មានមោទនភាពណាស់ ចំពោះការសម្រេចចិត្តរបស់លោក ក្នុងការបរិច្ចាគប្រាក់របស់លោក ដើម្បីជួយដល់ជនក្រីក្រ។

លោក Bill Gates បន្តថា ជំនួសឲ្យការផ្តល់ទ្រព្យសម្បត្តិរាប់លានដុល្លារ កូនស្រីទាំងពីរ និងកូនប្រុសរបស់លោក នឹងទទួលបានការសិក្សាដ៏ល្អ ដើម្បីជួយដល់ពួកគេក្នុងការរកការងារដោយខ្លួនឯង។ ប៉ុន្តែលោកក៏បានបន្ថែមដែរថា លោកក៏មានប្រាក់សុវត្ថិភាពសម្រាប់ពួកគេដែរ ដូច្នេះពួកគេនឹងមិនក្រនោះទេ។ 

លោកបានបញ្ជាក់ថា កូនៗរបស់លោកនឹងទទួលបានការសិក្សារដ៏ល្អ និងទ្រព្យសម្បត្តិមួយចំនួន ដូច្នេះពួកគេនឹងមិនក្រនោះដែរ ប៉ុន្តែពួកគេត្រូវតែចេញទៅក្រៅស្វែងរកការងារដោយខ្លួនឯង។

វាមិនមែនជារឿងល្អនោះទេសម្រាប់ក្មេងៗ ដែលឲ្យពួកគេដេកអោបទ្រព្យសម្បត្តិជាច្រើននោះ ព្រោះវាអាចធ្វើឲ្យពួកគេផ្លាស់ប្តូរនូវអ្វីដែលពួកគេអាចនឹងធ្វើ។ ដូច្នេះពួកគេត្រូវត្រួសត្រាយផ្លូវដោយខ្លួនឯង។ លោក Bill Gates បន្ថែម។

ដូច្នេះ Bill Gates ក៏សម្រេចប្រគល់ប្រាក់តែមួយភាគប៉ុណ្ណោះនៃទ្រព្យសម្បត្តិរបស់លោកទៅឲ្យកូនៗ ហើយទ្រព្យសម្បត្តិដែលនៅសល់ទាំងប៉ុន្មាន នឹងដាក់ចូលទៅក្នុងសមាគមន៍សប្បុរសធម៌ របស់លោកដែលមានឈ្មោះថា Bill And Melinda Gates Foundation សម្រាប់ផ្តល់ជំនួយលើគម្រោងការផ្នែកសុខភាព និងការអប់រំ ទៅដល់ជនក្រីក្រ នៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា Bill Gates និងភរិយា លោកស្រី Melinda អាយុ៥២ឆ្នាំ មានកូនចំនួន៣នាក់ គឺនាង Jennifer អាយុ 20ឆ្នាំ, Rory អាយុ 17ឆ្នាំ និងកូនស្រីពៅ Phoebe អាយុ 14ឆ្នាំ។ ដោយបច្ចុប្បន្ន នាង Jennifer គឺជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យដ៏ល្បី Stanford University ដែលជាកន្លែងដែលឪពុករបស់នាង បានបរិច្ចាគប្រាក់ជាង ៦លានដុល្លារ ដើម្បីសាងសង់អគារវិទ្យាសាស្រ្តកុំព្យូទ័រ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]