ឥណ្ឌា៖ វាមិនមែនងាយស្រួលឡើយ ដែលមនុស្សគ្រប់គ្នា អាចមានសមត្ថភាព អូសទាញរថយន្ត ទម្ងន់រាប់តោន បានដោយដៃទាំងទ្វេរបស់ពួកគេនោះទេ។ ប៉ុន្តែបើក្រឡេកទៅមើលឯក្មេងប្រុសវ័យជំទង់ជនជាតិឥណ្ឌាម្នាក់នេះវិញ  មានត្រឹមតែរូបរាងស្គមកំព្រឹង  តែបែរជាមានសមត្ថភាពពិសេស អាចអូសរថយន្តមួយគ្រឿង បានដោយអត់បញ្ហា។

យោងតាមប្រភពពីគេហទំព័របរទេស Oddity Central បានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៥ តុលា ឆ្នាំ២០១៦ កន្លងទៅនេះ បានឲ្យដឹងថា ក្មេងប្រុសវ័យជំទង់ ដែលមានសមត្ថភាពផ្នែកកម្លាំងខ្លាំងបែបនេះ មានឈ្មោះថា Abhishek Choubey មានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ មកពីរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានចាប់ផ្តើមរៀនប្រើស្លាបប្រជៀវរបស់ខ្លួន ដើម្បីអូសទាញវត្ថុធ្ងន់ៗជាច្រើនប្រភេទ តាំងពីគេមានអាយុត្រឹម ៨ឆ្នាំមកម្ល៉េះ។

កាលនោះដំបូងឡើយ Abhishek បានទិញនិងប្រើប្រាស់ ទំពក់ដែលមានលក់នៅឯទីផ្សារ ក្នុងតំបន់ដែលគេរស់នៅប៉ុណ្ណោះ ដើម្បីយកមកហាត់អូសទាញ។ ប៉ុន្តែវាហាក់បីដូចជា មិនសូវត្រូវគ្នាជាមួយនឹងស្លាបប្រជៀវរបស់គេឡើយ។ ក្រោយមកបន្ទាប់ពីឪពុករបស់ Abhishek គឺលោក Avdesh មើលឃើញថាកូនប្រុសរបស់ខ្លួន ហាក់បីដូចជាមានទេពកោសល្យសមត្ថភាព លើជំនាញមួយនេះ ទើបរូបគាត់បានសម្រេចចិត្ត ច្នៃ ឈើទំពក់ពិសេសមួយដោយផ្ទាល់ដៃ ដើម្បីទុកជាកាដូសម្រាប់កូនប្រុស ហាត់រៀនតែម្តង។

Abhishek ពិតជាអស្ចារ្យណាស់ ថ្វីត្បិតតែខ្លួនមានរូបរាងស្គមស្គាំងក៏ពិតមែន ប៉ុន្តែគេបានព្យាយាមហ្វឹកហាត់ និងអនុវត្តអូសវត្ថុធ្ងន់ៗបានយ៉ាងល្អ សឹងតែមិនគួរឲ្យជឿ។ រហូតមកទល់ពេលនេះ Abhishek មានសមត្ថភាពកាន់តែខ្លាំង អាចអូសរថយន្តទំនើបមួយគ្រឿង ដែលមានទម្ងន់រហូតដល់ទៅជាងមួយតោន ពោលគឺទម្ងន់ ១,០៤៩ គីឡូក្រាម អូសបានចម្ងាយរហូតដល់ទៅ ២៧ម៉ែត្រកន្លះ ដោយគ្រាន់តែប្រើស្លាបប្រជៀវរបស់គេតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ យុវជនរូបនេះថែមទាំងអាច អូសរថយន្តបានដល់ទៅ ២គ្រឿង ក្នុងពេលតែមួយ ដោយជោគជ័យថែមទៀតផង។

Abhishek និយាយថា «ខ្ញុំពិតជាទទួលស្គាល់ថា មានមនុស្សជាច្រើនអ្នកផ្សេងទៀត ដែលមានសមត្ថភាពពិសេសបែបនេះ អាចអូសរថយន្តធន់ធ្ងន់ ដោយប្រើត្រចៀក និងសក់របស់ពួកគេជាដើម។ ប៉ុន្តែនេះ មានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាពអាចអូសរថយន្ត បានរហូតដល់ទៅ២គ្រឿង ក្នុងពេលតែមួយ ដោយប្រើត្រឹមតែស្លាបប្រជៀវរបស់ខ្ញុំប៉ុណ្ណោះ»

Abhishek បន្តទៀតថា កន្លងមកក៏ធ្លាប់មានមិត្តភក្តិរបស់គេ ប៉ុន្មាននាក់ទៀតផងដែរ ដែលបានហាត់រៀនធ្វើនូវសកម្មភាពបែបនេះ ដោយអូសត្រឹមរថយន្តធន់តូចៗតែប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេទាំងអស់នោះ មិនអាចធ្វើវាបានដោយជោគជ័យនោះឡើយ។ ពោលបានត្រឹមតែរងរបួសដាក់ខ្លួនប៉ុណ្ណោះ។

Abhishek និយាយថា «ការធ្វើបែបនេះ វាទាមទារឲ្យមានការធ្វើលំហាត់ប្រាណត្រឹមត្រូវ។ ចំពោះខ្ញុំគឺ ហាត់ប្រាណរាល់ថ្ងៃ យ៉ាងហោចណាស់ ១ម៉ោងក្នុងមួយថ្ងៃ»

ប្រភពបានឲ្យដឹងដែរថា គោលដៅថ្មីរបស់ Abhishek គឺពិតចង់ឲ្យសមិទ្ធផល ស្នាដៃរបស់គេនេះ មានការទទួលស្គាល់ ជាប់ឈ្មោះនៅក្នុងសៀវភៅកំណត់ត្រាពិភពលោក «Guinness Book of Records»។ ខណៈឪពុកម្តាយរបស់ Abhishek ក៏បានជំរុញលើកទឹកចិត្ត ឲ្យគេមានការហាត់រៀនបន្ថែមទៀត ដើម្បីជាប់ឈ្មោះក្នុងសៀវភៅកំណត់ត្រាពិភពលោកនេះផងដែរ។

លោក Avdesh ជាឪពុកក៏បានឲ្យដឹងដែរថា «ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះកូនប្រុសខ្ញុំ។ ខ្ញុំចង់ឲ្យគេបន្តធ្វើបែបនេះ ហើយប្រសិនណាបើគេចង់អូសយន្តហោះទៀត ពួកយើងក៏នៅតែគាំទ្រលើរូបគេជានិច្ច ព្រោះពួកយើងដឹងថា វាមិនមានគ្រោះថ្នាក់អ្វីដល់គេនោះឡើយ នោះក៏ដោយសារតែពួកយើង បានពិគ្រោះប្រឹក្សាយោបល់ ជាមួយនឹងក្រុមគ្រូពេទ្យរួចជាស្រេចផងដែរ»

ទស្សនាវីដេអូ៖ 

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]