ថៃ៖ កាសែតបាងកក បានផ្សាយកាលពីព្រឹកថ្ងៃទី២៧ ខែតុលានេះថា ស្ត្រីវ័យ ៥៤ឆ្នាំម្នាក់ បានដើរយ៉ាងសែនឆ្ងាយដោយថ្មើរជើង ដើម្បីមកសម្តែងការគោរពដល់អតីតព្រះមហាក្សត្រថៃ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីវ័យ៥៤ឆ្នាំ ខាងលើមានឈ្មោះថា Malee Dongmai បានដើរអស់រយៈចម្ងាយជាង ៨៤២គីឡូម៉ែត្រ ពីខេត្តភូកេត មកទីក្រុងបាងកក ដើម្បីសម្តែងការគោរពទៅដល់ព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានយាងចូលទីវង្គត់កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅ។ គាត់គឺជាស្រ្តីទី២ ហើយដែលបានធ្វើដំណើរពីភូកេត មកបាងកក។ 

សមាជិកនៃក្រុមសង្គ្រោះ Kusoldharm បានរាយការណ៍ថា មានស្ត្រីម្នាក់ មកពីភូកេត បានដើរសំដៅទៅកាន់ទីក្រុងបាងកក ដើម្បីចូលរួមរំលែកទុក្ខដល់អតីតព្រះមហាក្សត្រ ដោយត្រូវបានគេប្រទះឃើញ កំពុងតែដើរឆ្លងកាត់ ស្ពាន Sarasin កាលពីព្រឹកថ្ងៃទី២៦ ខែតុលា។

លោកស្រី Malee Dongmai បាននិយាយឲ្យដឹងថា “នេះគឺជាលើកទី១ ហើយ ដែលខ្ញុំដើរបានឆ្ងាយយ៉ាងនេះ ហើយអ្វីដែលខ្ញុំកំពុងធ្វើ គឺជាការបង្ហាញពីក្តីស្រឡាញ់ និងភក្តីភាពចំពោះអតីតព្រះមហាក្សត្រ”។ លោកស្រីបន្តថា “ខ្ញុំបានចាប់ផ្តើមដើរចេញពីស្រុក Saphan Hin ហើយរាល់ ៥០គីឡូម៉ែត្រម្តង ខ្ញុំតែងតែសម្រាក ឬក៏ដេកយកកម្លាំងសម្រាប់បន្តដំនើរទៅមុខទៀត។ ខ្ញុំសប្បាយចិត្តនូវអ្វីដែលខ្ញុំធ្វើសម្រាប់ អតីតព្រះមហាក្សត្រ”។

នៅតាមផ្លូវធ្វើដំណើររបស់លោកស្រី Malee Dongmai អ្នកស្រុកជាច្រើនបានចេញមកស្វាគមន៍ និងផ្តល់ម្ហូបអាហារដល់លោកស្រី ដែលនេះជាការផ្តល់កម្លាំងចិត្ត និងការគាំទ្រផ្នែកស្មារតីនៅលើបេសកកម្មមួយនេះ៕ 

ប្រភព៖ Coconuts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]