អីុតាលី៖ កាលពីវេលារំលងអាធ្រាតឆ្លងចូលថ្ងៃទី២៧ ខែតុលា យប់មិញនេះ សារព័ត៌មាន Mirror របស់អង់គ្លេសបានចុះផ្សាយឲ្យដឹងថា ប្រទេសអីុតាលី បានជួបគ្រោះរញ្ជួយដី សាជាថ្មីម្តងទៀតហើយ ប៉ុន្តែលើកនេះធ្ងន់ជាងមុន ដោយគិតត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ អីុតាលីជួបគ្រោះរញ្ជួយដី ៣លើក ដែលបានបំផ្លាញអស់សំណង់អគារជាច្រើន ខណៈទីក្រុងរ៉ូមវិញ ក៏ទទួលបានរំញ័រនៃគ្រោះធម្មជាតិនេះដែរ ។

គ្រោះរញ្ជួយដីទាំង៣លើកនេះ សុទ្ធតែមានកម្រិត និងទំហំរញ្ជួយផ្សេងៗគ្នាទាំងអស់ ដោយលើកទីមួយ រញ្ជួយក្នុងកម្រិត ៥.៤ រិចទ័រ លើកទីពីរ ក្នុងកម្រិត ៦.១រិចទ័រ និងលើកទីបី ៤.៩រិចទ័រ។

យោងតាមប្រភពបានបន្តឲ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះបានវាយប្រហារ នៅជិតព្រំប្រទល់រវាងតំបន់ Marche និង Umbra ដែលជាតំបន់ភូមិភាគកណ្តាលនៃប្រទេសអ៊ីតាលី ខណៈចំនួនជនរងគ្រោះវិញ មិនទាន់កំណត់បានច្បាស់នៅឡើយទេ។

គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីនេះក៏បានបញ្ជូនសញ្ញាដល់ទីក្រុងរ៉ូមផងដែរ ដែលធ្វើឲ្យមានរំញ័រដល់អគារធំៗ និងសំណង់បេតិកភ័ណ្ឌមួយចំនួននៅក្នុងទីក្រុងទៀតផង។

បើតាមការអះអាងរបស់អភិបាលក្រុង លោក Marco Rinaldi បានបញ្ជាក់ឲ្យដឹងថា «កម្លាំងនៃការរញ្ជួយគឺជាពិតជាខ្លាំង ហើយបណ្តាញអគ្គិសនីវិញត្រូវបានដាច់ទាំងស្រុង ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភ។ មួយវិញទៀត ទាំងអគារធំៗ និងផ្ទះមួយចំនួន ត្រូវបានរលំបាក់បែក ដោយសារកម្លាំងរញ្ជួយនេះទៀតផង»

គួររំលឹកផងដែរថា ប្រទេសអ៊ីតាលី ក៏ធ្លាប់ទទួលរងនូវគ្រោះរញ្ជួយដីនេះ កាលពីអំឡុងខែសីហាកន្លងទៅនេះផងដែរ ដោយបានសម្លាប់មនុស្សអស់ជាច្រើននាក់ និងបំផ្លាញអស់ផ្ទះសំបែង និងអគារជាច្រើនទៀតផង៕

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  រញ្ជួយដីនៅអ៊ីតាលី សម្លាប់មនុស្សអស់ ១៥៩នាក់។ គួររំលឹកផងដែរថា យ៉ាងហោចណាស់ មនុស្សប្រមាណជា ១៥៩នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយសារតែគ្រោះធម្មជាតិរញ្ជួយដីដ៏ខ្លាំងក្លាមួយ នៅតំបន់ភាគកណ្តាលប្រទេសអីុតាលី កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ហេតុការណ៍រន្ធត់នេះ បានកើតឡើង នាវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ (ម៉ោងនៅក្នុងតំបន់) ដែលមានកម្រិតរញ្ជួយដី ៦.២វ៉ិចទ័រ នៅតំបន់ Norcia ទីក្រុង Perugia បណ្តាលឲ្យមនុស្សប្រមាណ ១៥៩នាក់ស្លាប់ ក្នុងនោះមានទារក ២នាក់ផងដែរ។ បន្ថែមពីនេះផងដែរ គេជឿជាក់ថា មនុស្សប្រមាណ១០០នាក់ផ្សេងទៀត កំពុងជាប់គាំងនៅក្រោមគំនរបាក់បែក ដែលមិនទាន់ត្រូវបានជួយសង្គ្រោះ នៅឡើយ។

ជនរងគ្រោះមួយចំនួន បានថ្លែងទាំងទឹកភ្នែកប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ខ្លួនបានបាត់បង់បងប្អូនសាច់ញាតិ និងគ្រួសារជាទីស្រលាញ់អស់ហើយ ទាំងកូនតូចៗ បងប្អូនប្រុសស្រីរបស់ពួកគេ។ ក្នុងនោះទារកទើបតែមានអាយុ ១៨ខែម្នាក់ ដែលកំពុងតែគេងលង់លក់ក្នុងដំណេក បានស្លាប់ដោយសារការបាក់សំណង់អគារ ផ្ទះសំបែង គ្របដណ្តប់ពីលើតែម្តង។

យ៉ាងណាមិញ ក៏មានក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ ដែលជាប់គាំងនៅក្រោមគំនរបាក់បែក អស់រយៈពេលជាង ១៧ម៉ោង សំណាងល្អអាយុថ្លៃមិនបានបាត់បង់ជីវិតឡើយ។ អ្វីដែលមិនគួរឲ្យជឿនោះ នាងថែមទាំង មិនបានរងរបួសអ្វីធ្ងន់ធ្ងរផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]