អាមេរិក៖ តារាម៉ូដែល ដ៏ក្លាហានម្នាក់ មិនខ្លាចគ្រោះថ្នាក់ ហ៊ានប្រឈមមុខនឹងកម្លាំងខ្យល់ខ្លាំង ព្រមទាំងមិនខ្លាចខ្ពស់ ហ៊ានឡើងលើជម្រាលភ្នំកម្ពស់ជាង ៩១៤ម៉ែត្រ ដើម្បីទៅថតរូបនៅទីនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដេលីម៉ែល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

នាង Kristina Marie Folcik-Welts តារាម៉ូដែល វ័យ៣៨ឆ្នាំ បានស្លៀករ៉ូបពណ៌ស្វាយ ដ៏ស្រស់ស្អាត ដើម្បីថតនៅលើជម្រាលភ្នំ White Mountains ដែលស្ថិតក្នុងរដ្ឋ New Hampshire សហរដ្ឋអាមេរិក ក្នុងន័យនៃរដូវស្លឹកឈើជ្រុះនឹងទឹក។ 

នាងបាន បោះជំរំ នៅតំបន់ភ្នំ Eaglet ក្នុងឧទ្យានជាតិ Franconia Notch រដ្ឋ New Hampshire ដើម្បីត្រៀមខ្លួនក្នុងការថត ដែលមានរយៈពេល២ថ្ងៃ។ ហើយការ​យក​សម្ភារ​ៈទៅកាន់ទីតាំងថត ត្រូវចំណាយកម្លាំងមនុស្សចំនួន៥នាក់ ដើម្បីយកទៅដល់ ប៉ុន្តែចំពោះដំណើរការថត គឺមានតែលោក Jay Philbrick និងនាង Kristina Marie តែ២នាក់ប៉ុណ្ណោះ។

លោក Jay Philbrick ជាអ្នកថតរូបបាននិយាយថា នៅក្នុងអំឡុងពេលថតរូបនោះ នាង Kristina ត្រូវបានគេចងភ្ជាប់ទៅនឹងផ្ទាំងថ្ម ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង ។ អ្នកថតរូបវ័យ ៦២ឆ្នាំ ដែលមានឯកទេសក្នុងការថតរូបបែបនេះបានបន្ថែមថា ទោះបីជាមានខ្យល់បក់ខ្លាំងក៏ដោយ តែវាពិតជាអំណោយផល ដល់ការថតក្នុងស្ថានភាពនោះណាស់។

លោក Jay Philbrick បាននិយាយថា “ខ្យល់ពិតជាបក់ខ្លាំងណាស់ ក្នុងរយៈពេល២ថ្ងៃនៃការថតនេះ ហើយយើងពិតជាពិបាកក្នុងការគ្រប់គ្រងរ៉ូបនោះខ្លាំងណាស់។ ពួកយើងក៏បានឡើងទៅលើជម្រាលភ្នំនេះ មុនពេលដំណើរការថតផងដែរ ដើម្បីប្រាកដថា នាង Kristina អាចឈរនៅទីនោះបានដោយសុវត្តិភាព។ តែទោះជាយ៉ាងណា នៅទីបញ្ចប់រូបថតដ៏ស្រស់ស្អាតជាច្រើនត្រូវបានផ្តិតយក ក៏ដោយសារតែមានខ្យល់បក់ខ្លាំងជាជំនួយផងដែរ ៕

ប្រភព៖ DailyMail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]