ភ្នំពេញ៖ កន្លងមកមហាជនធ្លាប់តែឃើញ កំពូលតារាចម្រៀងស្រី កញ្ញា មាស សុខសោភា បង្ហោះរូបថតស្អាតៗ ពេលចូលរួមកម្មវិធីនានា តែកាលពីយប់មិញនេះ រូបនាងបានបង្ហោះសារមួយ ដែលទាក់ទងនឹងជម្ងឺមហារីកសុដន់ ដែលបងប្អូននារីគួរតែយល់ដឹងបន្ថែម។

ក្នុងនោះ កញ្ញា មាស សុខសោភា បានសរសេរសារថា ៖ សូមអភ័យទោសសំរាប់ការផុស Status មួយនេះ ក្នុងនាមជាស្រ្តីម្នាក់ ការយកចិត្តទុកដាក់ចំពោះសុខភាព បានក្លាយទៅជាកត្តាចំបងសំរាប់នារីយើងនាពេលបច្ចុប្បន្ននេះ។ ភាគច្រើនបញ្ហាជាទូទៅរបស់ស្រ្តីខ្មែរនៅក្នុងប្រទេសកម្ពុជា គឺជម្ងឺមហារីកសុដន់ ដែលស្រ្តីមួយចំនួនធំបានមើលរំលង ព្រមទាំងមិនយកចិត្តទុកដាក់ចំពោះជម្ងឺមហារីកមួយនេះ។ ជម្ងឺមហារីកសុដន់ បានក្លាយជាជំងឺដែលកាចសាហាវព្រមទាំង បានសម្លាប់ស្រ្តីខ្មែរយ៉ាងច្រើន ដូច្នេះសូមចំណាយពេលវេលាដ៏ខ្លី ក្នុងការត្រួតពិនិត្យ និងស្វែងយល់ដោយខ្លួនឯងតាមរូបភាពខាងក្រោមនេះ៖

១ សុដន់ផ្លាស់ប្ដូរទំហំ និង ទម្រង់

២ មានសភាពរមាស់និងឡើងក្រហម នៅលើសុដន់ ឬក្បាលសុដន់

៣ សារធាតុរាវចេញពី ក្បាលសុដន់ទាំងសងខាង ឬតែម្ខាង

៤ មានដុំពក ត្រង់បរិវេន ក្លៀក ឬ ក

៥ ដុំគីស ឫ ដុំទឹក វាមានលក្ខណៈខុសពីសាច់សុដន់

៦ ពេលខ្លះសុដន់ប្រែទៅជាប៉ោង ឬ ផតចូល

៧ ក្បាលសុដន់លឹបចូលក្នុង ឬផ្លាស់ប្តូរទីតាំង ឬទំហំ

៨ មានអារម្មណ៍ថាឈឺនៅបរិវេនសុដន់ ឬក្លៀក។

ចំពោះការចែករំលែកសារល្អៗទៅកាន់នារីៗ របស់តារាស្រីរូបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ពេញចិត្តយ៉ាងខ្លាំង ដែលរូបនាងបានចំណាយពេលវេលា សរសេរពី ការស្វែងយល់ និងត្រួតពិនិត្យមើលដើមទ្រូងរបស់ខ្លួន ថាមានសុខភាពល្អ រឺក៏មានបញ្ហា។

គួររំលឹកផងដែរថា កញ្ញា មាស សុខសោភា តែងត្រូវបានគេកោតសរសើរថា ជាតារាស្រីមួយ ចូលចិត្តផ្តល់ដំបូន្មានល្អៗទាក់ទងនឹងសុខភាពនារី ធ្វើការងារសង្គមច្រើន និងឧស្សាហ៍ចេញមុខក្នុងកម្មវិធីសប្បុរសធម៌ ដែលពេលខ្លះ រូបនាងមិនយកថវិកាមួយកាក់មួយសេនទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា