អាមេរិក៖ ជាមួយនឹងភាពតស៊ូដ៏លំបាកវេទនា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ១៩៧៥ រហូតដល់ ឆ្នាំ១៩៧៩ បុរសដែលមានដើមកំណើតជាជនជាតិខ្មែរម្នាក់ ឈ្មោះ Sam Sann សព្វថ្ងៃចូលសញ្ជាតិអាមេរិក បានបើកក្លិបហាត់ប្រាណដ៏ធំមួយ នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងទីក្រុង Houston  ហើយលោក Sam គឺជាជនជាតិខ្មែរទី១ផងដែរ ដែលបានឡើងទៅប្រកួតនៅក្នុងកម្មវិធីដ៏ល្បីរបស់អាមេរិកមួយហៅថា American Ninja Warrior ដែលធ្វើឲ្យប្រជាជនអាមេរិកស្គាល់គាត់ផងដែរ។

ក្រឡេកមកមើលខ្សែជីវិតពិតរបស់ Sam Sann វិញ ដោយយោងតាមគេហទំព័រ Iron Sport Fit របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា Sam បានប្រឡូកក្នុងជីវិតជាអត្តពលិកនេះអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ Sam និងក្រុមគ្រួសារ គឺជាម្ចាស់នៃក្លិបហាត់ប្រាណមួយកន្លែង មានឈ្មោះថា «Iron Sports» ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Houston រដ្ឋ Texas។

ប្រភពបានបន្តទៀតថា ខ្សែជីវិតរបស់ Sam ពីមុនគឺធ្លាប់ជួបរឿងលំបាកវេទនាជាច្រើន ដែលកាលពីសម័យប៉ុលពតឆ្នាំ១៩៧៥ ដល់ ១៩៧៩ Sam ព្រមទាំងជីដូន និងប្អូនស្រីរបស់គេ ព្យាយាមរត់ផង ពួនផងដើម្បីចៀសផុតសេចក្តីស្លាប់ ហើយកាលនោះមានតែសត្វពស់ និងសត្វល្អិតតូចៗប៉ុណ្ណោះ គឺជាអាហារប្រចាំថ្ងៃរបស់ពួកគេ។

ក្រោយពីសម័យសង្រ្គាមបានបញ្ចប់ទៅ Sam ក៏បានជួបជុំឪពុក និងបងប្អូនវិញ ប៉ុន្តែដោយកាលនោះ អង្គការកាកបាទក្រហមបានចាប់ផ្តើមបង្កើតឡើងវិញ Sam និងប្អូនស្រីរបស់គេក៏ត្រូវបានបញ្ជូនមកទីក្រុង Houston សហរដ្ឋអាមេរិកតែម្តង ។

ចំពោះជីវិតរស់នៅក្នុងសហរដ្ឋអាមេរិកវិញ Sam បានចូលរៀននៅសាលាជាច្រើន ដោយក្នុងនោះមានដូចជា Fleming Middle School , Law Enforcement High School និង Westfield High School ។ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ Sam បានរៀនផង ធ្វើការផង ដោយកាលនោះ គាត់បានធ្វើការនៅហាងលក់ចំនីអាហារមួយកន្លែងផង ធ្វើការនៅក្លិបហាត់ប្រាណផង មិនថែមតែប៉ុណ្ណោះគាត់ធ្លាប់ធ្វើជាជាងជួសជុលរថយន្តផងដែរក្នុងអំឡុងរដូវក្តៅ ។ 

ជីវិតរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ចាប់ផ្តើមមានការប្រែប្រួលបន្តិចម្តងៗ។ ក្រោយពីរៀនចប់ Sam បានដើរតាមអ្នកគ្រប់គ្រងក្លិបហាត់ប្រាណរបស់គាត់ រហូតបានក្លាយជាគ្រូបង្វឹកម្នាក់។ បន្ទាប់មកទៀត Sam បានផ្លាស់ប្តូរទីលំនៅរបស់គាត់ មកនៅផ្លូវ៩០វិញ ក្នុងទីក្រុង Houston ដោយពេលនោះគាត់បានស្គាល់នារីម្នាក់ធ្វើការក្នុងហាង Burger King រហូតដល់ឆ្នាំ១៩៩៣ ពួកគេក៏បានកសាងគ្រួសារមួយ ដោយបានរៀបការជាមួយគ្នាចាប់តាំងពីពេលនោះមក ។

រហូតមកដល់ឆ្នាំ២០០០ ពួកគេទាំង២ក៏បង្កើតបានកូនស្រីម្នាក់ ហើយ Sam និងប្រពន្ធបានបើកហាងម៉ាស្សាមួយកន្លែង ដើម្បីបន្តរកស៊ីចិញ្ចឹមជីវិត។ ជាក់ស្តែង Sam ធ្លាប់ជាគ្រូបង្វឹកផងនោះ រូបគេក៏បន្ថែមអាជីវកម្មមួយទៀត គឺបើកក្លិបហាត់ប្រាណមួយផ្ទាល់ខ្លួន ដែលមានឈ្មោះថា «Iron Sports» ដូចដែលបានរៀបរាប់ខាងលើតែម្តង។ គួរបញ្ជាក់ផងដែរថា ការបើកអាជីវកម្មទាំងនេះ ក៏សុទ្ធតែបានជួយជ្រោមជ្រែងពីគ្រួសារ និងមិត្តភក្តិគាត់ផងដែរ ។

ជីវភាពរស់នៅ ក៏កាន់តែប្រសើរឡើងៗ រហូតមកដល់ឆ្នាំ២០១២ ដោយពឹងផ្អែកខ្លួនជាគ្រូបង្វឹក មានកាយសម្បទានមាំមួន និងជាអត្តពលិកផងនោះ Sam ក៏មានចំនាប់អារម្មណ៍ចូលប្រកួតប្រជែងក្នុងកម្មវិធីមួយហៅថា American Ninja Warrior រដូវកាលទី៤។

នៅក្នុងរដូវកាលទី៤ នៃកម្មវីធី American Ninja Warrior ធ្វើឡើងកាលពីឆ្នាំ២០១២ កន្លងទៅ Sam មិនទទួលបានជោគជ័យនោះទេ ដោយឆ្លងមិនផុតវគ្គតោងសំណាញ់ (Jumping Hang) ក្នុងជុំដំបូង។ Sam មិនទាន់បោះបង់ ក៏បានព្យាយាមម្តងទៀត នៅរដូវកាលទី៥ ប៉ុន្តែនៅតែទទួលបរាជ័យនៅវគ្គ Giant Cycle ដែលធ្វើឲ្យលោកធ្លាក់ចូលទឹក ហើយថែមទាំងរបួសជើងទៀតផង ។

ដោយចិត្តពុះពារ និងការស្រលាញ់ផងនោះ Sam បានខិតខំហ្វឹកហាត់ ហើយក៏បានវិលត្រលប់មកម្តងទៀត នៅរដូវកាលទី៦ ប៉ុន្តែនៅតែបរាជ័យដដែលនៅវគ្គ Giant Cycle ដូចគ្នាកាលពីរដូវកាលទី៥ ។ 

ចូលមកដល់រដូវកាលទី៧ Sam មានឱកាសបានឆ្លងចូលវគ្គផ្តាច់ព្រ័តជុំដំបូង ក្នុងទីក្រុង Denver ប៉ុន្តែនៅតែមិនបានទទួលជោគជ័យ នៅជុំបន្ត។ ចំនែកឯរដូវកាលទី៨ ដែលទើបកន្លងផុតទៅនេះ Sam ក៏នៅតែមិនអាចឆ្លងផុតដល់វគ្គបញ្ចប់ផងដែរ ទើបធ្វើឲ្យបច្ចុប្បន្នរូបគាត់នៅតែបន្តការងារជាគ្រូបង្វឹក ក្នុងក្លិបហាត់ប្រាណរបស់គាត់ដដែល។

ប៉ុន្តែយ៉ាងណាមិញ Sam គឺជាបុរសដែលមានដើមកំណើតជាជនជាតិខ្មែរទី១ ដែលបានឡើងមកប្រកួតនៅក្នុងកម្មវិធីដ៏ល្បីមួយនេះ ហើយមិនទាន់មានជនជាតិខ្មែររូបណាធ្លាប់ធ្វើ ក៏ដូចជាឆ្លងកាត់បទពិសោធន៍ជាច្រើនជាមួយនឹងកម្មវិធីនេះដូចរូបគាត់បាននៅឡើយទេ ៕

ប្រភព៖ sasukepedia | ironsportsfit 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]