កូរ៉េខាងត្បូង៖ ពេលវេលាដែលអ្នកគាំទ្រទាំងអស់របស់ក្រុម BigBang មិនចង់ឲ្យមកដល់ ទីបំផុតនៅតែមកដល់ឲ្យទាល់តែបាន ដែលតារាប្រុសរូបសង្ហាវ័យ ៣០ជាង លោក T.O.P សមាជិកក្រុម BigBang ត្រូវបានប្រកាសជាផ្លូវការថា នឹងត្រូវចូលបម្រើកងទ័ព នៅក្នុងពេលឆាប់ៗនេះហើយ។

គួរឲ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ លោក T.O.P បានទៅធ្វើតេស្តពិនិត្យរាងកាយ និងបំពេញបែបបទ ដើម្បីចូលបំពេញកាតព្វកិច្ចកងទ័ព នៅឯទីក្រុងសេអ៊ូល ដោយក្នុងនោះលោកបាន ជ្រើសរើសយកផ្នែក អ្នកឯកទេសខាងយោធា ផងដែរ។ តាមរយៈគេហទំព័រ ដែលបង្ហាញពីតារាងរាយឈ្មោះរបស់អ្នក ដាក់ពាក្យសុំចូលបម្រើកងទ័ព គេសង្កេតឃើញយ៉ាងច្បាស់ថា ឈ្មោះរបស់លោក T.O.P  ដែលមានឈ្មោះពិតថា Choi Seung Hyun គឺមាននៅក្នុងបញ្ជីរាយឈ្មោះនោះ។

ទន្ទឹមនឹងនេះ អ្នកគាំទ្រជាច្រើនគិតថា លោក T.O.P អាចនឹងឆ្លងកាត់ជាប់វគ្គប្រឡងនេះបានយ៉ាងរលូន ហើយបើសិនជាលោកជាប់ លោកនឹងត្រូវទៅហ្វឹកហ្វាត់កងទ័ព នៅដើមឆ្នាំក្រោយនេះហើយ។ គូសបញ្ជាក់ថា ចំពោះលទ្ធផលប្រឡងនេះ នឹងត្រូវប្រកាសជាផ្លូវការនៅលើគេហទំព័រ នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះហើយ។

មិនថាយ៉ាងណា ក្រុម BigBang រំពឹងថា នឹងចេញអាល់ប៊ុមថ្មីមួយ ឲ្យមុនពេលចុងឆ្នាំនេះ ពីព្រោះថា T.O.P នឹងត្រូវចូលបម្រើកងទ័ពនៅដើមឆ្នាំក្រោយនេះហើយ ដូចនេះ អាល់ប៊ុមថ្មីរបស់ពួកគេ អាចជាអាល់ប៊ុមចុងក្រោយរបស់ BigBang ក៏ថាបានដែរ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ក៏មានតារាចម្រៀងប្រុស ២ដួង ដែលមានឈ្មោះបោះសំលេង យ៉ាងខ្លាំងក្លា គឺលោក Siwon និង លោក Donghea ដែលជាសមាជិក្រុម Super Jounior ក៏កំពុងតែស្ថិតនៅក្រោមកំហិតនៃការបម្រើកងទ័ពផងដែរ៕ 

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែកងាកទៅប្រទេសថៃវិញ កាលឆ្នាំ២០១៥កន្លងទៅនេះ តារាសម្តែងប្រុស ល្បីឈ្មោះ ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ លេខ៣ លោក Mario Maurer ក៏បានទៅចូលរួម ការធ្វើតេស្តពិនិត្យរាងកាយ និងបំពេញបែបបទ ចូលបំពេញ កាតព្វកិច្ចកងទ័ព

តារាសម្តែងប្រុស វ័យ ២៦ឆ្នាំ Mario Maurer ត្រូវប្រភពឲ្យដឹងមកថា រូបគាត់ ត្រូវចាប់យកគ្រាប់បាល់ (Ball) មួយគ្រាប់ ដែលមានតែ ២ ពណ៌ប៉ុណ្ណោះ។ ជាសំណាងល្អ តារាប្រុសសង្ហារ រូបនេះ គាត់ចាប់បាន គ្រាប់ពណ៌ខ្មៅ ដែលមានន័យថា រូបគាត់ មិនត្រូវចាត់ចូល ឲ្យបម្រើកងទ័ពឡើយ តែប្រសិនពេលនោះ គាត់ចាប់បាន ពណ៌ក្រហម វិញនោះ ទើបត្រូវចូលបម្រើកងទ័ព រយៈពេល ចំនួន ២ឆ្នាំ។ គួរបញ្ជាក់ដែរថា Mario គាត់ធ្លាប់បាន ខកខាន ក្នុងការចុះឈ្មោះ ចូលបម្រើកាតព្វកិច្ច កងទ័ព ជាច្រើនឆ្នាំមកហើយ ឯសំរាប់ពេលនេះវិញ គាត់បែរជាសំណាងល្អ អាចនៅបន្ត ការងារ សិល្ប:បន្តទៅមុខទៀត។

ទោះបីជាយ៉ាងណា គាត់បាននិយាយថា "ខ្ញុំពិតជារំភើបណាស់ នៅពេលខ្ញុំ កំពុងតែ ចាប់កាត... ប្រសិនបើខ្ញុំ ចាប់បាន កាតពណ៌ក្រហម ខ្ញុំនឹងចូលបម្រើការងារ ជាកងទ័ព ហើយអាចជួយ ប្រទេសជាតិបាន ហើយប្រសិនបើខ្ញុំ ចាប់បានកាត ពណ៌ខ្មៅ ខ្ញុំនឹងនៅតែធ្វើ ជាអ្នកសិល្បៈដដែល ប៉ុន្តែខ្ញុំ នៅតែអាចជួយ ប្រទេសជាតិបានដដែល ដោយតាមមធ្យោបាយ ផ្សេងទៀត។ ជាពិសេសទៀតនោះ ខ្ញុំសូមអរគុណទៅដល់ អ្នកគាំទ្រ ជាច្រើនរបស់ខ្ញុំ ដែលបានមកទីនេះ ដើម្បីជួយបញ្ចុះបញ្ចូល ដល់រូបខ្ញុំ។ ខ្ញុំនឹងត្រឡប់ទៅវិញ ដើម្បីធ្វើការ និងរៀន ហើយខ្ញុំ នឹងបញ្ចប់ការសិក្សា របស់ខ្ញុំ នៅខែវិច្ឆិកា ខាងមុខនេះ" ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]