ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងដែលត្រូវបានទទួលការគាំទ្រដ៏ច្រើនលើសលប់ តាមរយៈការបង្ហាញខ្លួន នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia Season 2» របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស កញ្ញារ៉េត ស៊ូហ្សាណា បច្ចុប្បន្នបានក្លាយជាមនុស្សម្នាក់ ដែលទទួលសម្លេងគាំទ្រខ្លាំង គួរឱ្យកត់សម្គាល់ក្នុងស្រទាប់យុវវ័យ។ នាងត្រូវបានគេស្គាល់ច្បាស់ថា គឺជាក្មេងស្រីមានទឹកដមសម្លេងពិរោះទាក់ទាញគួរឱ្យចង់ស្តាប់ ជាពិសេសគឺការច្រៀងចម្រៀងជាភាសាបរទេស។

ប៉ុន្តែទន្ទឹមនឹងមានការគាំទ្រ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបាន សម្តែងការមិនពេញចិត្តជាខ្លាំងផងដែរ ខណៈពេលដែលនាងច្រៀងបទ ជាភាសាបរទេសច្រើនជាងភាសាខ្មែរនៅលើឆាក «The Voice Cambodia»។ ហើយបន្ទាប់ពីបានចាកចេញពីក្នុងកម្មវិធីប្រឡងត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីពេលកន្លងទៅមក កញ្ញា រ៉េត ស៊ូហ្សាណា នៅតែបន្តមានប្រជាប្រិយភាពមិនធម្មតា ទោះបីជារងនូវការរិះគន់មិនតិចដងក្នុងពេលកន្លងទៅក៏ដោយ ហើយថ្មីៗនេះនាងក៏បានចេញបទចម្រៀង «Baby I Promise You» ក្នុងផលិតកម្មរស្មីហង្សមាស និងទទួលបានការគាំទ្រសន្ធឹកសន្ធាប់ទៀតផង។

ឆ្លងតាមរយៈព្យុះភ្លៀងទាំងនោះបានធ្វើឱ្យកញ្ញាដ៏ក្មេងខ្ចីម្នាក់នេះ មានភាពរឹងមាំ កាន់តែខ្លាំងឡើងៗ ថែមទាំងបាននិយាយប្រាប់ខ្លួនឯង ដោយបានបង្ហើរនៅក្នុង ហ្វេសប៊ុកជាផ្លូវការរបស់ខ្លួនថា៖ «ការតស៊ូក្នុងជីវិត និងការមិនចុះចាញ់គឺជាខ្ញុំ»។ មួយឃ្លានេះរបស់នាង ពិតជាបានចាក់ចំបេះដូងអ្នកគាំទ្រជាច្រើន ឱ្យកាន់តែ ស្រឡាញ់ចូលចិត្តនាងទ្វេដង។ ពួកគេបានសម្តែងការពេញចិត្តយ៉ាងខ្លាំង ព្រមទាំងបានផ្តល់កម្លាំងចិត្តឱ្យ ហ្សាណា ខិតខំបន្តនៅក្នុងវិស័យសិល្បៈចម្រៀង មួយនេះ ដើម្បីអនាគតភ្លឺស្វាងលើវិថីសិល្បៈដែលនាងតែងតែប៉ងប្រាថ្នា។

ក្រៅពីនេះ ហ្សាណា ក៏បាននិយាយទៅកាន់អ្នកគាំទ្រខ្លួនបន្ថែមទៀតថា៖ «សូមអរគុណរាល់ការគាំទ្រពីពុកម៉ែបងប្អូននិងការផ្តល់កំលាំងចិត្តដល់នាងខ្ញុំ។ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»។

ចុះប្រិយមិត្តទាំងអស់គ្នា ចូលរួមផ្តល់កម្លាំងចិត្តឱ្យ រ៉េត ស៊ូហ្សាណាដែរទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា