ឌូបៃ៖ ក្មេងប្រុសអាយុ៧ឆ្នាំ ម្នាក់ បានឈ្នះពានរង្វាន់ Arab Reading Challenge ឬ ការប្រកួតអានភាសាអារ៉ាប់ ដោយទទួលបានប្រាក់រង្វាន់ចំនួន ១៥០,០០០ ដុល្លារ នេះបើយោងតាមការផ្សាយរបស់ ការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ ទីក្រុងឌូបៃ។

ការប្រកួតនេះត្រូវបានធ្វើឡើង ដោយមានការចូលរួមពីមនុសជាង ៣លាននាក់ មកពីជុំវិញប្រទេសអារ៉ាប់រួម ដោយជ័យលាភី បានទៅលើក្មេងប្រុស Mohammad Farah អាយុ៧ឆ្នាំ មកពីអាល់ហ្សេរី ដែលជាម្ចាស់ពាន Arab Reading Challenge ក្នុងចំណោមអ្នកប្រកួតជម្រុះចុងក្រោយចំនួន១៨នាក់។ 

ការប្រកាសលទ្ធផល ត្រូវបានធ្វើឡើងនៅចុងបញ្ចប់កម្មវិធីប្រកួត នៅក្នុងអគារ Dubai Opera House ពីសំណាក់វត្តមានដ៏ខ្ពង់ខ្ពស់របស់អនុប្រធានាធិបតី នៃប្រទេសអារ៉ាប់រួម លោក Sheikh Mohammed Bin Rashid Al-Maktoum ដោយបានប្រគល់ពានរង្វាន់ Arab Reading Challenge ទៅឲ្យក្មេងប្រុស Mohammad Farah និងប្រាក់រង្វាន់ចំនួន ១៥០,០០០ ដុល្លារ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចំពោះប្រាក់រង្វាន់១៥០,០០០ ដុល្លារនេះ នឹងត្រូវបែងចែកជាពីរ ដោយប្រាក់ចំនួន ១០០,០០០ ដុល្លារ នឹងផ្តល់ក្នុងទម្រង់ជាប្រាក់រង្វាន់សម្រាប់អាហារូបករណ៍នៅថ្នាក់សាកលវិទ្យាល័យ ហើយប្រាក់ចំនួន ៥០,០០០ ដុល្លារទៀតនឹងផ្តល់ជាលុយសុទ្ធ ដើម្បីជាការលើកទឹកចិត្ត។

លោកអនុប្រធានាធិបតី Sheikh Mohammed នៃប្រទេសអារ៉ាប់រួម បានបង្កើតកម្មវិធី Arab Reading Challenge នេះឡើង នៅក្នុងខែកញ្ញា ឆ្នាំ២០១៥ ក្នុងគោលបំណង ដើម្បីជំរុញទឹកចិត្តទៅដល់សិស្ស រាប់លាននាក់ នៅក្នុងពិភពអារ៉ាប់ទាំងមូលឲ្យអានសៀវភៅឲ្យបាន ៥០លានក្បាល។

គួរបញ្ជាក់ថាកម្មវិធីនេះជាកម្មវិធីដ៏ធំមួយ នៅក្នុងប្រទេសអារ៉ាប់រួម ដោយមានការចូលរួមពីសំណាក់ភ្ញៀវពិសេសៗជាច្រើននាក់ មន្រ្តីរដ្ឋាភិបាល និងអ្នកចូលរួមមកពីតំបន់អារ៉ាប់ទាំងមូល៕ 

ប្រភព៖ GulfNews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]