ហ្វីលីពីន៖ បុរសពិការជើងទាំងសងខាង ជនជាតិហ្វីលីពីនម្នាក់ កំពុងតែធ្វើឲ្យគ្រប់គ្នា កោតសរសើរ និងឲ្យតម្លៃលើរូបគាត់យ៉ាងខ្លាំង ទៅលើទឹកចិត្តនៃការតស៊ូ ខិតខំប្រឹងប្រែងធ្វើការងារបែបសុចរិត ដើម្បីចិញ្ចឹមជីវិតគ្រួសារ ដោយសុខចិត្តមិនដើរសុំទានគេ ទោះស្ថិតក្នុងកាលៈទេសៈ ក្រលំបាកបែបណាក្តី។

យោងតាមប្រភពសារព័ត៌មាន Viral4Real ចេញផ្សាយកាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០១៦ កន្លងទៅនេះ បានឲ្យដឹងថា តាមរយៈម្ចាស់គណនីសង្គមហ្វេសប៊ុកឈ្មោះ Jansen Sangueza បានធ្វើការថត និងចែករំលែករូបភាពប៉ុន្មានសន្លឹក រួមជាមួយវីដេអូឃ្លីប របស់បុរសពិការជើងទាំងសងខាង មិនស្គាល់អត្តសញ្ញាណម្នាក់ នៅលើគណនីសង្គមរបស់ខ្លួនថា រូបគាត់បានធ្វើដំណើរតាមបណ្តោយផ្លូវមួយកន្លែង ស្ថិតក្នុងខេត្ត IIocos ប្រទេសហ្វីលីពីន។ ចៃដន្យរថយន្តស្រាប់តែបែកកង់ ប៉ុន្តែសំណាងល្អក៏ប្រទះឃើញ កន្លែងជួសជុលរថយន្តនៅក្បែរនោះ ហើយក៏ជិះចូលដើម្បីឲ្យផ្លាស់ប្តូរ រួចក៏ជួបបុរសកំសត់ពិការជើងទាំងសងខាងនេះតែម្តង។

ប្រភពបន្តថា លោក Sangueza រួមទាំងមិត្តភក្តិរបស់គាត់ ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញ បុរសពិការជើងខាងលើនេះ ជួសជុសរថយន្តឲ្យគាត់។ លោក Sangueza គិតថា ការងារមួយនេះ វាពិតជាពិបាកណាស់ហើយ សម្រាប់បុរសពិការជើងម្នាក់នេះ ប៉ុន្តែផ្ទុយទៅវិញ បុរសអភ័ព្វពិការជើងរូបនេះ បែរជាធ្វើការជួសជុសដោះដូរ ពោះវៀនកង់ឲ្យគាត់ បានយ៉ាងឆាប់រហ័ស មិនចាញ់អ្នកមានកាយសម្បទានគ្រប់គ្រាន់ ហើយមើលទៅ ហាក់បីដូចជាមិនមានបញ្ហាលំបាក អ្វីបន្តិចនោះឡើយចំពោះគាត់។ ពោល វាលើសពីអ្វីដែលលោក Sangueze រំពឹងទុកទៅទៀត។

ទោះបីយ៉ាងណាក្តី រូបភាពនិងវីដេអូឃ្លីប ដែលត្រូវបានបង្ហោះចែកចាយជាសាធារណៈ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមជាច្រើន កោតសរសើរពីទឹកចិត្តតស៊ូ ពីសំណាក់បុរសពិការជើងរូបនេះ ដោយពណ៌នាថា នេះពិតជាជីវិតរស់នៅដ៏សុចរិតជាទីបំផុត ហើយក៏ជាគំរូដ៏ល្អមួយក្នុងសង្គមថែមទៀតផង។

ជាចុងក្រោយ បើតាមការឲ្យដឹងពីសំណាក់ បុរសពិការមិនបញ្ចេញឈ្មោះនេះ ក៏បានឲ្យដឹងដែរថា រូបគាត់ខិតខំធ្វើការដើម្បីភរិយា រួមទាំងកូនៗ ២នាក់ទៀត ក្នុងបន្ទុកគ្រួសារ ដែលកំពុងតែរង់ចាំគាត់នៅឯផ្ទះផងដែរ ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖ 

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹគព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត បុរសម្នាក់ត្រូវបានគេប្រទះឃើញ អង្គុយលុតជង្គង់សុំទាន ក្រាបក្បាលដល់ដី នៅមុខផ្សារមួយកន្លែង ស្ថិតក្នុងក្រុង Yiwu ខេត្ត Zhejiang ប្រទេសចិន ក្នុងរូបភាពបោកបញ្ឆោតភ្នែកអ្នកដទៃ ដោយជនរូបនោះ បានក្លែងធ្វើជាជនពិការដៃម្នាក់ ជាហេតុធ្វើឲ្យអ្នកគ្រប់គ្នា មើលទៅពិតជាគួរឲ្យអាណិតអាសូរ លើរូបគាត់ជាខ្លាំង តែក្រោយពីដឹងការពិតមក ហួសចិត្តមិនស្ទើរ។

ប្រភពបន្តថា ដោយសកម្មភាពជនសុំទាន ដែលមិនស្គាល់អត្តសញ្ញាណរូបនោះ បានលេចចេញនូវរូបភាព ដែលគួរឲ្យសង្ស័យ ទើបត្រូវបានសន្តិសុខម្នាក់ ដែលយាមកាមនៅទីតាំងផ្សារនោះ ចាប់ក្របួចដោះអាវ របស់អ្នកសុំទានស្ទើរភ្លើងខាងលើនេះ ទើបដឹងថា បុរសរូបនោះ មិនមែនជាមនុស្សពិការដៃ ពិតប្រាកដឡើយ។

ជុំវិញរឿងរ៉ាវទាំងអស់នេះផងដែរ អ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានសម្តែងការខកចិត្តជាខ្លាំង នូវទង្វើដែលមិនគួរគប្បីមួយនេះ ដែលមនុស្សទូទៅ ធ្លាប់តែមានភាពអាណិតអាសូរ ទៅលើជនសុំទាន តែបែរប្រែជា ក្លែងបន្លំបោកប្រាស់ទៅវិញ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]