ចិន៖ តេឡេស្កុបយក្ស និងប្រព័ន្ធផ្លូវរថភ្លើងអាកាស Cloud Rail លឿនបំផុតក្នុងលោក សម្ពោធមិនទាន់បានប៉ុន្មានផង ពេលថ្មីៗនេះប្រទេសចិនសម្រេចបាន ស្ពានខ្សែកាបច្រើនបំផុតលើលោក មួយទៀតទៅហើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានដេលីម៉ែល កាលពីថ្ងៃទី២៥ ខែតុលាម្សិលមិញ។

ដោយសារតែភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនានា ចិនត្រូវបានគេមើលឃើញថា ជាប្រទេសដែលសម្រេចបានសំណង់ធំៗជាច្រើនជាងគេបំផុត នាពេលបច្ចុប្បននេះ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ពានខ្សែកាបច្រើនបំផុតថ្មី ដែលនឹងបញ្ចប់ការសាងសង់ ហើយដាក់ឲ្យដំណើរការនៅថ្ងៃសុក្រ ទី២៨ ខែតុលា ខាងមុខនេះ មានឈ្មោះថា Chishi ស្ថិតនៅក្នុងទីក្រុង Chishi ខេត្ត​ Henan ប្រទេសចិន។ វាត្រូវបានសាងសង់ឡើងដោយចំណាយប្រាក់អស់ចំនួន ១.៣ពាន់លានយ័ន (១៩០លានដុល្លារអាមេរិក) និងចំណាយពេលសាងសង់ចំនួន ៦ឆ្នាំ។

ស្ពាន Chishi នេះសាងសង់ឡើង ដើម្បីតភ្ជាប់ផ្លូវជាតិរវាង Xiamen និង Chendu ដែលមានប្រវែង១,៥០០ម៉ែត្រ និងកម្ពស់ជាង ២៦៩ម៉ែត្រ ដោយសាងសង់កាត់ភ្នំនៅតំបន់នោះ។ វាត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០១០ និងគ្រោងបើកឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៤ ប៉ុន្តែត្រូវបានពន្យាពេលវិញ ដោយសារមានគ្រោះថ្នាក់មួយចំនួនកើតឡើង អំឡុងពេលសាងសង់។

គួររំឮកថា មួយរយៈពេលចុងក្រោយនេះ ចិនតែងតែបង្ហាញនូវសមិទ្ធផលថ្មីៗជាច្រើនរបស់ខ្លួន ដូចជាស្ពានកញ្ចក់ដ៏វែង និងខ្ពស់ជាងគេបំផុតលើពិភពលោក ដែលមានទីតាំងស្ថិតនៅឯតំបន់ទេសចរណ៍ឧទ្យានជាតិនៃទីក្រុង Zhanjiajie ភាគខាងជើងខេត្តហួណាន បានបើកជាផ្លូវការ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។ ខណៈតេឡេស្កុបយក្សធំជាងគេរបស់ពិភពលោក មានទីតាំងនៅភាគនិរតីប្រទេសចិន បានបើកដំណើរការកាលពីថ្ងៃទី២៥ កញ្ញា ២០១៦ ផងដែរ។ ហើយសមិទ្ធផលថ្មីបំផុតមួយទៀតនោះគឺ ប្រព័ន្ធផ្លូវរថភ្លើងអាកាស Cloud Rail លឿនបំផុតក្នុងលោក ដែលទើបតែបើកដំណើរការកាលពីពេលថ្មីៗកន្លងទៅនេះដែរ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]