រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិន​ព្រម​និយាយ​ស្តី​ អ្វី​ទាំងអស់​គិតតែ​ពី​ពី​ស្រែក​ទ្រហោយំ បន្ទាប់​ពី​គាត់​ត្រូវ​ចោរឆក់​ កាបូបស្ពាយ​យក​ទៅ​បាត់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​ ១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ២៦ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១៥៥​កែង​ផ្លូវ​លេខ​៤៦០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ Velma Bangwa អាយុ​៤៨​ឆ្នាំ ជនជាតិ Sierra Leone ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។ នៅ​ក្នុង​កាបូបស្ពាយ​ដែល​ឆក់​យក​ទៅ​បាត់​នោះ​មាន​លុយ​ចំនួន​១៨០០​ដុល្លារ ទូរស័ព្ទ​ដៃ​១​គ្រឿង ប៉ា​ស្ព័​រ​១ និង​កាត ATM ១ ។

តាម​សម្តី​អ្នក​ឃើញ​ ហេតុការណ៍​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា រូប​គាត់​បានឃើញ​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ ធ្វើ​ដំណើរ​រ​ដោយ​ថ្មើរជើង​តាម​ផ្លូវ​លេខ​១៥៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​មាន​ស្ពាយ​កាបូប​១​ផង នៅ​ពេល​ដែល​គាត់​បាន​ដើរទៅ​ដល់​កែង​ផ្លូវ​លេខ​៤៦០​ ដែល​ជា​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​មក​ពីក្រោយ ពេល​ដល់​ជិត​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ​ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ ពី​ស្ត្រី​រងគ្រោះ​បាន​សម្រេច រួច​បន្ថែម​ល្បឿន​ម៉ូតូ​រត់​គេ​ចខ្លួន​បាត់​ស្រមោល ។

ខណៈនោះ​ស្ត្រី​រង​គ្រោះ​ បាន​ស្រែក​ទ្រហោយំ​ឲ្យ​គេ​ជួយ បន្ទាប់​មក​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ ឃើញ​ស្ត្រី​រូប​នោះ​ឈរ​យំ​ បាន​ឈប់​សួរនាំ ទើប​ដឹង​ថា មាន​ករណី​ឆក់​កាបូប​ក៏​ដឹក​ស្ត្រីជន​រង​គ្រោះ ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​១ ។

ប្រភព​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល ស្ត្រី​រង​គ្រោះ​គិតតែ​ពី​ស្រែកយំ ដោយ​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ ធ្វើការ​សាកសួរ​សោះ​គ្រាន់​តែ​ ប្រាប់​ថា​មាន​អ្វី​ខ្លះ​នៅ​ក្នុង​កាបូប​ស្ពាយ​ប៉ុណ្ណោះ​។ សមត្ថកិច្ច​មិនដឹង​ធ្វើ​យ៉ាងម៉េច​ ក៏​ឲ្យ​ស្ត្រី​រូប​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ សិន​ដើម្បី​រំងាប់​អារម្មណ៍ ចាំ​ព្រឹក​ឡើង​ចាំ​មក​ដាក់​ពាក្យបណ្ដឹង​ម្តងទៀត ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត សិស្សវិទ្យាល័យបឹងត្របែកម្នាក់ និងបក្ខពួក២នាក់ទៀត ទៅឆក់កាបូបពីស្ដ្រីម្នាក់ ត្រូវសមត្ថកិច្ចតាមបង្ក្រាប។

កម្លាំងនគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាសិស្សវិទ្យាល័យបឹងត្របែក និងបក្ខពួក២នាក់ទៀត បានធ្វើសកម្មភាពឆប់កាបូបដៃ ពីស្ដ្រីម្នាក់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅមុខផ្ទះលេខ៣៦ ផ្លូវ៩៩ ក្រុម២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ប៉ុន្តែភ្លាមៗនោះត្រូវបានកម្លាំង នគរបាលដេញតាមបង្ក្រាប និងចាប់ខ្លួន ខណៈបក្ខពួកទាំង២នាក់នោះ បានរត់គេចខ្លួនបាត់។

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបដៃ ពីជនរងគ្រោះដែលកំពុងជិះម៉ូតូ ជាមួយប្តី បានសម្រេច ប៉ុន្តែពេលបើកគេចនោះក៏ជ្រុល ទៅបុកម៉ូតូអ្នកដំណើរ បណ្តាលឲ្យដួលជ្រុះកាបូប ហើយត្រូវបាននគរបាល ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ចាន់ ពិសិដ្ឋ ជាសិស្សវិទ្យាល័យបឹងត្របែក រួមនឹងម៉ូតូជិះធ្វើសកម្មភាព ម៉ាក Honda C125 ព័ណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FT-9090 ព្រមទាំងដកហូតកាបូបជនរងគ្រោះ មកវិញផងដែរ ដែលក្នុងនោះមានលុយ១០ដុល្លារ ទូរស័ព្ទចុចពិល មួយគ្រឿង ចំណែកពីរនាក់ទៀតគេចខ្លួនរួចបាត់។

មន្ដ្រីដដែលបានបន្ថែមថា បើតាមចម្លើយសារភាព ពីជនសង្ស័យបានឲ្យដឹងថា បក្ខពួកដែលរត់គេចខ្លួនទាំង២នាក់ ទី១-ឈ្មោះ វង្ស ស៊ីថា អាយុ១៥ឆ្នាំ ជាអ្នកឆក់ និងទី២-ឈ្មោះ ចិន អាយុ១៩ឆ្នាំ ជាអ្នកជិះម៉ូតូបិទគូថ។ ចំណែកជនរងគ្រោះឈ្មោះ មុត ចន្ថា អាយុ៦១ឆ្នាំ ស្នាក់នៅ ផ្ទះលេខ២០៧បេ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសួរនាំ ដើម្បីស្រាវជ្រាវ រកបក្ខពួកដែលរត់គេចខ្លួន យកផ្ដន្ទាទោស តាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]