(ភ្នំពេញ)៖ តារាសម្ដែងចាស់វស្សា និងតែងតែលេចធ្លោក្នុងសកម្មភាពមនុស្សធម៌ តារាសម្ដែង សាវីន ហ្វីលីព ក្រោយពីចាកចេញពីមន្ទីរពេទ្យ បានប៉ុន្មានម៉ោងប៉ុណ្ណោះ លោកបានចេញវីដេអូមួយ បញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួន ដើម្បីឲ្យមហាជន ក៏ដូចជាអ្នកគាំទ្របានដឹង ខណៈដែលលោកបានរួចផុតពីអាយិជីវិត ដោយការសង្គ្រោះទាន់ពេលវេលា ពីសំណាក់គ្រូពេទ្យ ក្នុងមន្ទីរពេទ្យកាល់ម៉ែត។

តារាសម្ដែង សាវីន ហ្វីលីព បាននិយាយថា «ខ្ញុំបានចេញពីមន្ទីរពេទ្យកាល់ម៉ែត្រហើយ, សូមអរគុណក្រុមគ្រូពេទ្យនៅផ្នែកសង្រ្គោះបន្ទាន់ និងលោកវេជ្ជបណ្ឌិត សុវណ្ណ កន្និថា ដែលជួយសង្រ្គោះជីវិតខ្ញុំលើកទី២នេះ , លទ្ធផលចុងក្រោយលោកវេជ្ជបណ្ឌិតបញ្ជាក់ថា ខ្ញុំកើតជំងឺស្រ្តេ្តសធ្ងន់ធ្ងរ , គេងមិនលក់ ដោយធ្វើការច្រើន​​ពេក ជាមូលហេតុ​ធ្វើ​ឲ្យ​ឈាមទ្បើង​ហើយប៉ះពាល់ដល់បេះដូង , នេះជាមូលហេតុចំបងបំផុត នៃស្ថានភាពសុខភាពខ្ញុំ កាលពីថ្ងៃម្សិលមិញ ហើយមិនប៉ះ​ពាល់ដល់ការញ៉ាំ «ហ្វឺ» នៅ​ហាង ទស្សវត្ស​​ទី៦០​ទ្បើយ.។​​សូមអរគុណលោកសុះ ម៉ាច និងក្រុមបឹក្សាភិបាល របស់សមាគមសិល្បករកម្ពុជា ដែលបានមកសួរសុខទុក្ខខ្ញុំបាទ នៅព្រឹកនេះ!»។

សូមទស្សនាការបកស្រាយរបស់តារាសម្ដែង សាវីន ហ្វីលីព ដូចខាងក្រោមនេះ៖

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្ដែង​មានឈ្មោះល្បី ក្នុងការងារសិល្បៈ ក៏ដូចជាសកម្មភាមនុស្សធម៌​ ជួយដល់សង្គម ជាពិសេសការជីកអណ្ដូងទឹក ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ តាមទីដាច់ស្រយាល លោក សាវិន ហ្វីលីព បានជួបប្រទះនូហេតុការណ៍​​ នឹកស្មានមិនដល់មួយ ​ស្ទើរតែមិនរួចជីវិតទៅហើយ ខណៈដែលសម្ពាធឈាម ​របស់លោក បានឡើង​ខ្លាំងហួសកម្រិត បណ្ដាលឲ្យបេះដូងធ្វើទុក្ខខ្លាំង ស្ទើរតែគាំងលែងដំណើរការ ហើយពេលបានឆ្លងផុត ត្រូវ​ជួយសង្គ្រោះ​រួចពីគ្រោះថ្នាក់ ធ្វើឲ្យលោកគិតថា លោក​មិននឹកស្មានថា នៅមានជីវិតនោះទេ ប្រសិនបើពុំមានអ្នកជួយ​ ទាន់ពេល​វេលា​។

ថ្លែងប្រាប់ Khmertalking ពីមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី២៥ ខែតុលានេះថា នៅល្ងាចថ្ងៃទី២៤ តុលា ម្សិលមិញនេះ លោកបានជិះឡានតែម្នាក់ឯង ដើម្បីទៅរកញ៉ាំអី នៅហាងមួយកន្លែង​ក្នុងកោះពេជ្រ ប៉ុន្តែម៉ោងប្រហែល ជាង៥​ល្ងាច ក្រោយពីលោកញ៉ាំរួចរាល់បន្តិច ស្រាប់តែក្នុងខ្លួន​មានអាការត្រជាក់ចុងដៃចុងជើង សម្ពាធឈាមឡើងខ្ពស់ បេះដូងលោតលឿនខុសពីធម្មតា ថប់ៗដង្ហើម ធ្វើឲ្យលោកប្រញាប់ប្រញាល បើករថយន្តយ៉ាងលឿន ឆ្ពោះមកមន្ទីរពេទ្យ​។ ប៉ុន្តែពេលបើករថយន្ត មកដល់ម្ដុំក្រោយវាំង ដោយសារតែស្ថាន​ភាពក្នុងខ្លួន របស់លោកកាន់តែធ្ងន់ធ្ងរ លោកក៏សម្រេចចូលទៅក្នុងគ្លីនិកមួយ នៅក្បែរនោះ ដើម្បីឲ្យជួយ​ពិនិត្យ និងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត។

លោក សាវិន ហ្វីលីព ស្រដីថា «ពេលនោះខ្ញុំមានតែម្នាក់ឯង ទូរស័ព្ទក៏អត់បានយក​តាមខ្លួនទៀត ព្រោះអស់ថ្ម ទុកបញ្ចូលនៅផ្ទះ ខ្ញុំបើកឡានមកដល់​ក្រោយវាំង ខ្ញុំក៏រត់ចូលក្នុងគ្លីនិក ឲ្យលោកគ្រូពេទ្យ ជុំ ណាវុធ ពិនិត្យមើល ប៉ុន្តែពេលស្ថានភាព​ខ្ញុំ​កាន់តែដុនដាបទៅៗ ខ្ញុំក៏សុំឲ្យគាត់ជួយហៅ​​រថយន្តសង្គ្រោះបន្ទាន់ ដឹកខ្ញុំទៅមន្ទីរពេទ្យ ពេលនោះខ្ញុំគិតថា ខ្ញុំប្រហែលជា​ត្រូវស្លាប់បាត់ហើយ បើឡានពេទ្យមកយឺត​មួយជំហាន​ ព្រោះក្នុងខ្លួនរបស់ខ្ញុំ រឹងអស់រលីងទៅហើយ និងពិបាកទ្រាំមែនទែន..!»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព