រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ ជា​ប្រជា​ការពារ​ភូមិ រហស្សនាម​ «ប​ល្ល័​ង្គ​១០» ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​កូនប្រុស​២​នាក់​ផង ​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​ ដាក់​ពាក្យ​បណ្ដឹងសុំ​ឱ្យ​​នគរបាល​ ជួយ​អន្ត​រាគមន៍ ​ដោយ​បាន​ចោទប្រកាន់​ឪ​ពុក​ក្មេក​ខ្លួន​ថា​ បាន​វាយ​ធ្វើបាប​កូនប្រុស​របស់​គាត់ ​។

​បុរស​នោះ​ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកផងដែរ ហើយ​ខណៈ​ពេល​ទៅ​ដល់​ប៉ុស្ដិ៍​នគរបាល​ បាន​ស្រែកយំ​ឱប​កូនប្រុស​ ទាំង​ពីរ​នាក់​របស់​ខ្លួន និង​រៀបរាប់​ពី​ការ​អាណិតកូន និង​សុំ​ឲ្យ​នគរបាល​ចាត់ការ​ឪ​ពុក​ក្មេក​ ។ ប៉ុន្តែ​ដោយសារ​គ្មាន​របួស​ស្នាម និង​មើលទៅ​គ្រាន់តែ​វាយ​ ដោ​យរំ​ពាត់​តូចតាច ​និង​វាយ​បន្តិចបន្តួច នគរបាល​បាន​ពន្យល់​សព្វគ្រប់ ទើប​បុរស​នោះ​ចាកចេញ​ទៅ​វិញ ឈប់​ប្ដឹង​​ប្តល់ ​។

ហេតុ​ការ​ណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ​តុលា ស្ថិត​នៅ​ក្នុង​ សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

បុរស​ខាងលើ​នោះ​ឈ្មោះស៊ឹ​ម ច​ន្នី អាយុ​៣១​ឆ្នាំ រហស្សនាម «​បល្ល័ង្ក​១០» ​ជា​ប្រជា​កា​ពារ​ភូមិ​បល្ល័ង្ក ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់​ចាម មាន​ប្រពន្ធ​ឈ្មោះទូច សុ​ខឿន អាយុ​៣១​ឆ្នាំ កម្មការិនី​រោងចក្រ​កាត់ដេរ មានកូន​ប្រុស​២​នាក់ ។ ចំណែក​កូនប្រុស​ដែល​បុរស​នោះ​អះអាង​ថា ​ត្រូវឪ​ពុក​ក្មេក​វាយ​នោះ​ឈ្មោះស៊ឹ​ម មាស​សុខ​សោភា​ អាយុ​៣​ឆ្នាំ ។ រីឯ​ឪពុកក្មេកឈ្មោះទូច ម៉េ​ត អាយុ​ជាង​​៥០​ឆ្នាំ ជា​ចុងភៅ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​នោះ​ បាន​និយាយ​ទាំង​យំ​ឱប​កូន​ថា ខ្លួន​រស់នៅ​ក្នុងភូមិ​ឯណោះ​ទេ​ ហើយ​ក៏​ជា​ប្រធាន​ក្រុម​ប្រជា​ការពារ​ភូមិ​នោះ​ដែរ ប៉ុន្តែ​បាន​ឈ្លោះ​គ្នា​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ។ ​បន្ទាប់​មក​ប្រពន្ធ​របស់​គាត់ ​បាន​នាំ​កូនប្រុស​ទាំង​២​នាក់ ​រត់​ចេញពីផ្ទះ មក​ស្នាក់​នៅផ្ទះឪ​ពុក​ម្ដាយក្មេក ​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ ។​

ក្រោយមក ​ប្រពន្ធ​បាន​ចូល​ធ្វើការ​រោងចក្រ​កាត់ដេរ ដោយ​បាន​ផ្ញើរ​កូន​ឲ្យ​ឪ​ពុក​ម្ដាយក្មេក​មើល ចំណែក​គាត់​ដោយ​ជាប់​ការងារ​ មិន​បាន​មក​តាម​នោះ​ទេ រហូត​ដល់​វេលា​ល្ងាចថ្ងៃ​ទី​២៥ ​តុលា ឆ្នាំ​២០១៦ ដោយ​នឹករលឹក​កូន​ពេក ក៏​បាន​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់​ចាម មក​លេង​កូន​ ហើយ​បានឃើញ​ខ្នង​កូន​កន្ទួល ស្នាម​រំពាត់​ហើយ​ពេល​គាត់​សួរ​កូន​ប្រាប់​ថា​ ជីតា​វាយ​។

ប្រភព​ដដែល​​​បន្ត​ថា ខណៈនោះ​គាត់​អាណិតកូន​ខ្លាំង​ណាស់ ក៏​បាន​សួរនាំឪ​ពុក​ក្មេក​ពី​ហេតុផល​ដែល​វាយ​កូន​គាត់ ទើប​បង្ក​ឲ្យ​មាន​ទំនាស់​គ្នា​កើតឡើង ហើយ​ឪ​ពុក​ក្មេក​ជំរុញ​ឲ្យ​គាត់​ទៅ​ប្ដឹង​ដ​ល់ណា ​ក៏​ប្ដឹង​ទៅ ទើប​គាត់​សម្រេច​ទៅ​ប្ដឹង​ នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​បែប​នេះ​។

នគរបាល​បាន​និយាយ​ថា បុរស​នោះ​​ស្រវឹងស្រា​ខ្លាំង​និយាយ​មិនសូវ​ដឹង​អី​ទេ សូ​ម្បី​តែ​ទីលំនៅ​របស់​ឪពុកក្មេក​ ក៏​ដឹង​មិន​ច្បាស់​ដែរ ម្ដង​ថា ​នៅ​ក្នុងភូមិ​ចោម​ចៅ និង​ម្តង​ថា ​នៅ​ក្នុងភូមិ​ជ្រៃ​កោង រក​ការ​ប្រាកដប្រជា​មិនបាន​ឡើយ ។ ម្យ៉ាង​ដោយសារ​តែ​តាម​ការ​ពិនិត្យ​​ជាក់ស្ដែង ការ​ដែល​ជីតា​វាយ​នោះ ប្រើ​រំពាត់​តូចតាច​គ្មាន​របួសស្នាម គឺ​វាយ​ក្នុង​ការ​ប្រដៅ​ចៅ មិនមែន​ជា​ទារុណកម្ម ធ្ងន់ធ្ងរ​ដោយ​ការ​ស្អប់ខ្ពើម​ឡើយ​ ។

​ប៉ុន្តែ​ដោយសារ​បុរសនោះ​ កំពុង​មាន​ទំនាស់​ក្នុង​គ្រួសារ ទើប​ពេល​មាន​លេស​បន្តិចបន្តួច ក៏​បាន​ទៅ​ប្ដឹង​ចោទប្រកាន់​ ឪពុកក្មេក​ខ្លួនឯង​បែប​នេះ ហើយ​បន្ទាប់​ពី​កម្លាំង​ធ្វើការ​ពន្យល់ ទើប​គាត់​ឈប់​ប្ដឹង​ និង​បាន​ដឹក​កូនត្រឡប់​ទៅ​វិញ​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]