ចិន៖ ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹក របស់លោកគ្រូបង្រៀនម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំង ចំពោះសន្តានចិត្តដ៏ប្រពៃរបស់គាត់ លើក្មេងៗតូចៗ  ដោយរូបលោកសុខចិត្តលះបង់ក្តីសុខ និងឱកាសល្អរបស់ខ្លួន មកចាប់យកការបង្រៀន នៅតំបន់ដាច់ស្រយ៉ាល ដែលមានសិស្សរៀនត្រឹម ២ ទៅ៣នាក់ទៅវិញ។

យោងតាមប្រភពទីភ្នាក់ងារសារព័ត៌មាន CCTV ដ៏ធំរបស់ចិន បានចេញផ្សាយកាលពីតាមរយៈទំព័រហ្វេសប៊ុកផេករបស់ខ្លួន ថ្ងៃទី២៥ តុលា ២០១៦ ឲ្យដឹងថា លោកគ្រូដែលមានទឹកចិត្តដ៏ប្រពៃរូបនេះ មានឈ្មោះថា Yang Jinhua  វ័យ៥៣ឆ្នាំ ជាគ្រូបង្រៀនតែម្នាក់គត់ នៅសាលាបឋមសិក្សា Muqiao ដែលមានទីតាំងស្ថិតក្នុងស្រុក Tonggu នៃទីក្រុង Chongqing ប្រទេសចិន។ ខណៈបច្ចុប្បន្ន សាលារៀនដ៏ដាច់ស្រយ៉ាលនៅក្នុងភូមិមួយនេះ មានចំនួនសិស្សរៀនត្រឹមតែ ២នាក់ និងគ្រូបង្រៀនម្នាក់តែប៉ុណ្ណោះ។

លោកគ្រូ Yang មានបទពិសោធន៍ក្នុងការបង្រៀន អស់រយៈពេលជាង ៣៥ឆ្នាំកន្លងមកហើយ ក្រោយបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនៅអាយុ ១៨ឆ្នាំម៉្លេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា លោកគ្រូ Yang សុខចិត្តបោះបង់ឱកាស់ដ៏ល្អរបស់ខ្លួន ដែលនឹងត្រូវបង្រៀននៅសាលាធំៗក្នុងទីក្រុង ក៏ដោយសារតែរូបលោក មានទឹកចិត្តអាណិតស្រលាញ់ គិតគូរដល់ក្មេងៗតូចៗ  រស់នៅក្នុងតំបន់ដាច់ស្រយ៉ាល ដែលមិនអាច ទៅរៀនបាន ព្រោះត្រូវចំណាយរយៈពេលជាច្រើនម៉ោងក្នុងការធ្វើដំណើរ។

ទើបជាមូលហេតុធ្វើឲ្យលោកគ្រូ Yang សម្រចចិត្តបោះបង់ឱកាសដ៏ល្អសម្រាប់ខ្លួនឯងនេះ ដោយជ្រើសរើសយកការស្នាក់នៅ និងបង្រៀន ក្នុងតំបន់ដាច់ស្រយ៉ាលខាងលើ ដើម្បីឲ្យក្មេងតូចៗ មានឱកាសទទួលបាន ការសិក្សាអប់រំនៅសាលាក្បែរភូមិ របស់ពួកគេរស់នៅនេះតែម្តងទៅ។

លោកគ្រូ Yang មិនត្រឹមតែជាគ្រូដែលទទួលបន្ទុក បង្រៀនគ្រប់មុខវិជ្ជាតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែរូបគាត់ថែមទាំងមាន ភារកិច្ចជាច្រើនបន្ថែមទៀតផងដែរ។ ជាក់ស្តែង រូបគាត់បានយកចិត្តទុកដាក់ ថែទាំផ្លូវឡើងភ្នំ មកកាន់សាលារៀនយ៉ាងខ្លាង ដើម្បីធ្វើយ៉ាងណាឲ្យក្មេងៗងាយស្រួលក្នុងការធ្វើដំណើរ ពោលទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណា ក៏កូនសិស្សរបស់លោកគ្រូ អាចធ្វើដំណើរមកបានដោយសុវត្ថិភាពផងដែរ។

លើសពីនេះទៅទៀតនោះ លោកគ្រូ Yang ថែមទាំងមានសិល្បៈច្នៃប្រឌិតខ្ពស់ ដោយយកសំបកកង់រថយន្ត (ដែក) ចាស់ៗ មកចងព្យួរធ្វើជាជួងដាក់នៅក្នុងសាលា ហើយគាត់តែងតែគោះវា មុនពេលចាប់ផ្តើមចូលរៀនផងដែរ។

ជាចុងក្រោយ បើតាមការឲ្យដឹងពីសំណាក់លោកគ្រូ Yang មានប្រសាសន៍ថា រូបគាត់សន្យារួចជាស្រេច ទោះបីជាមានសិស្សរៀនតែម្នាក់ក្តី ក៏រូបគាត់នៅតែបន្តសកម្មភាព ការងារបង្រៀនមួយនេះ ដោយមិនបោះបង់ឡើយ ៕

ប្រភព៖ CCTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]