ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង កញ្ញា ស៊ីន យូប៊ិន បានបង្ហាញអារម្មណ៍ពិត ពីទុក្ខវេទនារបស់នាង ពេលសម្តែងម្តងៗ ក៏ព្រោះតែបម្រើអារម្មណ៍ទស្សនិកជន។

តារាស្រីរូបនេះ បានរៀបរាប់ ភ្ជាប់ជាមួយនឹងរូបថតហូរទឹកភ្នែកថា "ទេសភាពស្រុកស្រែស្អាត តែក្តៅសន្លប់ សិល្បៈគឺអញ្ចឹង មិនថាក្តៅ មិនថាភ្លៀង ត្រាំទឹកត្រាំភក់យ៉ាងម៉េចទេ គឺមានតែពាក្យ៣ម៉ាត់ (ត្រូវតែធ្វើ) ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ចឹងហើយសូមជួយគាំទ្រសិល្បករខ្មែរផង"

ចំពោះសម្លៀកបំពាក់ជានារីស្រុកស្រែរបស់ កញ្ញាស៊ីន យូប៊ិន ដែលអ្នកគាំទ្រ បានឃើញនោះ គឺរូបនាងកំពុងតែថតរឿង "កូនក្រមុំលោកមេឃុំជើងល្អ"ដែលតម្រូវឲ្យនាងថតដល់ខេត្តឯណោះ ដើម្បីអាចផ្តិតយកទិដ្ឋភាពស្រុកស្រែចំការពិតៗ។ 

ចំពោះតារាសម្តែងយូបិន ជាតារាស្រីមួយដួង ទើបតែប្រឡូកក្នុងវិស័យសិល្បៈ តែរូបនាងត្រូវបានផលិតកម្មជាច្រើន ហៅថតរឿងមិនចេះដាច់ ហើយជាពិសេស នាងក៏ជាដៃគូសាកសមបំផុត ជាមួយនឹងលោក ខាត់ វ៉ៃហាំង ដែលភាគច្រើន រឿងភាគ រឺខ្សែភាពយន្ត ដែលពួកគេបានសម្តែងរួមគ្នា ទទូលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រក៏សង្ឃឹមថា អ្នកទាំងពីរ នឹងអាចជាគូស្នេហ៍នឹងគ្នានៅក្រៅរឿងផងដែរ តែទោះជាយ៉ាងណា ពួកគេក៏បានអះអាងរៀងៗខ្លួនថា រវាងពួកគេទាំងពីរ ចាត់ទុកជាមិត្តរួមអាជីពតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទៀតទេ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ស្រីសាច់សកូនកាត់ចិន ដែលជាម្ចាស់ជ័យលាភីលេខ១ ជំនាន់ទី១២ ក្នុងកម្មវិធី Freshie Girl & Boy កញ្ញា ស៊ីន យូប៊ីន នេះធ្លាប់ បានបង្ហាញ អារម្មណ៍ខឹងសម្បារ ទៅលើព័ត៌មានមួយ ដែលបានចុះផ្សាយថា នាងមានស្នេហា២-៣ ក្នុងពេលតែមួយ ដកខ្លួនចេញពី មាណពកំសត់ ទៅស្រវ៉ា អ្នកមានទ្រព្យឆ្លងទ្វីប ប្រៀបដូចជាស្រីសាវ៉ា ចិត្តរេដូចស្រល់នោះ ត្រូវបាននាងចាត់ទុកថា ប្រមាថមើលងាយ កិត្តិយសរបស់នាង ក្នុងនាមជា នារីខ្មែរមួយរូប។

តាមរយៈសារវែងអន្លាយ ដែលតារាសម្តែង និងជាពិធីការិនីវ័យ២០ឆ្នាំ កញ្ញា ស៊ីន យូប៊ីន បង្ហោះនៅលើ Facebook បានសរសេរ ដោយបញ្ចេញអារម្មណ៍ ក្រេវក្រោធថា «នាងខ្ញុំ Shin yubin សូមចេញមុខបកស្រាយ ចំពោះព័ត៌មានមិនពិតមួយ ដែលថ្មីៗនេះមាន website មួយចុះផ្សាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ ថា «ស៊ីន យូប៊ីន ចោលស្នេហ៍និស្សិត ស្រវ៉ាអ្នកជំនួញឆ្លងទី្វប» ខ្ញុំសូមបញ្ជាក់ឲ្យមហាជនពិសេស fan club របស់នាងខ្ញុំឲ្យបានជ្រាបថា នាងខ្ញុំមិនបានមានស្នេហា ជាមួយនិស្សិតម្នាក់រយៈមួយឆ្នាំនោះទេ រឹតតែមិនមានអ្នកជំនួញឆ្លងទ្វីប ឯណា មកផ្គាប់ផ្គន់ផ្តល់ជំនួយដែរ...»។

តារាស្រីរូបនេះបានចោទប្រកាន់ ទៅលើការលើកឡើងខាងលើថា ជារឿងប្រឌិត និងធ្វើការវាយប្រហារ ទៅលើអ្នកសារព័ត៌មានថា « រាល់ពាក្យពេជន៍ គឺជារឿងប្រឌិត ដើម្បីផលប្រយោជន៍របស់ខ្លួន ហើយបានធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ ខ្លាំងមែនទែន ដែលក្នុងនាមខ្ញុំជានារីខ្មែរ និងជាសិល្បៈខ្មែរមួយរូប ខ្ញុំពិតជាមិនអាចទទួលយក ការប្រមាថបែបនេះបានឡើយ។ ក្នុងនាមជា អ្នកសារព័តមាន លោកប្រើប្រយោគថា ដឹងពីប្រភពមិនច្បាស់លាស់ ឬប្រភពជិតដិត.... ចង់និយាយថាពាក្យនេះគ្រាន់ តែជាលេសរបស់អស់លោក ដើម្បីបង្កាច់បង្ខូចគេ តែប៉ុន្នោះហើយអស់ លោកថាមិន អាចទាក់ទងនាងខ្ញុំ ដើម្បីបំភ្លឺបាន ប៉ុន្តែជាក់ស្តែងគឺទូរស័ព្ទ ខ្ញុំបើកជានិច្ចហើយ មិនឃើញអស់លោក call មកទេ ហើយការចុះផ្សាយក៏អស់លោក មិនបានសម្ភាសន៍នាងខ្ញុំនោះដែរ បើអស់លោកមិនបានជួយ ឲ្យសិល្បៈខ្មែររីកចម្រើនទេ គួរកុំធ្វើអោយអ្នកសិល្បៈខ្មែរ អាប់អោនដោយសារតែអស់លោក...»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន