អេហ្ស៊ីប៖ ស្រីជនជាតិអេហ្ស៊ីបម្នាក់ ទម្ងន់រហូតដល់ទៅ ៥០០គីឡូក្រាម ត្រូវបានគេចាត់ទុកថា ជាស្រ្តីដែលធាត់ជាងគេបំផុត ក្នុងពិភពលោក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ បានឲ្យដឹងថា ស្រ្តីជនជាតិអេហ្ស៊ីប នាង Iman Ahmad Abudlati មានអាយុ៣៦ឆ្នាំ រស់នៅក្នុងទីក្រុង Alexandria មិនបានចេញពីផ្ទះបានត្រឹមតែរម៉ាត់រមួលនៅលើគ្រែគេង អស់រយៈពេលជាង ២៥ឆ្នាំកន្លងមកហើយ ដោយសារតែនាងមានបញ្ហារឿងទម្ងន់ ធ្ងន់ហួសលើសប្រមាណរហូតដល់ទៅ ៥០០គីឡូក្រាមឯណោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា សព្វថ្ងៃនាង Iman Ahmad Abdulati រស់នៅដោយពឹងផ្អែក លើម្តាយនិងបងប្អូនស្រីរបស់នាង Chaymaa Abdulati ជួយមើលថែទាំជារៀងរាល់ថ្ងៃដូចជា បញ្ចុកអាហារ ផ្លាស់ប្តូរសម្លៀកបំពាក់ បោកគក់ ងូតទឹក និងបត់ដៃបថជើងជាដើម។

ដោយឡែក បើតាមប្រភពគេហទំព័រ សារព័ត៌មាន EI Arabiya ក៏បានឲ្យដឹងដែរថា នាង Iman ពេលកើតមកថ្លោសណាស់ មានទម្ងន់រហូតដល់ទៅ ៥គីឡូក្រាមឯណោះ។

Iman ត្រូវបានពិនិត្យធ្វើរោគវិនិច្ឆ័យរកឃើញថា កើតមានជំងឺម្យ៉ាងហៅថា Elephantiasis គឺជាប្រភេទជំងឺដែលឆ្លងមេរោគប៉ារ៉ាស៊ីត បង្កឲ្យអវយវៈដៃជើងឡើងហើម ឬធំខុសប្លែកពីធម្មតា។

នៅអាយុ ១១ឆ្នាំ Iman សូម្បីតែការឈរក៏មិនអាចធ្វើបានឡើយ ពោលនាងពិតជាពិបាក ក្នុងការទ្រទ្រង់ជាមួយនឹងទម្ងន់របស់ខ្លួននាងខ្លាំងណាស់ ជាហេតុធ្វើឲ្យនាងបានត្រឹមតែលូនវារ ដោយប្រើជង្គង់របស់នាងតែប៉ុណ្ណោះ។ ក្នុងឆ្នាំដដែល ដោយអកុសល Iman នាងទទួលរងជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល និងស្ថានភាពទម្ងន់កាន់តែធ្ងន់ឡើងៗនោះ ទើបតម្រូវឲ្យរូបនាងបោះបង់ការសិក្សាចោលតែម្តង។

ចាប់តាំងពីពេលនោះមក Iman នៅតែក្នុងបន្ទប់ ដោយមិនអាចធ្វើអ្វីបានទាំងអស់ រីឯទម្ងន់របស់នាង ក៏កាន់តែកើនឡើងលឿនៗខ្លាំងជាងមុន បានត្រឹមដេកនៅលើគ្រែ ក្នុងបន្ទប់ប៉ុណ្ណោះ។

មកទល់ពេលនេះ Iman មានទម្ងន់សរុប ៥០០គីឡូក្រាម ខណៈគ្រួសាររបស់នាង ក៏នឹងកំពុងតែប្រកាសអំពាវនាវ សុំរកជំនួយពីសប្បុរជន នៅលើបណ្តាញទំនាក់ទំនងសង្គម ជាពិសេសស្នើរសុំដល់លោក ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi ដើម្បីផ្តល់ជាជំនួយផ្នែកវេជ្ជសាស្រ្ត ព្យាបាលរូបនាងផងដែរ។ ព្រោះថាគ្រួសាររបស់ Iman មានការព្រួយចិត្តយ៉ាងខ្លាំង ខ្លាចក្រែងនាងនិងត្រូវស្លាប់ប្រសិនណា មិនបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ទាន់ពេលវេលាផងដែរ ៕

រូបភាព៖ នាង Iman កាលនៅតូច

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ក្មេងប្រុសទម្ងន់ ១៩២គីឡូក្រាម ញ៉ាំច្រើនពេក គ្រួសារកំពុងព្រួយបារម្ភ រកខោអាវឲ្យស្លៀកពាក់សឹងមិនបាន។ 

បើយោងតាមប្រភពបានឲ្យដឹងថា ក្មេងប្រុសឈ្មោះ Arya Perman អាយុ១០ឆ្នាំ មានទម្ងន់រហូតដល់ទៅ ១៩២គីឡូក្រាម ហើយត្រូវបានគេចាត់ទុកថា ជាក្មេងប្រុសម្នាក់ ដែលធាត់ជាងគេបំផុត នៅលើពិភពលោក។

គួរឲ្យដឹងថា ក្នុងមួយថ្ងៃក្មេងប្រុស Arya ញ៉ាំអាហារយ៉ាងច្រើន ៥ពេលក្នុងមួយថ្ងៃ ក្នុងនោះរួមមាន បាយ ត្រីងៀត សាច់គោ ស៊ុបបន្លែ និងញ៉ាំនំធ្វើពីសណ្ដែកសៀង ជាដើម ដែលទាំងនេះហើយ ជាហេតុធ្វើឲ្យគ្រួសារក្មេងប្រុសរូបនេះ ជាពិសេសម្តាយរបស់គេផ្ទាល់តែម្តង មានការព្រួយបារម្ភជាខ្លាំង ទៅលើសុខភាពរបស់គេ ដោយសារតែក្មេងនេះចេះតែធាតុទៅៗ រហូតសឹងតែធ្វើឲ្យស្រ្តីជាម្តាយ ពិបាកមើលថែ និងថែមទាំងពិបាករកសម្លៀកបំពាក់ឲ្យស្លៀក ដោយត្រឹមតែអាចស្លៀកសារ៉ុងកៅស៊ូតែប៉ុណ្ណោះ។

បើតាមការឲ្យដឹងពីស្រ្តីជាម្តាយ អ្នកស្រី Rokayah វ័យ៣៥ឆ្នាំ បានរៀបរាប់ប្រាប់ថា កូនប្រុស Arya របស់គាត់ តែងតែត្អូញត្អែរថា ពិបាកក្នុងការដកដង្ហើមជាខ្លាំង ជាហេតុធ្វើឲ្យគាត់ជាម្តាយ ត្រូវតែកាត់បន្ថយការញ៉ាំរបស់គេ ព្រោះគាត់ខ្លាចធ្វើឲ្យកូនប្រុសកាន់តែឡើងគីឡូថែមទៀត រហូតអាចប៉ះពាល់ដល់អាយុជីវិតក៏ថាបានដែរ។ ម្យ៉ាងទៀតសូម្បីតែដើរក៏ក្មេងនេះ ដើរមិនចង់កើតផង និងមិនបានចូលសាលា រៀនសូត្រដូចក្មេងឯទៀតឡើយ។

អ្នកស្រីបន្តថា «Arya ញ៉ាំអាហារច្រើនណាស់ អាហារដែលគេញ៉ាំមួយពេលៗ ស្មើមនុស្សចាស់ ឬមនុស្សពេញវ័យញ៉ាំ ២នាក់ញ៉ាំឯណោះ។ ខ្ញុំពិតជាមិនដឹងថា ត្រូវធ្វើយ៉ាងណាដើម្បីអាច បញ្ឈប់ការឡើងគីឡូរបស់គេសោះ ព្រោះខ្ញុំពិតជាបារម្ភពីសុខភាពរបស់គេណាស់» ។

ជាមួយគ្នានេះដែរ អ្នកស្រី Rokayah និងស្វាមីលោក Ade Somatri វ័យ៤៥ឆ្នាំ មុខរបរជាកសិករ បានបញ្ជាក់ប្រាប់ថា Arya ពេលកើតមកមានទម្ងន់ ត្រឹមតែ ៣,២គីឡូក្រាមតែប៉ុណ្ណោះ ប៉ុន្តែក្រោយមករូបរាងកាយរបស់គេរីកធំទៅៗ តាមវ័យលូតលាស់របស់គេគួរឲ្យកត់សម្គាល់ ជាហេតុធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង។

ទន្ទឹមនឹងនោះ គ្រួសាររបស់ក្មេងប្រុស Arya ក៏បានយកគេទៅពិគ្រោះ និងពិនិត្យជំងឺមើល នៅក្នុងស្រុកភូមិផងដែរ ប៉ុន្តែខាងក្រុមគ្រូពេទ្យ បែរជាភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនបានរកឃើញអ្វី ដែលមិនប្រក្រតីទាក់ទងទៅនឹងទម្ងន់របស់គេ ដែលគួរឲ្យខ្លាចមួយនេះឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]