(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា​ បានបន្តទៅកាន់មន្ទីរពេទ្យមិត្តភាព-សូវៀតជាថ្មីទៀត ដើម្បីតាមដានយកចិត្តទុកដាក់ពិនិត្យមើលស្ថានភាពសុខភាពជនរងគ្រោះ, នៅក្នុងពេលចុះពិនិត្យស្ថានភាពជនរងគ្រោះនោះ លោកចៅសង្កាត់បានថ្លែងប្រាប់ក្រុមគ្រួសារជនរងគ្រោះថា លោកពិតជាសុំទោសចំពោះទង្វើអចេនារបស់លោក ដែលមិននឹកស្មានថា កើតឡើងប៉ុណ្ណឹងសោះ, ហើយបានសន្យាថា នឹងដោះស្រាយបញ្ហាគ្រប់យ៉ាងជាមួយជនរងគ្រោះ។

លោកចៅសង្កាត់ព្រែកប្រា ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាសុំទោសចំពោះទង្វើអចេតនារបស់ខ្ញុំ, ខ្ញុំសន្យាថានឹងដោះស្រាយបញ្ហាគ្រប់យ៉ាងជាមួយជនរងគ្រោះ និងសូមសោកស្តាយចំពោះសកម្មភាពជ្រុលដៃរបស់ខ្ញុំ, រហូតមកដល់ពេលនេះ ស្ថានភាពជំងឺជនរងគ្រោះក៏បានធូរស្បើយផងដែរ»

ជាក់ស្តែងភ្លាមៗនៅយប់ថ្ងៃទី២៤ ខែតុលា, បន្ទាប់ពីជ្រុលដៃទះកំផ្លៀងសន្តិសុខរូបនោះហើយ, លោកចៅសង្កាត់ បានព្យាយាមយកទុកដាក់តាមដានពិនិត្យស្ថានភាព ជនរងគ្រោះ ទាំងនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ និងបន្តដល់មន្ទីរពេទ្យរុស្ស៊ី ព្រមទាំងបានជួយសម្របសម្រួល ក្នុងការព្យាបាលដល់ជនរងគ្រោះ។ ទោះបីយ៉ាងលោក ចៅសង្កាត់ បានសម្តែងការសោកស្តាយចំពោះសកម្មភាពរបស់លោក ដែលបានជ្រុលដៃទះចំក្បាលសន្តិសុខរហូតដល់ចូលមន្ទីរពេទ្យ។

ជាមួយនោះផងដែរ លោក ហួរ ហួត សូមរៀបរាប់ចំពោះរឿងរ៉ាវប៉ះពាល់ដល់សន្តិសុខ៖

ខ្ញុំសូមបញ្ជាក់ថាដំបូងឡើយករណីនេះ កើតឡើងដោយការភ័ន្តច្រលំ​ប៉ុណ្ណោះ ដែលដំណើររឿងមានដូចខាក្រោម៖

នៅវេលាម៉ោង១៧៖៤០នាទី ខ្ញុំបានបើករថយន្តត្រឡប់មកផ្ទះហើយក៏ឈប់នៅមុខផ្ទះរង់ចាំថយរថយន្តចូលក្នុងផ្ទះ គាប់ជួនមានសន្តិសុខបុរីម្នាក់ បានដេញរថយន្តរបស់ខ្ញុំអោយចេញ ដោយទុកផ្លូវឲ្យរថយន្តមេរបស់គេ (បុរី) ចេញ រួចមកខ្ញុំក៏ទៅសួរសន្តិសុខនោះថា ខ្ញុំចតមុខផ្ទះខ្ញុំ អោយខ្ញុំទៅណា? រួចហើយសន្តិសុខនោះក៏បានសុំទោសខ្ញុំ ដោយមិនបានដឹងថាផ្ទះរបស់ខ្ញុំនៅទីនេះ ពេលកំពង់ជជែកគ្នា ស្រាប់មានសន្តិសុខពីរនាក់ផ្សេងទៀត ជិះម៉ូតូមកដល់ក៏បានសួរនាំ ដោយសំេលងខ្លាំងៗពីលើម៉ូតូរួចដើរតំរង់មករកខ្ញុំ ដោយកាយវិការគិតថា នឹងមកវាយខ្ញុំ ទន្ទឹមនឹងនេះខ្ញុំនឹកស្មានថាសន្តិសុខ ដែលជិះម៉ូតូនោះមកវាយខ្ញុំ ខ្ញុំក៏បានទះចំក្បាល ធ្វើឲ្យសន្តិសុខនោះដួល រួចខ្ញុំក៏លើកសន្តិសុខនោះ ហើយក៏បានសុំទោសផងដែរ។

ក្រោយមកសន្តិសុខនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក​ និងបន្តទៅកាន់មន្ទីរពេទ្យខ្មែរ-សូវៀត ដើម្បីពិនិត្យស្ថានភាពដោយខ្ញុំបានតាមដានជាប់ជាប្រចាំ។ បច្ចុប្បន្នជនរងគ្រោះមានស្ថានភាពល្អប្រសើរហើយ។ ចំពោះហេតុការណ៍នេះខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ហើយក៏សុំការអភ័យទោស ចំពោះហេតុការណ៍ដែលបានជ្រុលដៃ ដោយការភ័ន្តច្រឡំ ហើយខ្ញុំនឹងសំរបសំរួលជួយចេញថ្លៃព្យាបាល ដល់ជនរងគ្រោះទាំងអស់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]