បរទេស៖ ទូរទស្សន៍ CNN បានផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះថា យុវជនដ៏ចម្លែកម្នាក់ មុនពេលសន្លប់និយាយភាសាកំណើត ដែលជាភាសាអង់គ្លេសសោះ ស្រាប់តែភ្ញាក់ឡើងវិញ បែរជានិយាយអេស្ប៉ាញ ឡើងស្ទាត់ទៅវិញ។

ប្រភពព័ត៌មានបានឲ្យដឹងថា យុវជននេះមានឈ្មោះថា Nsemoh អាយុ១៦ឆ្នាំ ជាសិស្សសាកលវិទ្យាល័យម្នាក់ បានសន្លប់បាត់បង់ស្មារតី កាលពីខែមុន ក្នុងអំឡុងពេលប្រកួតបាល់ទាត់មួយ ដោយសារតែមានកីឡាករម្នាក់ បានទាត់ត្រូវក្បាលរបស់គេ ។  

នៅពេលដែល Nsemoh បានភ្ញាក់ដឹងខ្លួនឡើងវិញ រូបគេបានធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបគេបានធ្វើរឿងមួយដែលមិនធ្លាប់បានធ្វើទាល់តែសោះ។ Nsemoh បែរជាអាចនិយាយភាសាអេស្ប៉ាញ យ៉ាងស្ទាត់ជំនាញ ដូចជាជនជាតិដើមអញ្ចឹង។

ប្រភពបន្តថា ឪពុកម្តាយរបស់ Nsemoh បានឲ្យដឹងថា Nsemoh អាចនិយាយភាសាអេស្ប៉ាញ បានត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ហើយគេមិនដែលនិយាយបានយ៉ាងស្ទាត់ជំនាញបែបនេះទេ រហូតដល់ពេលដែលមានហេតុការប៉ះទង្គិចនោះកើតឡើង ទើបប្រែក្លាយជាបែបនេះ។

តែទោះជាយ៉ាងណា ការនិយាយភាសាអេស្ប៉ាញ យ៉ាងស្ទាត់របស់ Nsemoh ក៏ចាប់ផ្តើមបាត់បង់ទៅវិញបន្តិចម្តងៗ ខណៈភាសាអង់គ្លេសរបស់គេ បានត្រឡប់មកវិញបន្តិចម្តងៗផងដែរ។ 

គ្រូពេទ្យបានឲ្យដឹងថា នេះគឺជាអាការៈជំងឺ ដ៏កម្រមួយ ដែលគេហៅថា អាការៈជំងឺបញ្ចេញសំឡេងបរទេស ឬ (Foreign accent syndrome) វាធ្វើឲ្យខួរក្បាលរងរបួស ផ្លាស់ប្តូរបែបបទនៃការនិយាយរបស់មនុស្ស ទៅជាភាសាផ្សេងមួយទៀត។

គួរបញ្ជាក់ថា ករណីនេះត្រូវបាកគេរាយការណ៍ថា ធ្លាប់កើតឡើងដំបូងកាលពីឆ្នាំ១៩៤១ ទៅលើស្រ្តីជនជាតិន័រវេសម្នាក់ ដែលបានរងរបួសក្បាល អំឡុងការផ្ទុះគ្រាប់បែកនៅអាឡឺម៉ង់ ដោយធ្វើឲ្យនាងអាចនិយាយភាសាអាឡឺម៉ង់ បានយ៉ាងស្ទាត់៕ 

ប្រភព៖ CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]