រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ខណៈ​អង្គុយ​លើ​ម៉ូតូ​ចាំ​គូ​ដណ្ដឹង​ចុះ​បត់ជើងតូច ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ​ឆក់​កាបូបស្ពាយ​យក​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

នារី​រង​គ្រោះ​ឈ្មោះ ជាតិ ចំរុង អាយុ​២៦​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា ស្នាក់​នៅ​ក្រោយ​ស្ថានទូត​ចិន ខណ្ឌចំការមន និង​គូ​ដណ្ដឹង​ឈ្មោះ ម៉េ​ង សែ​ល អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ម្ដុំ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ និង​គូ​ដណ្ដឹង​បាន​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FP-2045 ឌុ​ប​គ្នា​មក​ពី​ញុំ​ា​បង្អែម​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​បាន​ឈប់​ម៉ូតូ​ព្រោះ​គូ​ដណ្ដឹង​របស់​នាង​ឈឺ​បត់ជើងតូច ។ ខណៈ​ពេល​ឈប់​ម៉ូតូ​ចាំ​គូ​ដណ្ដឹង​ដើរទៅ​បត់ជើងតូច នាង​អង្គុយ​ចាំ​លើ​ម៉ូតូ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​មក​ពីក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​ខាងស្ដាំ​ដែល​នាង​ស្ពាយ​ជាប់​នៅ​នឹង​ស្មា​រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល​ទោះបីជា​ពួក​នាង​ព្យាយាម​ជិះ​ដេញ​តាម​ក៏​ដោយ​តែ​តាម​មិន​ទាន់​សោះ ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កាបូប​ដែល​ត្រូវ​ចោរឆក់​យក​ទៅ​បាត់​នោះ​មាន​ដូច​ជា អត្តសញ្ញាណបណ្ណ កាត​បុគ្គលិក និង​កាត​អេ​ធី​អឹ​ម ចំណែក​កាបូប​លុយ និង​ទូរស័ព្ទ​ដាក់​នៅ​ក្នុង​កែបម៉ូតូ​មិន​បាន​បាត់បង់​ទេ ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ និង​គូ​ដណ្ដឹង​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ស្វែងរក​របស់​ដែល​បាត់បង់ និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

កម្មការិនី​រោងចក្រ​កាត់ដេរ​ ២​នាក់​បងប្អូន​បង្កើត បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ យក​គ្រឿងអលង្កា​មាស​ទម្ងន់​២​ជី ទៅ​លក់​នៅ​ផ្សារ​ទួល​ពង្រ ដើម្បី​យក​លុយ​ផ្ញើ​ទៅ​ម្ដាយ នៅ​ឯ​ខេត្តតាកែវ សងបំណុល​ធនាគារ​។

លុះ​ក្រោយ​ពេល​ លក់​មាស​រួច​បាន​លុយ បាន​នាំ​គ្នា​ដាក់​លុយ​នោះ​រួម​នឹង​លុយ​មាន​ស្រាប់ សរុប​ចំនួន​៣៥០​ដុល្លារ នៅ​ក្នុង​កាបូបដៃ​មួយ បន្ទាប់​មក​ពួក​នាង​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ក្នុង​ផ្សារ​ទួល​ពង្រ ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល ដែល​ពួក​នាង​ជួល​ស្នាក់​នៅ​វិញ ដោយ​នាង​ប្អូន​បាន​កាន់​កាបូប​លុយ​នោះ នៅ​ក្នុង​ដៃ​ជាមួយ​ម្ហូប​ដាក់​លើ​ភ្លៅ ឯ​នាង​បង​ជា​អ្នក​ឌុ​ប​។

ពេល​នោះ​បានឃើញ​ជនសង្ស័យ​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា MSX ពណ៌​ខៀវ តាម​ពីក្រោយ​ដែរ ប៉ុន្តែ​ពួក​នាង​នឹក​ស្មានថា ជា​អ្នកដំណើរ​ធម្មតា​មិន បាន​ចាប់អារម្មណ៍​ថា​ជា​ចោរ​នោះ​ទេ លុះ​ពេល​ជិះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​នោះ ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​នោះ​បាន​សម្រេច​។ បន្ទាប់​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន គេចខ្លួន​ចូល​ទៅ​ប្លុក​ផ្ទះ​ជួល​មួយ​កន្លែង ចម្ងាយ​ពី​កន្លែង​កើតហេតុ​ជាង ១០០​ម៉ែត្រ ក៏​បាន​ផ្ដួល​ម៉ូតូ​ចោល ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៣​និង​១៥​នាទី រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នារី​រង​គ្រោះ​ខាងលើ នាង​បង​មានឈ្មោះ អេ​ង រចនា អាយុ​២១​ឆ្នាំ និង​នាង​ប្អូន​មានឈ្មោះ អេ​ង ច​ន្ថា អាយុ​១៨​ឆ្នាំ ពួក​នាង​គឺជា​កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ ហុង វ័​ន្ត និង​មានស្រុក​កំណើត​ក្នុងភូមិ​ក្រាំង​ដៃ ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ​។ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាត់បង់​កាបូប​មួយ ដែល​នៅ​ក្នុង​នោះ​មាន​លុយ​ចំនួន​៣៥០​ដុល្លារ រួម​នឹង​របស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ពួក​នាង​ទាំង​ពីរ​នាក់ ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1AT-9286 ដោយឡែក​យុវជន​ម្នាក់ ដែល​អះអាង​ថា​ខ្លួន គឺជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុង​MSX ឲ្យ​គេ​ខ្ចី​ជិះ​ធ្វើ​សកម្មភាព​ឆក់ កាបូប​នោះ ឈ្មោះ ភឿន ឆាង អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​កាត់​កញ្ចក់ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​លើក ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​កើតហេតុ​នោះ​ដែរ​។ ដោយឡែក​ម៉ូតូ​ម៉ាក​ហុងដា MSX របស់​គេ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1H-2462 ។

តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ជនសង្ស័យ ផ្ដួល​ម៉ូតូ​នោះ​ហើយ​រត់​ចោល កម្លាំង​នគរបាល​រួម​ជាមួយ​ ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ទៅ​ឡើ​ម​ព័ទ្ធ​ទីនោះ ប៉ុន្តែ​មិន​បានឃើញ​ជនសង្ស័យ​នោះ​ទេ ទើប​យក​ម៉ូតូ​នោះ​ទៅ​រក្សា​ទុក​។ ខណៈនោះ​ស្រាប់តែ​លេចមុខ​យុវជន​ឈ្មោះ ភឿន ឆាង បាន​ទៅ​ដល់ និង​បាន​អះអាង​ថា ម៉ូតូ​នោះ​ជា​របស់​ខ្លួន ដែល​បាន​ឲ្យ​មិត្តភក្ដិ​ម្នាក់​ខ្ចី​ជិះ ដោយ​មិន​បានដឹង​ថា​មិត្តភក្ដិ​នោះ ជិះ​ដើរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បែប​នេះ​ទេ​។

មិនតែប៉ុណ្ណោះ​ពួក​គេ​បាន​រាប់អាន​គ្នា​ខ្លាំង​ណាស់ កន្លង​មក​ជនសង្ស័យ ធ្លាប់​បាន​ប៉ាវ​ខ្លួន​ផឹកស៊ី​ជា​ញឹកញាប់​មក​ហើយ ដោយសារ​តែ​បែប​នេះ នៅ​ពេល​ដែល​មិត្តភក្ដិ​ម្នាក់​នោះ គ្មាន​លុយ​ត្រូវការ​លុយ ខ្លួន​បាន​ឲ្យ​ខ្ចី​កាត​គ្រី​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​ថែម​ទៀត​ផង ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​បាន​លោះ​យក​មក​វិញ​នៅឡើយ​ទេ​។

ក្រោយ​ពេល​ជន​នោះ ទៅ​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​ម៉ូតូ កម្លាំង​នគរបាល​ក៏​បាន​ឃាត់ខ្លួន​ជន​នោះ​តែ​ម្ដង ព្រោះ​ជា​អ្នក​ផ្ដល់​មធ្យោបាយ សម្រាប់​ឲ្យ​អ្នក​ដទៃ​ជិះ​ធ្វើ​សកម្មភាព​ឆក់ ហើយ​ក្រោយ​ពេល​ឃាត់ខ្លួន​ជន​នោះ បាន​ស្រែកយំ​យ៉ាង​ខ្លាំង និង​សុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​ធ្វើការ​សម្របសម្រួល ដោយ​ខ្លួន​សុខចិត្ត​ចេញ​សំណង​ដល់​ជន​រង​គ្រោះ​។ ប៉ុន្តែ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​មិន​ហ៊ាន និង​បាន​បញ្ជូន​ជន​នោះ​ទៅ​កាន់​ផ្នែក ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​ទៀត​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]