បូស្នី៖ ថ្មីៗនេះ កុមារាវ័យក្មេងដ៏ស្រស់សង្ហាម្នាក់ កំពុងតែទាញចំណាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅជាច្រើន នៅលើបណ្តាញអីុនធឺណែត ឲ្យក្រឡេកមកមើលនូវសមត្ថភាព ដ៏ពិសេសប្លែក កម្រនិងមាននរណាម្នាក់មានដូច ដោយក្មេងប្រុសរូបនេះ មានសមត្ថភាពឆក់វត្ថុធាតុលោហៈ ដែក ជាដើម ឲ្យជាប់នៅនឹងដងខ្លួនរបស់គេបាន។

យោងតាមទីភ្នាក់ងារសារព័ត៌អន្តរជាតិ ដេលីម៉ែល បានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី២៤ តុលា ឆ្នាំ២០១៦ ម្សិលមិញបានឲ្យដឹងថា កុមារាមានថាមពលពិសេស ឬ Superpower រូបនេះ មានជាតិដែលម៉ាញ៉េទិច ឬមេដែកនៅក្នុងខ្លួនឈ្មោះ Erman Delic អាយុ៥ឆ្នាំ រស់នៅក្នុងភូមិ Malešići ក្បែរទីក្រុង Gracanica នៃប្រទេសបូស្នី (Bosnian) ពិតជាក្មេងប្រុសវ័យក្មេងម្នាក់ ដែលមានទេពកោសល្យសមត្ថភាពខ្ពស់ អាចឆក់ជាប់នូវកាំបិត ស្លាបព្រា សម និងកាក់ជាដើម ឲ្យជាប់នៅនឹងទ្រូងរបស់គេបានយ៉ាងល្អមែន។

ដោយសារតែឃើញ ពីសមត្ថភាពដ៏អស្ចារ្យនេះហើយ ទើបបានជាក្រុមគ្រួសាររបស់កុមារា Erman បានថតនូវវីដេអូឃ្លីបនេះឡើង រួចបង្ហោះចែកចាយជាសាធារណៈ នៅលើបណ្តាញអីុនធឺណែត ដើម្បីឲ្យគ្រប់គ្នាបានដឹងពីសមត្ថភាព ដ៏ប្លែករបស់គេ ដោយទទួលបានអ្នកចុចចូលមើល រហូតដល់ទៅរាប់ពាន់ដងផងដែរ។

ដោយឡែក នៅចុងបញ្ចប់នៃវីដេអូឃ្លីប ដែលបង្ហាញឡើងមកនេះ គេឃើញថា មានស្លាបព្រាចំនួន៣ កាក់ចំនួន១៣ និងសម១   ឆក់ជាប់រាងកាយរបស់កុមារា Erman ខណៈនៅផ្នែកខាងក្រោយខ្នងរបស់គេវិញ ក៏ឃើញថា បានឆក់ជាប់នូវស្លាបព្រា សម និងកាក់ បានមួយចំនួនទៀតផងដែរ។

គ្រួសារ Erman ក៏បានបញ្ជូនគេ ទៅជួប​គ្រូពេទ្យផងដែរ ប៉ុន្តែបន្ទាប់ពីខាងក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និងធ្វើរោគវិនិច្ឆ័យមក គឺ Erman ពុំមានអ្វីខុសប្លែកពីធម្មតានោះទេ។ ពោល Erman មានសុខភាពល្អជាធម្មតា ដោយពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់ នៅក្នុងខ្លួនរបស់គេឡើយ។

គួរឲ្យដឹងដែរថា នេះមិនមែនជារឿងចម្លែក ហើយក៏មិនមែនជាលើកទីមួយឡើយ ដែលកុមារ Erman បានសមត្ថភាពទេព្យកោសល្យប្លែកយ៉ាងដូច្នេះនោះ។ ព្រោះថាកន្លងមកក៏ធ្លាប់មាន មនុស្សមួយចំនួនតូចទៀត ក៏មានសមត្ថភាពអស្ចារ្យបែបនេះ ដូចជារូបគេផងដែរ។ ជាក់ស្តែងកន្លងទៅ កុមារាអាយុ៩ឆ្នាំ Mehmet Sumbul នៅប្រទេសតួកគី ក៏ធ្លាប់បង្ហាញពីទេពកោសល្យសមត្ថភាព របស់ខ្លួនបែបនេះផងដែរ ៕

ទស្សនាវីដេអូ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ទាក់ទងនឹងករណីដ៏ចម្លែកប្លែកខាងលើនេះដែរ ភ្ញាក់ផ្អើលជាមួយនឹងបុរសដែកឆក់ បង្កើនសមត្ថភាពទ្វេដង ឆក់បានខ្លាំងជាងមុន។ 

បើតាមប្រភព បានឲ្យដឹងថា លោក Arun Raikar រហស្សនាម មនុស្សដែកឆក់ ជាអ្នកស្រុករស់នៅក្នុងតំបន់ Sagar នៃរដ្ឋ Madhya Pradesh ក្នុងប្រទេសឥណ្ឌា ដែលមានសមត្ថភាពខុសប្លែកពីអ្នកដទៃ កម្រនឹងមានអ្នកដែលសមត្ថភាព អាចធ្វើបានដូចគាត់ឡើយ។ ខណៈថ្មីៗនេះ ពីមួយថ្ងៃទៅមួយថ្ងៃ បុរសខ្លាំងរូបនេះ កំពុងតែក្លាយជាទីចាប់អារម្មណ៍ និងថែមទាំងមានប្រជាប្រិយភាព យ៉ាងខ្លាំងបន្ថែមទៀត ពីសំណាក់មហាជនទូទៅជាច្រើន ក្រោយពីរូបលោកបានបង្កើន និងបង្ហាញសមត្ថភាពរបស់ខ្លួន ខ្លាំងទ្វេដងច្រើនជាងមុន ដោយអាចឆក់យកឆ្នាំងអ៊ុត ដែលមានទម្ងន់ធ្ងន់ រហូតដល់ទៅជាង ៥.២៥គីឡូក្រាម ឆក់ជាប់នៅនឹងដើមទ្រូង ដោយមិនបារម្ភពីការជ្រុះធ្លាក់នោះឡើយ។

ដោយឡែក តាមរយៈខ្សែវីដេអូឃ្លីប ដែលមានបង្ហាញឡើងនេះវិញ គេឃើញថាលោក Raikar បានដើរទៅដើរមក នៅកណ្តាលហ្វូងមនុស្សជាច្រើន ដែលកំពុងតែនាំគ្នាចោមរោមឈរមើល ពីការបង្ហាញសមត្ថភាពរបស់គាត់ ដែលអាចឆក់ឆ្នាំងអ៊ុតចំនួន២ នៅជាប់នឹងដើមទ្រូងរបស់គាត់តែម្តង គួបផ្សំជាមួយនឹងការរក្សាលំនឹងរបស់គាត់ បានយ៉ាងល្អផងដែរ។ ខណៈឆ្នាំងអ៊ុតទី១ គេដឹងថាមានទម្ងន់ ៥.២៥គីឡូក្រាម ឯឆ្នាំងអ៊ុតទី២ មានទម្ងន់ ៥.២៦៦គីឡូក្រាមផងដែរ ពោលបើបូកបញ្ចូលគ្នាទៅនោះ ឆ្នាំងអ៊ុតទាំងពីរមានទម្ងន់រហូតដល់ទៅជាង ១០គីឡូក្រាមឯណោះ។ រួចក្រោយមកក៏មានការបង្ហាញ ពីសមត្ថភាពរបស់គាត់ផ្សេងទៀត ដូចជាការឆក់ជាប់នូវចំនួន ស្លាបព្រាជាច្រើន រួមទាំងដែកគោលផងដែរ។

ជាមួយគ្នានេះដែរ ខាងអាជ្ញាធរ ឬអ្នកឯកទេស នៃសៀវភៅកំណត់ត្រាពិភពលោករបស់ឥណ្ឌា Limca Book of Records ក៏បានស្នើសុំឲ្យលោក Raikar យកវីដេអូឃ្លីបរបស់គាត់នេះ ឲ្យខាង Limca Book of Records ធ្វើការពិចារណា ដើម្បីដាក់បញ្ចូលក្នុងកំណត់ពិភពលោកផងដែរ។

បើតាមការឲ្យដឹងពីលោក Raikar បានអះអាងប្រាប់ថា រូបលោកបានដឹងថា ខ្លួនឯងមានឥទ្ធិពលម៉ាញ៉េទិច (ឬមេដែក) នៅក្នុងខ្លួននេះ តាំងពីនៅក្មេងវ័យមកម៉្លេះ ពោលគឺក្នុងអំឡុងគ្រាមួយដែលគាត់ កំពុងតែលេងជាមួយនឹងមិត្តភក្តិ ស្រាប់តែត្រូវមិត្តភក្តិរបស់គាត់ ចោលស្លាបព្រាមកលើរូបគាត់ ហើយស្លាបព្រានោះបែរជា ស្រាប់តែស្អិតជាប់ នៅខ្នងគាត់ទៅវិញ។ ក្រោយពីហេតុការចម្លែកនេះហើយ ក្រុមគ្រួសាររបស់គាត់ ក៏បានយកស្លាបព្រាជាច្រើនដើម យកមកដាក់លើខ្លួនប្រាណរបស់គាត់ ដោយឃើញថាវាពិតជាស្អិតជាប់ នៅនឹងខ្លួនរបស់គាត់យ៉ាងពិតប្រាដក។ ខណៈដែរ គ្រួសាររបស់គាត់និយាយថា សូម្បីតែគ្រូពេទ្យ ក៏មិនអាចធ្វើការបកស្រាយ ឬឆ្លើយតបបាននោះឡើយ ដោយមិនដឹងថា វាបណ្តាលមកពីមូលហេតុអ្វី ឲ្យប្រាដកនោះទេ ទើបបានជាកើតមានរឿង ចម្លែកយ៉ាងដូច្នេះនោះ។

លោក Raikar បន្តថា «ដំបូងឡើយ ខ្ញុំគិតថាប្រហែលជារូបខ្ញុំ ត្រូវបណ្តាសារបស់ព្រះជាម្ចាស់ហើយ។ ប៉ុន្តែឥលូវនេះ ខ្ញុំដឹងថាតាមពិតទៅ វាគឺជាអំណោយដ៏ល្អមួយបំផុត ដែលព្រះចេស្តានៃទ្រង់ បានប្រទានឲ្យខ្ញុំទៅវិញនោះទេ»។

លើសពីនេះលោក Raikar ក៏សង្ឃឹមយ៉ាងមុតមាំថា រូបគាត់នឹងអាចជាប់ឈ្មោះ ក្នុងសៀវភៅកំណត់ត្រាពិភពលោក ស្តីពីមនុស្សនិងធម្មជាតិ របស់ប្រទេសឥណ្ឌា ឬហៅថា “Limca Book of Records” ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]