ភ្នំពេញ៖ ស្ថានភាពបេះដូងរបស់តារាសម្តែង លោក សាវីន ហ្វីលីព បានរើឡើងវិញកាលពីយប់មិញ ដែលត្រូវចូលមន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗ។

នេះមិនមែនលើកទី១នោះទេ ដែលជម្ងឺបេះដូងតារាប្រុសរូបនេះធ្វើទុក្ខ ពោលកាលពីខែសីហា រូបលោក ក៏ធ្លាប់ចូលមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ដូចគ្នាដែរ។

បើផ្អែកតាមការរៀបរាប់ ក្នុងគណនីហ្វេសប៊ុករបស់លោកសាវីន ហ្វីលីព ដែលត្រូវកូនស្រីសរសេរជំនួសបានឲ្យដឹងថា "ប៉ាខ្ញុំបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ពេលនេះកំពុងគេងនៅមន្ទីរពេទ្យ កាល់ម៉ែត្រ អាគារ "ក" បន្ទប់លេខ១១២ ប៉ាបានដឹងខ្លួនវិញហើយ គាត់កំពុងតែសំងំគេង ហើយក្រុមគ្រូពេទ្យ កំពុងបន្តតាមដានស្ថានភាពជម្ងឺរបស់គាត់ សូមជូនពរប៉ាឆាប់ជា ដើម្បីបានជូនកូនទៅរៀនដូចរាល់ព្រឹកទៀត"។ 

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែតុលាមុននេះ អ្នកនាង ប៉េងប៉ោង បានចូលមន្ទីរពេទ្យ ខណៈកាលពីយប់មិញនេះ លោកសាវីន ហ្វីលីព ក៏បានចូលមន្ទីរពេទ្យដូចគ្នា ដែលអ្នកទាំងពីរ គឺជាតួអង្គម្តាយឪពុករបស់អ្នកនាង សុខ សោម៉ាវត្តី ក្នុងខ្សែភាពយន្តថ្មី "ខូចចិត្តអាជីព" ទៀតផង។ យ៉ាងណាមិញ ខ្មែរឡូតក៏សូមជូនពរ ទៅកាន់តារាពីរដួង ឲ្យឆាប់ជាសះស្បើយពីជម្ងឺ ដើម្បីអាចមកបម្រើអារម្មណ៍មហាជន តាមរយៈការសម្តែងខ្សែភាពយន្តជាថ្មីម្តងទៀត៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាលោក សាវីន ហ្វីលីព បានចូលមន្ទីរពេទ្យ ក្រោយដួលសន្លប់នៅកន្លែងហាត់ប្រាណមួយកន្លែង។

បន្ទាប់ពីជូបគ្រោះថ្នាក់គាំងបេះដូង ដួលសន្លប់នៅកន្លែងហាត់ប្រាណមួយកន្លែង នៅភ្នំពេញហើយត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត កាលពីថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថានភាពតារាសម្តែង លោក សាវីន ហ្វីលីព បានវិលត្រឡប់មករកស្ថានភាពដើមវិញហើយ គ្រាន់តែមិនទាន់ស្រួលខ្លួន១០០ភាគរយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុសសកម្ម លើការងារមនុស្សធម៌ លោក សាវីន ហ្វីលីព បានសរសេរបញ្ជាក់ កាលពីមួយម៉ោងមុននេះថា« ខ្ញុំឆ្លងផុតពីគ្រោះថ្នាក់ ដល់ជីវិតហើយ។ អរគុណចំពោះការបារម្មណ៍ របស់ Fans បងប្អូនមិត្តភក្តិ និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួយជីវិតខ្ញុំ..! ប្រសិនបើខ្ញុំ យឺតពេលតែ១០នាទីទៀតជីវិតខ្ញុំ និងត្រូវបពា្ចប់ព្រោះសម្ពាធឈាម បានបុកឡើង រហូតដល់១៩ ។ ចង្វាក់បេះដូងរបស់ខ្ញុំ បានរលត់ឈឹងប្រៀបដូចទ្បាន រលត់ម៉ាស៊ីនកាលពីយប់មិញ!»។

បន្ថែមលើនេះ លោក សាវីន ហ្វីលីព បានប្រាប់ឲ្យដឹងដោយខ្លីទៀតថា «ពេលនេះខ្ញុំបានដឹងខ្លួនវិញហើយ។ ម្យ៉ាងទៀត ខ្ញុំមិននឹកស្មានថា ខ្លួនឯងអាចឆ្លងផុតគ្រោះថ្នាក់ ដល់ជីវិតបែបនេះទេ!»។

សូមបញ្ជាក់ថា តារាសម្តែង និងជាប្រធានមូលនិធិ «កុមារសាវិនកម្ពុជា» ដ៏មានប្រជាប្រិយភាពលេចធ្លោ តាមរយៈសកម្មភាពមនុស្សធម៌ លោក សាវីន ហ្វីលីព កាលពីល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦នេះ បានជួបហេតុការណ៍គ្រោះថ្នាក់ គាំងបេះដូង ដួលសន្លប់ នៅកន្លែងហាត់ប្រាណមួយកន្លែង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែរហូតមកទល់ពេលនេះ ស្ថានភាពជំងឺរបស់លោក បានធូស្បើយខ្លះហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព