ភ្នំពេញៈ បន្ទាប់ពីមាន បណ្តាញសារ ព័ត៌មាន ក្នុងស្រុកជាច្រើន បានបន្តចុះផ្សាយ ជាហូរហែ ពាក់ព័ន្ធទៅនឹង រឿងរ៉ាវស្នេហា របស់តារាចម្រៀងតូចច្រឡឹង រតនៈ ពិសី ថានាងកំពុងតែមានជាប់ពាក់ព័ន្ធ នឹងរឿងស្នេហា ជាមួយបុរស អាណិកជនខ្មែរ រស់នៅអាមេរិក និងបានបង្ហើបទៀតថា រតនៈ ពិសី អាចបោះបង់អាជីព ជាអ្នក សិល្បៈ សុខចិត្តចូលរោងការ ជាមួយបុរសនោះទៀតផង ។

ព័ត៌មានទាំងនោះ បានសាយភាយឡើង ធ្វើឲ្យ រតនៈ ពិសី ដេកមិនលក់បក់មិនល្ហើយ ចង់ប្រឆាំងទៅនឹងអ្វី ដែលមិនមែនជាការពិត ហើយបានកើតឡើង ចំពោះជីវិតឯកជនរបស់នាង និងបានចេញមុខប្រកាសជា ចំហរថា នាងមិនបាន ជាប់ពាក់ព័ន្ធក្នុងរឿងស្នេហា ជាមួយបុរសណាម្នាក់ឡើយ ។

ប៉ុន្តែជាធម្មតាការស្រឡាញ់ រាប់អានគ្នា ក្នុងនាមមិត្តភក្តិ មិនក្នុងនាមជាបងប្អូន គឺអាចមានជាធម្មតា ព្រោះកន្លងមកទំនាក់ទំនងនេះ តែងតែ មានយល់ច្រឡំ ទៅលើរឿងស្នេហា ពោលគឺបេះដូងរបស់នាងនៅពេលនេះ មានភាពស្អាតស្អំ មិនប្រឡាក់ ប្រឡូក នឹងរឿងស្នេហាជាមួយបុរសណាទេ ។

រតនៈ ពិសី និយាយថា “ខ្ញុំអត់ដឹងទាល់តែសោះ... ចំពោះរឿងរ៉ាវកន្លងមក ហើយខ្ញុំគិតថាវាជាពាក្យចចាមអារ៉ាម ដោយគេបានលើកដាក់លើខ្ញុំ ម្តងថាស្រឡាញ់អ្នកនេះ... ម្តងថាស្រឡាញ់អ្នកនោះ...! គឺមានជាហូរហែ តែខ្ញុំមិន ដែលមានពេលបកស្រាយប្រាប់ការពិត ចេញពីបេះដូងរបស់ខ្ញុំ ឲ្យទស្សនិកជន បានដឹងនោះទេ...! ។ ពេលនេះខ្ញុំ ចង់បញ្ជាក់ថា.. ខ្ញុំអត់មានទំនាក់ទំនងស្នេហាជាមួយ បុរសណាម្នាក់ឡើយ បេះដូងរបស់ខ្ញុំ នៅ ទំនេរ.. ព្រោះមួយថ្ងៃៗ ការងារសិល្បៈរបស់ខ្ញុំ កំពុងតែមានភាពមមាញឹក ជាពិសេសការឡើងច្រៀង តាមរយៈ ស្ថានីយទូរទស្សន៍នានា ខ្ញុំអត់ទាន់ចង់គិត ពីរឿងនេះទេ....!” ។

គួររំឭកថា កន្លងមក រតនៈ ពិសី ត្រូវបានប្រភពព័ត៌មានជាច្រើន បានលើកឡើងខុសៗគ្នា ទៅរឿងរ៉ាវស្នេហា និង បានប្រលយឲ្យដឹងថា នាងមានជាប់ពាក់ព័ន្ធ ជាមួយបុរសម្នាក់ ជាថៅកែលក់អាហារគ្រឿងសមុទ្រ និងបាន ស្វែងយល់ចិត្តគ្នា តាមរយៈការបង្កើតអនុស្សាវរីយជាច្រើន និងបានបង្ហាញខ្លួនឲ្យទស្សនិកជនបានឃើញ ពីភាព ស្និតស្នាល ជាគ្នាទៀតផង ។

ទោះជាយ៉ាងណា តារា ដែលកំពុងបោះជំហានទៅរកភាពល្បីល្បាញលើវិថីសិល្បៈ រតនៈ ពិសី ត្រូវបានប្រភព នៅកៀកកិតរូបនាងព្រលយឲ្យដឹងផ្សេងពីនេះទៀតថា សព្វថ្ងៃត្រូវបានបុរសម្នាក់ តាមឆ្វែលបេះដូងសុំស្នេហ៍ ពីនាង ដោយមិត្តភក្តិនាង តែងតែប្រទះឃើញ អ្នកទាំងពីទៅណាមកណាជាមួយគ្នា ។ លើសពីនេះ បុរសម្នាក់ នោះ ក៏ឧហ្សាហ៍ជួននាង ទៅច្រៀងតាមស្ថានីយទូរទស្សន៍នានា រាល់ពេល រតនៈ ពិសី ត្រូវឡើងឆាកតន្រ្តីម្ដងៗ ។

ប្រភពព័ត៌មានខាងលើបានបន្តទៀតថា តាមការពិតបុរសម្នាក់នោះ បានរាប់អានគ្នាជាមួយ រតនៈ ពិសី អស់ រយៈពេល ជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែថ្មីៗនេះ ប៉ុណ្ណោះដែលបុរសនោះ បានស្ដែងឲ្យឃើញពីការ យកចិត្ត ទុកដាក់ ក្នុងន័យស្នេហា ដែលបង្វែពីការរាប់អានគ្នា ។

រំលងមិនបានប៉ុន្មាន រតនៈ ពិសី ក៏បានផ្ទុះនៅដំណឹងស្នេហាថ្មីមួយទៀត ជាមួយនិងបុរសអាណិកជនខ្មែរ កំពុងតែបន្តការសិក្សានៅសហរដ្ឋអាមេរិក ហើយជារឿយៗ បុរសនោះតែងតែទំនាក់ទំនងពាក្យផ្អែមល្ហែម ជាមួយនាង រហូតមានការយល់ចិត្តថ្លើមគ្នា និងមានគម្រោង ដឹកដៃចូលរោងការទៀតផង ។

ផ្ទុយពីព័ត៌មានដែលបានបង្ហើបឲ្យដឹងខាងលើនេះ រតនៈ ពិសី បានច្រានចោលទាំងស្រុង ទៅលើរឿងរ៉ាវ និង ការជាប់ពាក់ព័ន្ធស្នេហា ព្រោះនាងមិនមែនជាអ្នក ជួបពិតប្រាកដនោះទេ នេះគ្រាន់តែជាការលើកឡើង ក្នុង បំណង បង្ខូចកេរ្តិ៍របស់នាង ដែលកំពុងតែមានសន្ទុះស្ទុះឡើង ក្នុងអាជីពសិល្បៈតែប៉ុណ្ណោះ ឯការពិតគឺគ្មាន នោះទេ។ នាងនៅតែបញ្ជាក់ពីភាពស្អាតស្អំម្ដងហើយម្ដងទៀតថា រូបនាងគ្មានជាប់ជំពាក់ វាក់វិនលើបញ្ហា បេះដូង បេះត្នោត ជាមួយបុរសណាម្នាក់នោះឡើយនៅពេលនេះ និងជាការបរិយាយមួយក្នុងន័យ ដើម្បីឲ្យ មហាជន អស់មន្ទិលសង្ស័យលើរូបនាងតទៅទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ៖ ដើមអម្ពិល(DAP):

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី