(ភ្នំពេញ)៖ តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ត្រូវបានមហាជនមើលឃើញថា រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនសូវមានទីផ្សារ ក្នុងសិល្បៈដូចមុននោះទេ ព្រោះវ័យក៏ច្រើន តារាថ្មីៗ ក៏បានប្រជែងយកទីផ្សារ ស្ទើរតែទាំងអស់ទៅហើយ។ យ៉ាងណាមិញ ថ្វីត្បិតតែ សឿ សុធារ៉ា មានវ័យជ្រេបន្តិច និងបានរៀបការរួចមានកូនទៅហើយក្ដី ប៉ុន្តែនាងកាន់តែស្រស់ស្អាត ក្រោយពី​បានកែសម្ផស្ស​ ហើយនៅតែរក្សារូបរាងដើម​បានដដែល។ ថ្មីៗនេះ សម្រាប់តារាសម្ដែង ធ្លាប់មានទីផ្សារ អ្នកនាង សឿ សុធារ៉ា បានជួបប្រទះ នូវរឿងរ៉ាវ គួរឲ្យកត់សម្គាល់មួយ ខណៈដែលម្ចាស់ហាងអនឡាញ​មួយ បានរិះគន់នាងចំៗ ក្នុងន័យបញ្ចើចបញ្ចើថា ជាតារាស៊ីមិនថ្លៃ ដូចតារាបរទេស។

អ្នកនាង សឿ សុធារ៉ា ​ត្រូវគេកត់សម្គាល់ថា កាន់តែឡូយឆាយ​ ក្នុងមួយរយៈពេលចុងក្រោយ ពោលនាងតែងតែដើរលេង ក្រៅប្រទេសញឹកញាប់ ទិញទំនិញថ្លៃៗ កប់ពពក ​កាបូបដៃ១ មានតម្លៃរាប់ពាន់ដុល្លារ ក៏នាងបានទិញប្រើដែរ ពិសេសសម្លៀកបំពាក់​ ស្លៀកសុទ្ធតែម៉ាកល្បីៗ ​ពីក្រៅប្រទេស ក្នុងនោះរ៉ូបនីមួយៗ មានតម្លៃរាប់រយដុល្លារ​ ឯណោះ។

ថ្មីៗនេះ មានហាងលក់សម្លៀកបំពាក់អនឡាញមួយ បានបង្ហោះរូបនាង ភ្ជាប់ជាមួយនឹងរ៉ូបមួយ ដែលក្នុងហាងបាននាំចូលមកលក់ ។ ប៉ុន្តែអ្នកគាំទ្រ ​សឿ សុធារ៉ា មិនអស់ចិត្តបានបង្ហោះថា «អ្នកនាង សឿ សុធារ៉ា មិនបានទិញរ៉ូប នៅក្នុងហាងនោះឡើយ គឺទិញពីក្រៅប្រទេស»។ ក្រោយពីការបង្ហោះសារ របស់អ្នកគាំទ្រ ពួកគេក៏មានការឆ្លើយឆ្លងសារ ជាមួយ​ម្ចាស់ហាងអនឡាញនោះផងដែរ​។

បន្ទាប់ពីមានការឆ្លងឆ្លើយគ្នា ជាមួយអ្នកគាំទ្រ របស់តារាសម្ដែង សឿ សុធារ៉ា រួចមក ម្ចាស់ហាងនោះបានដៀមដាមឲ្យ សឿ សុធារ៉ាថា «តារាស្រុកខ្មែរស៊ីមិនថ្លៃ ដូចតារាស្រុកគេទេ!»។ ​ជារៀងរាល់ថ្ងៃ ម្ចាស់ហាងមួយនេះ តែងតែបង្ហោះរូបតារារាល់ថ្ងៃ តែគ្មាននរណា មកតវ៉ាអី ដូចនាង សឿ សុធារ៉ា ​ទេ ព្រោះគេយល់យោគច្រើន​។ ស្របពេលនឹងម្ចាស់ហាងអនឡាញ​នេះ ក៏មានអ្នកមហាជន បាននិយាយថា គ្រាន់តែរូបថតសោះ ក៏ចិត្តកំណាញ់ម្ល៉េះ? ដោយសារតែបែបនេះ បានជាតារាស្រុកខ្មែរមិនរីកចំរើន ដូចស្រុកគេ។ ប្រិយមិត្តមួយទៀត បាននិយាយថា «នរណាហ៊ានឲ្យតម្លៃ បើគ្រាន់តែផុសរូបប៉ុណ្ណឹង ខឹងគេបាត់ទៅហើយនោះ ?»។

ទោះបីយ៉ាងណា តារាសម្ដែង អ្នកនាង សឿ សុធារ៉ា មិនបានបញ្ចេញប្រតិកម្មអ្វី តបតនោះឡើយ ពោល​នាងនៅតែស្ងៀម​ គឺមានតែអ្នកគាំទ្រ​ទេ ដែលក្លាយជាអ្នកឈឺឆ្អាល ខឹងឆេះដុំ ជំនួសនាង៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សឿ សុធារ៉ា ប្រកាសវិលចូលសិល្បៈវិញ មិនប្រាថ្នាតួឯក បន្ទាប់ពីបោះបង់ អស់ពេលច្រើនឆ្នាំ ។ គួររំលឹកផងដែរថា អតីតតារាសម្តែង អ្នកនាងសឿ សុធារ៉ា ប្រកាសវិលចូលប្រឡូក ក្នុងវិស័យសិល្បៈវិញ សុំត្រឹមតួរង ឬជាតួណាមួយ ដែលសមរម្យ ក្រោយពីបោះបង់ អស់ពេលជាច្រើនឆ្នាំ ។ ការអះអាងនេះ ត្រូវបានប្រកាសនៅពេលដែលអ្នកនាង ចូលរួមកម្មវិធីតន្ត្រីសប្បុរសធម៍ របស់សកលវិទ្យាល័យន័រតុន កាលពីពេលកន្លងទៅនេះ ។

អ្នកនាងសឿ សុធារ៉ា ភរិយាលោកសាពូន មីដាដា បាននិយាយថា ចាប់ពីពេលនេះតទៅ នាងនឹងតាំងចិត្តវិលមកប្រឡូក ក្នុងវិស័យសិល្បៈ ជាថ្មីម្តងទៀត អោយកាន់តែល្អប្រសើរជាងមុន ដោយមិនប្រាថ្នាធ្វើជាតួឯក សុំត្រឹមតួរង ឬជាតួណាមួយ ដែលសមរម្យនឹងសម្តែង ។ អ្វីដែលធ្វើឱ្យនាងខកខាន ជាច្រើនឆ្នាំមកនេះ គឺជាប់រវល់នៅមើលថែកូនស្រី សំណប់ចិត្ត ជាចំណងដៃដ៏ថ្លៃថ្លារ របស់ព្រះមុនីឥសីបានប្រទានឱ្យ។

ភរិយារូបស្រស់ របស់លោកសាពូន មីដាដា បានបន្តដោយទឹកមុខស្រស់ថ្លា ថា មកទល់ពេលនេះកូនស្រីខ្លួន មានអាយុ៥ឆ្នាំហើយ ដូច្នេះនាងមានពេលគ្រប់គ្រាន់ សម្រាប់ប្រឡូកក្នុងវិស័យនេះ ឡើងវិញ ។

ទោះយ៉ាងណា ការសម្រេចចិត្តបែបនេះ ក៏មិនទាន់មានផលិតកម្មណាមួយ មកចែរចូវដែរ សង្ឃឹមថា នាពេលខាងមុខនេះ នឹងមានការទំនាក់ទំនង មកជាហូរហែរ ។ តារាសម្តែងស្រីរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ជាថ្ងៃដែលនាងបើកទំព័រថ្មី ក្នុងកម្មវិធីតន្ត្រីសប្បុរសធម៍ របស់សកលវិទ្យាល័យន័រតុន ស្វែងរកថវិកាទៅជួយ មន្ទីរពេទ្យគន្ធបុប្ផា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា