រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៧​ ត្រូវ​បាន​នគរបាល​ខណ្ឌចំការមន​ធ្វើការ​ឡោម​ព័ទ្ធ និង​ស្ទាក់​ចាប់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព ឆក់​យក​ទូរស័ព្ទ​ពី​ជនបរទេស​ម្នាក់​ ដែល​កំពុង​តែ​ជិះ​ម៉ូតូឌុប​ និយាយ​នៅ​តាម​ផ្លូវ​នោះ ។

ហេតុការណ៍​នេះ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កើតឡើង​កាលពី​វេលា​ម៉ោង​ ១និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​ សមត្ថកិច្ច​ខណ្ឌចំការមន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ខឿន វឌ្ឍនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​ផ្សារ​ពោធិ៍​ចិន​តុង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ២-​ឈ្មោះ ភី វណ្ណៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ម្តុំ​ផ្សារ​ប៉េសេ ផ្លូវ​លេខ​៣៧១ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​ ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មួយ​គ្រឿង តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ម្តុំ​ស្តុ​ប​បូកគោ ក៏​បាន​ប្រទះ​ឃើញ​បុរស​ជនបរទេស​ម្នាក់​ កំពុងនិយាយ​ទូរស័ព្ទ​នៅ​លើ​ម៉ូតូឌុប ។

ពេល​នោះ​ពួក​គេ​ទាំង​ ២​នាក់​ក៏​បាន​ជិះ​ទៅ​ក្បែរ និង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone6 plus ពណ៌​ស​១​គ្រឿង​ពី​បុរស​ជនបរទេស​នោះ ភ្លាម​ៗ​នោះ​ជនបរទេស​រូប​នោះ​ក៏​បាន​ស្រែក​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​កម្លាំង​នគរបាល​ខណ្ឌចំការមន​ដែល​កំពុង​តែ​ធ្វើការ​ល្បាត ក៏​បាន​ស្រែក​តាម​វិទ្យុ ទាក់ទង​ធ្វើការ​ដេញ​ស្ទាក់​ចាប់​បាន​នៅ ចំណុច​ខាងលើ​ទាំង​២​នាក់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ជា​ចោរឆក់​ទូរស័ព្ទ​ដៃ​ ទាំង​២​នាក់ រួម​ទាំង​ម៉ូតូ​ដែល​ជា​មធ្យោបាយ​ ធ្វើ​សកម្មភាព​ឆក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ចំណែកឯ​ទូរស័ព្ទ​ដៃ​ម៉ាក iPhone6 plus ត្រូវ​បាន​រក្សា​ទុក​ជូន​បុរស​ជា​ជនបរទេស​រង​គ្រោះ​វិញ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត លាឈប់ពីសន្តិសុខភ្លាម បែកគំនិតឆក់ទូរស័ព្ទ IPhone មិនបានសម្រេច ត្រូវនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន។

ជនសង្ស័យម្នាក់ ទើបតែសុំគេលាឈប់ ពីក្រុមហ៊ុនសន្តិសុខមួយកន្លែង ហើយបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ដោយថ្មើរជើង ស្រាប់តែឃើញស្ត្រីរងគ្រោះឈរម្នាក់ឯង កាន់ទូរស័ព្ទ iPhone លេង ក៏បែកគំនិតឆក់ តែមិនបានសម្រេច ហើយត្រូវសមត្ថកិច្ចប៉ុស្ដិ៍ ជ្រោយចង្វារ សហការជាមួយកម្លាំងខណ្ឌ មកអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ នៅត្រង់ចំណុចជួរមាត់ទន្លេ ក្បែររង្វង់មូលនាងប្រាជ្ញបារមី ស្ថិតក្នុងក្រុម៤ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា មុនកើតហេតុស្ត្រីរង គ្រោះបានកាន់ ទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone-៤ ពណ៍ស ដោយដើរមកឈរលេងនៅជួរមាត់ទន្លេ ដែលជាចំណុចកើតហេតុ ខណៈនោះស្រាប់តែលិចមុខ ជនសង្ស័យបានដើរមក ឈរក្បែរហើយក៍ធ្វើសកម្មភាព ឆក់យកទូរស័ព្ទពីជនរងគ្រោះតែមិនបានសម្រេចឡើយដោយជនរងគ្រោះជាស្ត្រី បានដឹងខ្លួនមុននិងក្ដាប់ទូរស័ព្ទណែននិងដៃ។

លោកបន្តថា បន្ទាប់ពីជនសង្ស័យធ្វើ សកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច ហើយបម្រុងរត់គេចខ្លួន ត្រូវជនរងគ្រោះស្រែកថា ចោរៗ ផ្អើឆោឡោទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ ដើម្បីយកមកសួរនាំ។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនសួរ នាំជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបាន ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពី ជនរងគ្រោះពិតប្រាកដមែន និងទើបតែសុំក្រុមហ៊ុនលាឈប់ ពីការងារសន្តិសុខថែមទៀតផង។ ជនសង្ស័យ ត្រូវឃាត់ខ្លួនឈ្មោះ ហាប់ សុគ្រី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្រុម៦ ភូមិ១ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រីឯជនរងគ្រោះឈ្មោះ ហោរ ធានី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវIU ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបន្តឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]